Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជំរុញ​ឱ្យ​គ្រូឱសថបុរាណ​ខ្មែរ លើកស្ទួយ​គុណភាព​ឱសថ កុំ​ផ្សព្វផ្សាយ​ផ្ដេសផ្ដាស ភូតកុហក នាំ​ឲ្យ​ពលរដ្ឋ​អស់ជំនឿ​

spot_img

​ភ្នំពេញ ​៖ ក្នុងឱកាស​បិទ​វគ្គ​បណ្តុះបណ្តាល និង​ចែក​វិញ្ញាបនបត្រ ជូន​គ្រូ​បុរាណ​ខ្មែរ វគ្គ​៨ នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ មន្ត្រីជាន់ ខ្ពស់​សុខាភិបាល បាន​ជំរុញ​ដល់​គ្រូឱសថបុរាណ​ខ្មែរ ត្រូវ​លើកស្ទួយ​ឱថ​ស​បុរាណ ឲ្យមាន​ភាព​ល្អ​ត្រឹមត្រូវ​ឡើងវិញ ហើយ​អនុវត្ដ​ទាំងអស់គ្នា ឲ្យ​ត្រូវ​ទៅ​តាម​បទដ្ឋាន​គតិ​យុទ្ធ និង​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ផ្ដល់​នូវ​គុណភាព ប្រសិទ្ធភាព និង​សុវត្ថិភាព​ឱសថ​បុរាណ ឲ្យ​កាន់តែ​ប្រសើរ​ឡើង សម្រាប់​ព្យាបាល​ជូន​ប្រជាពលរដ្ឋ ។ “​បើសិនជា​អស់លោក ជា​គ្រូ​បុរាណ​ទាំងអស់ មិន​ខិតខំ​ពង្រឹង​ចំណេះ ដឹង ដើម្បី​បង្កើន​សមត្ថភាព​នោះទេ តើ​អ្នកណា​ដែលជា​អ្នក​ធ្វើឲ្យ​យើង​នោះ ដូច​ច្នេះ​ត្រូវ​រួបរួម​គ្នា​ស្ដារ​កេរ្ដិ៍ឈ្មោះ​ឱសថ​បុរាណ​នេះ ឲ្យបាន​ល្អ​បរិសុទ្ធ​ឡើងវិញ ដោយ​ផ្សំ​វត្ថុ​ធាតុ​ពិត​ប្រាកដ​” ​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ឌ​ឌិន អគ្គនាយក​បច្ចេកទេស​សុខាភិបាល នៃ​ក្រសួង​សុខាភិបាល បញ្ជាក់បន្ថែម​។​

​លោកស្រី​វេជ្ជបណ្ឌិត​បន្ដថា សព្វថ្ងៃ​នេះ​បណ្ដា​ប្រទេស​មួយចំនួន បាន​ប្រើប្រាស់​ថ្នាំ​ឱសថ​បុរាណ កាន់តែ​មាន​ចំនួន​ច្រើន​ទៅៗ ដូចជា​ប្រទេស​ចិន ដែល​ប្រជាពលរដ្ឋ ប្រើ​ច្រើន​រហូត​ដល់​ទៅ ១​ភាគ​៥ នៃ​ប្រព័ន្ធ​សុខាភិបាល ក្នុងនោះ​មាន​ឱសថ​បុរាណ​ជាង​៥​ពាន់​មុខ ដែល​គេ​រៀបចំ​សម្រាប់​ប្រើប្រាស់​ព្យាបាល​ប្រជាជន​គេ ប្រកបដោយ​ប្រសិទ្ធភាព ។ សូម្បី​តែ​ប្រទេស ជប៉ុន កូរ៉េ ថៃ វៀតណាម ក៏​មាន​ការរីកចម្រើន​ដែរ លើ​ផ្នែក​ឱសថ​នេះ​។ ហេតុនេះហើយ ក្រសួង​សុខាភិបាល បាន​យកចិត្ដទុកដាក់​លើ​បញ្ហា​សុខភាព​ប្រជាពលរដ្ឋ ជាពិសេស​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល ដែល​ដឹកនាំ​ដោយ លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង តែងតែ​ផ្ដល់​ការណែនាំ និង​អនុសាសន៍​ល្អៗ​ជាច្រើន ដើម្បី​ឲ្យ​យើងទាំងអស់គ្នា​គិតគូរ​ពី​រឿង​ឱសថ​បុរាណ​ទាំងនេះ ។​លើសពីនេះទៅទៀត ក្រសួង​ក៏​បាន​ដាក់ចេញ​នូវ​បទ ដ្ឋាន​គតិ​យុទ្ធ​ជាច្រើន សម្រាប់​ធ្វើ​ការត្រួតពិនិត្យ​ឱសថ​បុរាណ​ទាំង​នេះ ដើម្បី​ទាញ​យក​មក​នូវ​គុណភាព​ខ្ពស់​ក្នុង​ការព្យាបាល​ជំងឺ ។​

