Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពៃណី​រៀបការ​

spot_img

​មាន​ជនបរទេស​ខ្លះ ជនជាតិ​ថៃ​ខ្លះ នៅ​ភូមិភាគ​កណ្ដាល បានចេញ​ទៅតាម​ជនបទ ហើយ​បានឃើញ​ពិធី​រៀបការ​បែប​ខ្មែរ ក៏​ពោលថា​ផ្សេង​ពី​ភូមិភាគ​កណ្ដាល ឬក៏​ទោះបី​ជនជាតិខ្មែរ​នៅ​ភូមិភាគ​ឦសាន​ក៏ដោយ ដែល​និយាយ​ភាសា សួយ​-​លាវ ក៏​និយាយថា ខុសប្លែក​ពី​ប្រពៃណី​របស់គេ​ដែរ​។ ដូចនេះ​អ្នកនិពន្ធ​សូម​លើក​យកមក​រៀបរៀង​នៅក្នុង​កម្មវិធី​នានា ដែល​ទាក់ទង​ទៅ​ការរៀប​មង្គល​ការជូន​ជ្រាប​ជា​បណ្ដើរៗ​។ ព្រោះថា គ្រាន់តែ​បានឃើញ​ត្រឹម​ពេល​រៀបចំ​ពិធី​មង្គល​នោះ វា​ប្លែក​រួចទៅហើយ ហើយ​នៅមាន​ចំណែក​ដែល​មិនបាន​ឃើញ​ទៀត វា​ចម្លែក​យ៉ាងណា​? ដូចជា​ជំនឿ ប្រស្នា​ផ្សេងៗ ពាក្យសួរ​ចែចូវ​រវាង​គ្នា​និង​គ្នា ទាំងអស់នេះ​សុទ្ធសឹងតែ​គួរ​ជ្រាប​ដោយ​ទូលំទូលាយ​ស៊ីជម្រៅ​ថែមទៀត​ផង​។​

ការ​ជ្រើស​គូ​

​និយាយឱ្យចំ​ទៅ ខ្មែរ​មិនមែនជា​មនុស្ស​ប្រកែប្រកាន់​ខ្លួន​ទេ ពី​បុរាណ​កន្លង​យូរ​មកហើយ ជនជាតិខ្មែរ​មិន​បំបិទ​សិទ្ធិសេរីភាព​មនុស្ស​ឡើយ គេ​បានផ្ដល់​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង​ក្នុង​ការដែល​ជ្រើសរើស គូស្រករ​មក​ធ្វើជា​គ្នា​នោះ​។ គេ​បាន​សិក្សា​ពី​និស្ស័យ ចិត្តគំនិត​រវាង​គ្នា​នឹង​គ្នា ក្រមុំ​កំលោះ ដែល​លាវ​ហៅថា អ៊ែ​វ​សាវ​-(​កៀវ​សាវ​) ហើយ​ខ្មែរ​ហៅថា​ទៅលេង​ក្រមា​(​លេងស្រី​)​។​

