Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ដាំ ដា​រី​នី ៖ ការលុបបំបាត់​រាល់​ទម្រង់ នៃ​ការរើសអើង​ប្រឆាំងនឹងនារី​ភេទ និង​បន្ត​ជំរុញ​ការអនុវត្ត​ផែនការ យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ របស់​ខ្លួន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​

spot_img

​ភ្នំពេញ ​៖ នា​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨ លោកស្រី ដាំ ដា​រី​នី រដ្ឋលេខាធិការ​ក្រសួង​ការពា​ជាតិ និង​ជា​ប្រធាន​ក្រុមការងារ​យេនឌ័រ បាន​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​១១​ចំណុច របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ឆ្នាំ​២០១៦ -២០២០ របស់​ក្រសួង​ការពារជាតិ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​។

​លោកស្រី ក៏​លើកឡើង​ពី​វិធានការ​ជាក់ស្តែង ជា​អាទិភាព ដែល​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ជំរុញ​អនុវត្ត​នៅ​ឆ្នាំ​២០១៩ ក្រោយ​ទទួលបាន​ជ័យជម្នះ ក្នុង​ការបោះឆ្នោត ថ្ងៃ​២៩ ខែកក្កដា ឆ្នាំ​២០១៨​។​

​បើ​តាម​ការ​ប្រសាសន៍​របស់​លោកស្រី ដាំ ដា​រី​នី អនុសាសន៍​១១​ចំណុច​របស់​សម្តេច​តេជោ ហ៊ុន សែន ដើម្បី​បញ្ជ្រា​បយែន​ឌ័​រ​ឆ្នាំ​២០១៦ ២០២០ មានដូចជា​៖ ១៖ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី គ្រប់​ក្រសួង ស្ថាប័ន អាជ្ញាធរ​ដែល​ដី នឹង​សង្គម​ស៊ីវិល បន្ត​ផ្សព្វផ្សាយ​អនុសញ្ញា​ស្តីពី​ការលុបបំបាត់​រាល់​ទម្រង់ នៃ​ការរើសអើង​ប្រឆាំង​នឹង​នារី​ភេទ (CEDAW) និង​ឯកសារ​ពាក់ព័ន្ធ​តាម​ព្រះរាជានុសាសន៍ សម្តេចព្រះ​មហាក្សត្រិយ៍ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះ​ប្រធានកិត្តិយស​នៃ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី និង​បន្ត​ចុះ​តាមដាន និង​អនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នានា ដើម្បី​លើក​អនុសាសន៍​ជូន​រាជរដ្ឋាភិបាល​។ គ្រប់​ក្រសួង​ស្ថាប័ន​ត្រូវ​បន្ត​ជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ របស់​ខ្លួន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

២៖ ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី ត្រូវ​បន្ត​ចុះ​សិក្សា​ស្វែងយល់​អំពី ឧបសគ្គ​រារាំង​ក្នុង​ការបំពេញ​តួនាទី និង​ភារកិច្ច​របស់​ស្ត្រី ដែល​មាន​តួនាទី​ក្នុងការ​ធ្វើ​សេចក្តីសម្រេច​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ព្រមទាំង​បន្ត​សិក្សា​ស្វែងយល់​អំពី​គោលការណ៍​សំខាន់ៗ ដែល​ចាំបាច់​សម្រាប់​ការពង្រីក​សមត្ថភាពរ​បស់​ស្ត្រី​។​

៣៖ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​(​គ​.​ជ​.​អ​.​ប​) ក្រសួងមហាផ្ទៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង​កិច្ច​នារី និង​ក្រសួង​មុខងារ​សារ​ធា​រណៈ ត្រូវ​បង្កើត​កិច្ច​សហការ​ក្នុង​ការ​បន្ត​អភិវឌ្ឍ​សមត្ថភាព ដល់​ស្ត្រី​ជា​ថ្នាក់ដឹកនាំ​ថ្នាក់ក្រោម​ជាតិ ទាក់ទង​នឹង​ផ្នែក​មគ្គុទ្ទេសក៍​ភាព ច្បាប់ និង​បទ​ប្បញ្ញត្តិ​នានា និង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​សម្រាប់​ថ្នាក់ដឹកនាំ​នារី ដើម្បី​ជួយ​ឱ្យ​ពួកគេ​អាច​បំពេញ​តួនាទី និង​ភារកិច្ច ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់ជូន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ព្រមទាំង​រៀបចំ​វគ្គ​ពិសេស​សម្រាប់​ស្ត្រី និង​ស្ត្រី​វ័យក្មេង ហើយ​វាយតម្លៃ​លទ្ធផល ឱ្យបាន​ជាក់លាក់​។​