​លោកស្រី​បន្ថែមថា ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ គឺ​ដើម្បី​លើកស្ទួយ​វេជ្ជសាស្ដ្រឲ្យ​ល្អ​ត្រឹមត្រូវ​ឡើងវិញ ហើយ​អនុវត្ដ​ន៍​ទាំងអស់គ្នា ឲ្យ​ត្រូវ​ទៅ​តាម​បទដ្ឋាន​គតិយុត្ត និង​ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ។ វិទ្យាសាស្ដ្រ​កាន់តែ​រីកចម្រើន​កាន់តែ​លឿន ដូច្នេះ​តែ​រួមគ្នា​ធ្វើ​យ៉ាងម៉េច​ផ្ដល់​ទំនុកចិត្ដ​ដល់​ប្រជាពលរដ្ឋ គឺ​ត្រូវ​មាន​និតីវិធី​នៃ​ការព្យាបាល ក៏ដូចជា ការប្រើប្រាស់​នូវ​ឱសថ​បុរាណ​នេះ ធ្វើ​ម៉េច​ឲ្យមាន​គុណភាព ប្រសិទ្ធភាព និង​សុវត្ថិភាព ។​

​ទន្ទឹមនឹងនោះ លោក​វេជ្ជបណ្ឌិត ម៉ឹង វណ្ណា​រុំ ប្រធាន​មជ្ឈមណ្ឌល​ជាតិ ស្រាវជ្រាវ​វេជ្ជសាស្ដ្រ​បុរាណ បាន​ថ្លែង​ផងដែរ​ថា ដើម្បី​ពង្រឹង និង​ពង្រីក​នូវ​សមត្ថភាព​គ្រូឱសថបុរាណ​សមាគម យើង​នឹង​បន្ដ​រៀបចំ​នូវ​ការបណ្ដុះបណ្ដាល​គ្រូ​បុរាណ​ខ្មែរ ដោយ​មាន​ការប្រលង​ត្រឹម ត្រូវ ទៅ​តាម​វិជ្ជាជីវៈ​វេជ្ជសាស្ដ្រ​បុរាណ ដើម្បី​ធានាបាន​នូវ​ចំណេះដឹង ជំនាញ និង​អាកប្បកិរិយា​សមស្រប ក្នុង​ការផ្ដល់​សេវា​ដែល​មាន​គុណភាព ប្រសិទ្ធិភាព ប្រកប​ដោយ​ភាពជឿជាក់ ក្នុង​ការព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់​ថា គ្រូ​បុរាណ​មាន​ប្រមាណ​៥០០​នាក់ ដែល​នៅ​សេសសល់​ពី​ជំនាន់ ប៉ុល ពត តែ​ទទួលបាន​វគ្គ​បណ្ដុះបណ្ដាល កាល​នោះ​បាន​ប្រហែល ២០​នាក់ ក្រោយមក​បាន​ប្រហែល​ជាង​៣០០​នាក់ ហើយ​បាន​ប្រមូលផ្ដុំ​គ្នា​បង្កើត​ជា​សមាគម​គ្រូឱសថបុរាណ តាមរយៈ​សមាគម​នេះ ត្រូវតែ​រួបរួម​គ្នា​ដឹកនាំ​កិច្ចការ​ឱសថ​បុរាណ ឲ្យ​ដើរ​លើ​មាគ៌ា​ត្រឹមត្រូវ លុបបំបាត់​នូវ​ការ​កុហក និង​ផ្សព្វផ្សាយ​ផ្ដេសផ្ដាស​ដែល​នេះ​ជា​កត្ដា​នាំឲ្យ​ប្រជាពលរដ្ឋ ដែល​កន្លងមក​ធ្លាប់​តែ​ជឿជាក់ តែ​បែរជា​អស់ជំនឿ​ទៅ​វិញ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

  

spot_img
×