​សម័យមុន​ការ «​លេង​ក្រមុំ​» នេះ​សង្កេតឃើញ​មាន​ជាទូទៅ ហើយ​សូម្បីតែ​ក្នុង​អត្ថបទ​កំណាព្យ ភ្លេង​ចម្រៀង​ប្រពៃណី ប្រជា​ប្រី​យ៍ ភាគច្រើន​ក៏មាន​និយាយ​ពី​ការ​ដើរលេង សួរនាំ​ជាមួយ​ស្រីៗ​ដែរ​។ ប៉ុន្ដែ​គេ​ច្រើន​ដើរ​ពី​ក្បាល​ព្រលប់ ចំណែកឯ​ស្រី​វិញ​ច្រើនតែ​ចេញមក​បុក​អង្ករ​នៅ​ទីលាន​មុខផ្ទះ ហើយ​កំលោះ​គេ​មាន​គ្រឿង​តន្ដ្រី​របស់គេ​ដូចជាៈ ខ្លុយ​, គែន​, អង្កួច​, (​គ្រឿង​តន្ដ្រី​ដែល​ប្រើ​មាត់ ហើយ​វាយ ឬ​ផ្ទាត់​ទៅក្នុង​មាត់​) អ្នកខ្លះ​ក៏​ហួច , ខ្លះ​ក៏​ផ្លុំស្លឹក ទៅតាម​ការដែល​គេ​ស្ទាត់ជំនាញ​។ នៅពេលដែល​ទៅដល់​ផ្ទះ​ខាង​ស្រី បើសិនជា​អ្នកភូមិផង​របង​ជាមួយគ្នា គេ​ក៏​ចូល​អង្គុយ​ជជែក​លេង ញ៉េះញ៉ោះ​នាយអាយ ឬក៏​ជួយ​ធ្វើ​ការងារ​ផ្សេងៗ ដូចជា​បុក​អង្ករ ឬក៏​ធ្វើ​អ្វី​ផ្សេងៗ​ទៀត​។ រីឯ​អ្នក​ម្ចាស់ផ្ទះ​ក៏​លើក​ពានស្លា​ម្លូ​, បារី​ស្លឹកចេក​មក​ដាក់​ទទួលភ្ញៀវ​។ ភាគច្រើន​សម័យបុរាណ​នោះ គេ​យក​ហឹបស្លា​(​ប្រអប់​ស្លា​) មកឱ្យ​ទាំងអស់​តែម្ដង ហើយ​នៅក្នុង​ទំនុកច្រៀង​ប្រពៃណី​មាន​ច្រើនណាស់​ដែល​កំលោះ ស្រែក​សុំ​ស្លា​ពី​ក្រមុំ​ដើម្បី​ទំពា​ស៊ី​, បើសិនជា​នាង​ឱ្យ​នោះ សម្ដែង​ថា​មាន​មេត្រីចិត្ត​ដល់​គ្នា​និង​គ្នា​។​

​នៅពេល​ថ្ងៃត្រង់ នាងក្រមុំ​មក​អង្គុយ​ត្បាញសំពត់ កំលោះ​ក៏​ទៅ​អង្គុយចាំ​ជជែក​លេង ទោះបីជា​កណ្ដាលយប់​ក្ដី ក្នុង​ករណីខ្លះ​នាងក្រមុំ​ក៏​រវៃអំបោះ ឬ​សូត្រ ឯកំ​លោះៗ​ក៏​ឡើងទៅ​ជជែក​លេង​លើផ្ទះ​តែម្ដង​។​

​ការដែល​ផ្ដល់ឱកាស​ជិតស្និទ្ធ​គ្នា​នេះ​មាន​ច្រើន​សភាព​ណាស់ ដូចជា​នៅពេល​ចប់​ការដក​ស្ទូង ច្រូតស្រូវ បោក​បែន បញ្ជាន់ស្រូវ ហើយ ឬក៏​នៅពេល​មានបុណ្យ​សុន្ទ​ទាន​ផ្សេងៗ​ជាដើម​។​

​កំលោះ​មកពី​ភូមិ​ស្រុក​ដទៃ​ក៏​មក​ទាក់ទង​នឹង​ក្រមុំ​ភូមិ​នេះ​ដូចគ្នា​ដែរ​។ គ្រាន់តែ​មិនសូវ​ស្គាល់គ្នា​ច្បាស់​ប៉ុណ្ណោះ ម្ចាស់ផ្ទះ​ច្រើនតែ​ក្រាលកន្ទេល​ទទួល​ដាក់ ទឹក លើក​ពានបារី ហឹប ឬ​កន្ដ្រក​ស្លា​មក​ទទួលភ្ញៀវ ហើយក៏​ជជែក​សួរនាំ​គ្នា​ដើម្បី​ដឹង​ចិ​ត្ដ​ដឹង​ថ្លើម​គ្នា​ម្ដង​បន្ដិចៗ​ទៅ​។​