៤៖ ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី ត្រូវ​បន្ត​ស្វែងយល់​អំពី​ស្ថានភាព​សេដ្ឋកិច្ច និង​ផលិតកម្ម​របស់​ស្ត្រី​នៅ​ជនបទ​ក្នុង​ការរក្សា​ស្ថិរភាព​សេដ្ឋកិច្ច​គ្រួសារ​ដោយ​ត្រូវ​យក​មាត្រា​ទី​១៤ នៃ​អនុសញ្ញា​ស្តីពី​ការលុបបំបាត់​រាល់​ទម្រង់ នៃ​ការរើសអើង​ប្រឆាំង​នឹង​នារី​ភេទ (CEDAW) មក​ធ្វើជា​គោល​ដើម្បី​ពិនិត្យ និង​តាមដាន​។​

៥៖ ក្រសួងមហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ ត្រូវ​បន្ត​ពង្រីក​កិច្ចសហការ​ល្អ រវាង​មន្ត្រី​នគរបាល និង​តុលាការ​ក្នុង​ការអនុវត្ត​ច្បាប់ ឱ្យបាន​ល្អ​ត្រឹមត្រូវ ទៅតាម​សមត្ថកិច្ច និង​តួនាទី ដែល​បាន​កំណត់​ក្នុង​នីតិវិធី​ច្បាប់​ជា​ធរមាន ដើម្បី​ធានា​បាន​ការស្វែងរក​យុត្តិធម៌​ជូន​ភាគី​ពាក់ព័ន្ធ ហើយ​ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​
​និង អំពើ​អាជីវកម្ម​ផ្លូវភេទ ព្រមទាំង​បទដ្ឋាន​គតិយុត្ត​នានា ដែល​ពាក់ព័ន្ធ​ទៅនឹង​សិទ្ធិ​របស់​ស្ត្រី និង​កុមារ ដល់​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​អនុវត្តន៍​ច្បាប់ ដើម​ធានា​នូវ​ភាពយុត្តិធម៌ និង​ពន្លឿន​ការដោះស្រាយ​រឿងក្តី​ឱ្យបាន​ឆាប់រហ័ស ជា​ពិសេស​សំណុំរឿង​ក្តី​ដែល​ពាក់ព័ន្ធ​នឹង​ស្ត្រី​។ ដោយឡែក​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ត្រូវ​បន្ត​ខិតខំ​ជួយ​សម្របសម្រួល ក្នុង​ការស្វែករក​សេវា​ផ្លូវច្បាប់ និង​សេវា​ផ្សេងៗ​ទៀត សម្រាប់​ផ្តល់ជូន​ដល់​ស្ត្រី​ក្រីក្រ រងគ្រោះ​ដល់​អំពើហឹង្សា​ទាំង​ក្នុងករណី​មាន​បណ្តឹង និង​ទាំង​ក្នុង​ករណី​មិន​មាន​បណ្តឹង ។​

៦៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​បន្ត​គ្រប់គ្រង​ឱ្យបាន​ម៉ត់ចត់ ចំពោះ​ក្រុមហ៊ុន​ដែល​បញ្ជូន​ពលករ ពល​ការិនី​ទៅ​ធ្វើការ​ក្រៅប្រទេស ដោយ​ត្រូវ​សហការ​ឱ្យបាន​ល្អ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ក្នុង​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង និង​អំពើ​ជួយ​ដូរ​មនុស្ស ជាពិសេស ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ អ្នក​តំណាង​ពី​ក្រៅប្រទេស ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែល​ដី ក្នុង​ការការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ពល​ក​រ ពល​ការិនី​ព្រមទាំង​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​វិធានការ​នានា ក្នុង​គោលដៅ​បង្កើន​សុ​វត្តិភាព​សម្រាប់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ចំណាកស្រុក ស្វែករក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស​។​