​ការដែល​ទៅទាក់ទង​រក​គូស្រករ​នេះ ប្រើ​ពេលវេលា​សន្សឹមៗ​ដើម្បី​សម្គាល់​គ្នា​អស់​ពេល​ជា​យូរ ហើយ​ត្រូវ​ស៊ើប​ម្ដង​បន្ដិចៗ ស្រាវជ្រាវ​ឱ្យដឹងពី​ប្រ​វ​តិ្ដ​ពង្សាវតារ ពូជ​អម្បូរ​របស់​សាមីខ្លួន​។ ត្រូវ​ទៅឱ្យ​ស្គាល់​ជាមួយ​ញាតិសន្ដាន​បងប្អូន​របស់​គ្នា​ទាំងសងខាង ទៅ​មើល​ផ្ទះសម្បែង​ទាំងសងខាង​ទៅវិញទៅមក ដូចជា​សុភាសិត​ខ្មែរ​បានចែង​ទុក​មក​ថា «​ធ្វើស្រែ​ឱ្យមើល​ស្មៅ ទុកដាក់​កូនចៅ​ឱ្យមើល​ផៅសន្ដាន​» បានន័យថា បើ​ក្មេង​នោះ​ល្អ​គឺ​ញាតិ​មិ​ត្ដ​ល្អ កូនចៅ​ក៏​នឹងមាន​មារយាទ​ល្អ​ដែរ ហើយ​នោះ​បានន័យថា សម័យបុរាណ​ស្រី​រៀនសូត្រ​នៅ​ជាមួយ​ម្ដាយ​ជាធំ កិច្ចការ​នានា​សព្វសារពើ​គឺ​រៀន​ចេញពី​ឳ​ពុក​ម្ដាយ​ក្នុង​គ្រួសារ ព្រោះថា​ជំនាន់​នោះ​គ្មាន​សាលារៀន​ដូច​សព្វថ្ងៃនេះ​ទេ​។ បើ​គ្រួសារ​ល្អ មាន​ឳ​ពុក​ម្ដាយ​ត្រឹមត្រូវ មាន​វង្ស​ត្រកូល​ល្អ នោះ​កូន​ក៏​មិន​ឃ្លាតឆ្ងាយ​ពី​ឳ​ពុក​ម្ដាយ​ប៉ុន្មាន​ឡើយ​«​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​»​។​

បើ​សង្កេត​ទៅ​ឃើញថា ខុស​សម័យនេះ​ឆ្ងាយ​ណាស់ អ្នកខ្លះ​ក៏​ស្គាល់គ្នា​តាម​ដងផ្លូវ តាម​ផ្សារ​។​ល​។ មិនដែល​តាមមើល ដល់​ញាតិសន្ដាន​សាច់​សា​ហោ​ហិត បងប្អូន​ឳ​ពុក​ម្ដាយ ឬក៏​ស្គាល់​ដល់ផ្ទះ​ម្ដងណា​ឡើយ​។ ក៏​ស្រាប់តែ​ត្រូវដង​ត្រូវផ្លែ​តែម្ដង ត្រង់​នេះឯង​ហើយ​គឺជា​សភាព​ប្រែប្រួល​។ ពី​សម័យមុន​នោះ ប្រសិនបើ​កំលោះ​ក្រមុំ​ស្រឡាញ់គ្នា តែ​គ្មាន​ប្រាក់កាស ក៏​កើត​មានរឿង​ពង្រត់​យក​ស្រី​ទៅ ការដែល​ពង្រត់​យក​ស្រី​សម័យមុន គឺ​គេ​ពង្រត់​យកទៅ​ធ្វើ​ប្រពន្ធ​ពិត​ប្រក​ដ​មែន មិនមែន​បាន​ត្រឹម​បំផ្លាញ​អនាគត​គ្នា ហើយ​បោះបង់ចោល​គ្នា​ដូច​សម័យនេះ​ទេ​។ សម័យមុន​នោះ គ្រាន់តែ​ប្រុស​ណា​មក ឬ​ទៅ​ប៉ះ​ដៃ ឬ​ចាប់ដៃ​តែ​បន្ដិចបន្ដួច ក៏​ខុស​ខ្មោច​មេបា​ដែរ ត្រូវតែ​ស្ងោរ​មាន់​សូម​ខមាទោស​មេបា​។​

​ការ​រត់តាម​ប្រុស​ក៏មាន​ខ្លះ ស្ថិតនៅ​ក្នុងករណី​ដែល​ស្រី​ជា​សង្សារ​បាន​យល់​ពី​ជម្រៅ​បេះដូង​បុរស​នោះ​ច្បាស់​ណាស់ ហើយ​ប្រុស​នោះ​ក្រ​ទ័ល​លំបាក​ខ្លាំងណាស់ គ្មាន​សមត្ថភាព​អ្វី​នឹង​ទៅ​ចូល​ស្ដីដណ្ដឹង​។ គឺ​ចូល​តាមផ្លូវ​ទៅតាម​ប្រពៃណី​បានឡើយ ព្រោះថា​បើតាម​ទំនៀមទម្លាប់​ប្រពៃណី​នោះ គឺ​ត្រូវ​ចំណាយ​មាសប្រាក់​ច្រើន​គួរសម​ដែរ​។​ដូច្នេះ​ដល់​តែ​ទីទ័លក្រ​ពេក ក៏​បបួលគ្នា​រត់ ខាង​ស្រី​ស្រឡាញ់​ផង អាណិត​ផង ដឹង​ច្បាស់​ពី​ជម្រៅ​ស្នេហ៍​ពិត ក៏​ព្រម​រត់តាម​ទៅ​។ ប៉ុន្ដែ​គេ​មិនដែល​ធ្លាប់​នាំទៅ​បញ្ឆោត​លក់​ជា​បន្ដបន្ទាប់​ដូច​យ៉ាង​សព្វថ្ងៃនេះ​ទេ គឺ​គេ​យកទៅ​ធ្វើជា​ភរិយា​យ៉ាងពិត​ប្រាកដ ហើយ​ក្រោយមក​ក៏​នាំគ្នា​មក​ក្រាប​សូម​ខមាទោស​ឳ​ពុក​ម្ដាយ ប៉ែក​ខាង​ស្រី​ក៏​ចាត់​ពិធី​រៀប​ការឱ្យ​ល្មមតែ​អាចធ្វើ​ទៅបាន ហើយ​ក្នុងករណី​ពង្រត់គ្នា​ហើយ​ត្រឡប់មកវិញ ខាង​ស្រី​គ្មាន​បង្គាប់​ជំនូន​ចំណងដៃ​អ្វី​ឡើយ គឺ​ស្រេច​តែ​ខាង​ប្រុស​នឹង​ផ្ដល់ឱ្យ​តែប៉ុណ្ណោះ​។​

​យ៉ាងណា​ក៏ដោយចុះ ទោះបីជា​ផ្ដល់​សេរីភាព​នៅក្នុង​ការ​ទៅ​បង្កើន​ភាពស្និទ្ធស្នាល​គ្នា​និង​គ្នា​ដើម្បី​ជ្រើសរើស​ដោយ​ខ្លួនឯង​ក្ដី​។ ជំនឿ​នៅក្នុង​ហោរាសាស្ដ្រ​ក៏​នៅមាន​តួនាទី​ចូលមក​ជ្រែក​ជាប់​នៅឡើយ ដោយ​ភាគច្រើន​មើល​ឱ្យដឹងថា កើត​ឆ្នាំ​អ្វី សម​ពង្ស​ធាតុ សម​ពង្ស​នាគព័ន្ធ ទៅជា​អ្វី​នឹង​គ្នា​នៅ​ខាង​ណាៗ កន្ទុយ​ក្បាល​, ដងខ្លួន ល្អ​ឬ​អាក្រក់​ផងដែរ​។ ហើយ​ក្បួន​នោះ​មាននៅ​ក្នុង​តម្រា​ព្រហ្មជាតិ​រួច​អស់​ទៅហើយ ។ ម្ចាស់​ជំនឿ​នេះ​ធ្លាប់​មក​ធ្វើឱ្យ​គូស្នេហ៍​ដែល​ស្រឡាញ់គ្នា បាន​រៀបការ​នឹង​គ្នា​ជាច្រើន​ណាស់​មកហើយ​។​