៧៖ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ត្រូវ​បន្ត​រៀបចំ និង​បង្កើន​គម្រោង​កម្មវិធី ដើម្បី​ជួយ​អភិវឌ្ឍ​ជនពិការ ជា ពិសេសស្ត្រី និង​កុមារ ដើម្បី​ឆ្លើយតប​ទៅ​នឹង​គោលនយោបាយ​រាជរដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍ​កម្ពុជា និង​យកចិត្តទុកដាក់​លើ​ការ​ទ​ទួ​
​ល​ថែទាំជនរងគ្រោះ​ដោយ​អំពើហឹង្សា និង​អំពើ​ជួញដូរ​មនុស្ស ជាពិសេស កុមារា និង​កុមារី​ក្នុង​មណ្ឌល និង​ក្នុង​សហគមន៍ ដោយ​សហការ​ជិតស្និទ្ធ​ជាមួយ​អង្គការ​មនុស្សធម៌ ដែល​មាន​ឆន្ទៈ មានលទ្ធភាព និង​តាមដាន​ជាប្រចាំ​។​

៨៖ ដើម្បី​រក្សា​នូវ​វប្បធម៌ ប្រពៃណី​ដ៏​ល្អ​របស់​ជាតិ ក្រសួង​ព័ត៌មាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវ​បន្ត​ត្រួតពិនិត្យ​តាមដាន​ជា​ប្រចាំ​នូវ​ខ្លឹមសារ រូបភាព និង​ការសម្តែង​នូវ​កម្មវិធី​ផ្សេងៗ ដែល​បាន​ផ្សព្វផ្សាយ​តាមរយៈ ទូរទស្សន៍ និង​វេទិការ​ផ្សេងៗ​ទៀត​។

ទន្ទឹមនឹងនេះ ក្រសួង​ព័ត៌មាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​​ត្រួតពិនិត្យ​ឱ្យបាន​ម៉ត់ចត់ និង​មាន​វិធា​ការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​ខ្លឹមសារ​និង​រូបភាព ដែល​បាន​នឹង​កំពុង​ចាក់​បញ្ជាំង​តាម​ទូរទស្សន៍ ហើយ​មាន​លក្ខណៈ​រើសអើង​ចំពោះ​ស្ត្រី បន្ទាបបន្ថោក​ប្រពៃណី វប្បធម៌ និង​តម្លៃ​ស្ត្រី​ខ្មែរ ។ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ត្រូវ​រៀបចំ​គណៈកម្មការ​ចម្រុះ​អន្តរក្រសួង ដោយ​ចាត់​វិធានការ​ក្នុង​ការទប់ស្កាត់ ផ្សព្វផ្សាយ​រូបភាព​អាសអាភាស តាមរយៈ​បច្ចេកវិជ្ជា​។ ក្រសួង​ធម្មការ និង​សាសនា ត្រូវ​បន្ត​សកម្មភាព​អប់រំ​ឱ្យបាន​ទូលំទូលាយ​ទូទាំងប្រទេស​តាមរយៈ​” នាទី​ព្រះពុទ្ធសាសនា​ផ្សាភ្ជាប់​នឹង​សង្គម​”​។​