​នៅក្នុង​រឿង​ម្យ៉ាងទៀត គឺ​គេ​មើលឃើញថា មនុស្ស​នោះឯង​ជា​មនុស្ស​ជំពូក​អ្នកមាន​រោគ​កាមគុណ​ដែរឬទេ​? ដូចជា​កើត​ស្វាយ ប្រមេះ ទាមឡា​… ឬក៏​មាន​ជំងឺ​រីងរៃ រ៉ាំរ៉ៃ ត​ត្រកូល​ដែរឬទេ​? បើសិន​ជាមាន​មែន គេ​មិនឱ្យ​យក​ឡើយ ។​ដូច្នេះហើយ ទើប​គេ​ត្រូវការ​ឱ្យមាន​អ្នក​ចាស់ទុំ អ្នកធំ​អាយុ​ច្រើនជាង​ជួយ​រើស​ជួយ​មើល​ឱ្យបាន​ស៊ីជម្រៅ ឱ្យបាន​វែងឆ្ងាយ​ថែមទៀត ទើបបាន​ក្លាយទៅជា​រឿង​មួយ​ល្អ​ដែរ ក្នុង​រឿង​ទំនៀម​បែបនេះ ដោយហេតុថា ការ​រើសយក​អ្នក​ដែល​គ្មាន​រោគ​ឆ្លង​នានា​ដែល​កាច​សាហាវ​។ តែ​ក៏មាន​ចំណែក​ខ្លះ​មិនល្អ​ដែរ ដូចជា​រើសយក​ទៅតាម​បែប​សត្វ​សេដ្ឋី ដោយ​សម្លឹង​ឃើញ​មាសប្រាក់ ទ្រព្យសម្បត្ដិ​ជាធំ ហើយក៏​ក្លាយទៅជា​ការលក់​កូនក្រមុំ​ទៅវិញ បែបនេះ​ក៏​មិនល្អ​ទាំងអស់​ដែរ នោះ​គឺជា​ការនិយាយ​រំឭក​ឡើងវិញ​ខ្លះ​ឱ្យ​បានទូល​ទូលំទូលាយ ដែល​អាចមាន​ខ្លះៗ​ទៅហើយ​មក​ជូនជ្រាប​។​ព្រោះថា រឿង​ពិត​នៅក្នុង​សង្គម​អាចមាន​រួចស្រេច​ទៅហើយ នៅក្នុង​នោះ​មានរឿង​អក្សរ​សី​ល្ប៍ ឬ​វណ្ណ​កម្ម​ទាំងឡាយ​ដែល​ខ្ញុំ​បាន​អាន​ប្រទះ​នោះ រឿង​ខ្លះ​ក៏បាន​ឆ្លុះ​ឱ្យឃើញ​នូវ​ការលើកសរសើរ​អំពី​ស្ដ្រី​ដែល​ពូកែ​ក្នុង​កិច្ចការងារ តែ​ក៏​មិនសូវ​លើកសរសើរ​ពី​សម្រស់​រូបរាង​របស់​នាង​ឱ្យ​ណាស់ណា​ទេ គឺ​គេ​គ្រាន់តែ​ធ្វើការ​ប្រៀបធៀប​បន្ដិចបន្ដួច​ប៉ុណ្ណោះ ដូចជា​ភក្ដ្រា​ផូរផង់​ដូច​ចន្ទ នេត្រា​ខ្មៅក្រឹប​ដូច​និលរ័ត្ន បបូរមាត់​ស្ដើង​ដូច​ក្លែប​ក្រូច ចង្កេះ​រាវ​ស្ដួច​ដូច​អង្ក្រង​។​ល​។ និង​។​ល​។ តែ​ក៏​មានន័យ​មួយ​ទៅហើយ ដូចជា​រឿង​ទុំ​ទាវ ដែល​គេ​លើក​ឡើងជា​ស្ដ្រី​ល្អ​ដាច់​គេ​នៅក្នុង​នគរ ហើយ​ត្រូវបាន​ព្រះរាជា​ជ្រើសរើស​ធ្វើជា​ស្នំ​នៅក្នុង​រាជវាំង​យ៉ាងនេះ​ក៏មានដែរ ហើយ​នៅក្នុង​បទ​ចម្រៀង​ប្រពៃណី​ក៏មាន​ច្រើន ដោយ​ពុំ​សូវ​លើក​ពី​សម្រស់​រូបសម្បត្តិ​ប៉ុន្មាន​ទេ តែ​គេ​ច្រើន​សង្កត់ធ្ងន់​ទៅលើ​ការ​ប្រសព្វ​ក្នុង​កិច្ចការ​ផ្សេងៗ ដើម្បី​ជួយ​ជា​កម្លាំង​ដល់​ស្វាមី ក្នុង​ការរកស៊ី​ចិញ្ចឹមជីវិត ដូចនេះ​ខ្មែរ​បាន​សម្គាល់​ច្បាស់​លើ​ការ​ប៉ិនប្រសប់​ពូកែ​ខាង​កិច្ច​ការសំខាន់​ជាង​រូប​សម្ផស្ស​ស្រស់ស្អាត​៕

នីសា

spot_img
×