៩៖ គ្រប់​ក្រសួង ស្ថាប័ន អាជ្ញាធរ​ដែនដី​ត្រូវ​៖​បន្ត​យកចិត្ត​ទូក​ដាក់ ក្នុងការ​បង្កើន​ចំនួន​មន្ត្រីរាជការ​ជា​ស្ត្រី​បន្ថែមទៀត និង​ការតែងតាំង​មុខតំណែង ឱ្យ​មាន​តំណាង​ស្ត្រី​នៅ​គ្រប់​រចនាសម្ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ព្រមទាំង​ជួយ​ឧបត្ថម្ភ​គាំទ្រ ទាំង​ស្មារតី មធ្យោ យបាយ ថវិកា និង​ផ្តល់​ឱកាស​ឱ្យមាន​សំឡេង​ស្ត្រី បញ្ចេញ​យោបល់​ក្នុង ការសម្រេច​តែងតាំង​។ ពិនិត្យ​ការ​តែ​តាំង​មន្ត្រីរាជការ​ជា​ស្ត្រី ដែល​មាន​សមត្ថភាព​ជំនួស​មន្ត្រី​ជា​ស្ត្រី​ចូលនិវត្តន៍ ដែល​រួមចំណែក​រក្សា​បាន​នូវ​កំណើន​ចំនួន​ស្ត្រី​ក្នុងតួនាទី​មាន​សិទ្ធិ​សម្រេច​។ បង្កើន​សមត្ថភាព​មន្ត្រី​រាជការ​ស៊ីវិល​ជា​ស្ត្រី តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ក្នុង និង​ក្រៅប្រទេស​។ យកចិត្តទុកដាក់​ជ្រើសរើស​មន្ត្រីរាជ ការ​ស៊ី វិល​ជា​ស្ត្រី សម្រាប់​បន្តវេន​លើ​គ្រប់​វិស័យ ជាពិសេស​នៅ​ថ្នាក់ក្រោម​ជាតិ​។ យកចិត្តទុកដាក់​ចំពោះ​មន្ត្រីរាជការ​ស៊ីវិល ជា​ស្ត្រី​មុន ពេល​ចូល​និវត្តន៍ ដោយ​ដំឡើង​ឋានន្តរស័ក្តិ និង​ថ្នាក់​ក្នុង​ប្រភេទ​ក្របខ័ណ្ឌ​របស់ខ្លួន តាម​អតីតភាព​ការងារ ឱ្យស្រប​តាម​គោល​ការ​។​

ស្ថាប័ន​តុលាការ និង​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ គួរ​បន្ត​ការខិតខំ​បង្កើន​ចំនួន​ក្រឡាបញ្ចី មេធាវី ចៅក្រម និង​និស្សិត​ជា​ស្ត្រី ដើម្បី​រួមចំណែក​ផ្តល់​សេវា​យុត្តិធម៍ ប្រកប​ដោយ​សមធ​ម៍ និង​ប្រសិទ្ធភាព​ចំពោះ​ករណី​មាន​អំពើហឹង្សា​លើ​ស្ត្រី និង​កុមារ​។​

១០៖ ក្រសួង​អប់រំ​យុវជន និង​កីឡា ត្រូវ​បន្ត​ពិនិត្យ​ស្រាវជ្រាវ ស្ថានភាព និស្សិត​ជា​នារី ទាំង​ការលំបាក និង​ការងាយស្រួល ទាំង​ក្នុង​កម្រិត​ឧត្តមសិក្សា និង​ក្រោយ​ឧត្តម​សិក្សា និង​ទាំង​ក្នុង​គ្រឹះស្ថាន​ឯកជន ដោយ​ត្រូវ​ធ្វើ​របាយ​ការ​ដោយឡែក ដើម្បី​មាន​វិធានការ​ដោះ ស្រាយ​។​

១១៖ ក្នុង​ការអនុវត្តន៍​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់ គប្បី​យកចិត្តទុកដាក់ ជំរុញ និង​លើកកម្ពស់​តួនាទី​ក្នុង ការចូលរួម របស់​ស្ត្រី​នៅ​គ្រប់​កម្រិត​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ធានា​ថា ស្ត្រី​ត្រូវ​ទទួលបាន​ផល ប្រយោជន៍ ពី​ការផ្តល់​សេវា​សង្គម សេវា​សេដ្ឋកិច្ច សេវា​រដ្ឋបាល និង​សេវា​សាធារណៈ ប្រកបដោយ​សមធម៌ ព្រមទាំង​ជំរុញ និង​លើក កម្ពស់​តួនាទី​ក្នុង​ការចូលរួម និង​ការទទួលបាន​សុវត្ថិភាព​ពី​ការអនុវត្ត គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ដែល​មាន​ក្រសួង​មហា ផ្ទៃ ជា​ស្នូល​ក្នុង​ការដឹកនាំ និង​សម្របសម្រួល​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×