Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ឧកញ៉ា និង​ឈ្មួញ​ដី​មានទ្រព្យ​មួយក្រុម​នៅ​ខេត្ត​ព្រះសីហនុ នៅតែ​អាច​បន្ត​សកម្មភាព​ដឹក​ដី​ចាក់​លុប​ព្រែក​ធម្មជាតិ​ធ្វើ​កម្មសិទ្ធិ​អនាធិបតេយ្យ​

spot_img

​ខេត្ត​ព្រះសីហនុ ៖ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​រិះគន់​ចំពោះ​ចំពោះ​ចំណាត់ការ របស់​រដ្ឋបាល​ខេត្ត​នេះ ដែល​កន្លងមក​បាន​អនុញ្ញាត​ឲ្យ​បុគ្គល​មានអំណាច និង​មានទ្រព្យ មាន​ងារ​ជា​ឧកញ៉ា អាច​ធ្វើ​សកម្មភាព​ល្មើស​ច្បាប់​ដឹក​ដី​ចាក់​រំលោភ​យក​ដី​ចំណី​មាត់​បឹង អូរ មាត់សមុទ្រ ដីភ្នំ និង​ដី​ចំណី​មាត់​ព្រែក​ធម្មជាតិ​ជាដើម រំលោភ​យក​ធ្វើ​សកម្ម​សិទ្ធិ​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការហាមឃាត់​។​

​ពលរដ្ឋ​កត់សម្គាល់ថា ជា​បន្តបន្ទាប់​មក​នេះ​ឃើញ​មានកម្ម​ភាព របស់​បុគ្គល​មានអំណាច និង​ឧកញ៉ា​មាន​ទ្រព្យ បាន​បន្ត​ដឹក​ដី​ចាក់​រំលោភ​យក​ដី​ឆ្នេរ ចំណី​បឹង អូរ ព្រែក​ធម្មជាតិ និង​កាយ​ដីភ្នំ​ជាដើម នៅ​តាម​ទីតាំង​មួយចំនួន​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​បាន​កើតមាន​អនាធិបតេយ្យ និង​មិន​សូវ​ឃើញ​មាន​អាជ្ញាធរ​ចុះ​ហាមឃាត់​ទេ​។​ប៉ុន្តែ​បើ​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ គ្មាន​ខ្នងបង្អែក ដែល​តស៊ូ​មតិ​ការពារ​​​ដីធ្លី​របស់​ខ្លួន​ធ្លាប់​រស់នៅ​យូរ​ឆ្នាំ ដែល​ត្រូវ​អ្នក​មានទ្រព្យ និង​ឧកញ៉ា​មួយចំនួន​ឃុបឃិត​ជាមួយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​លួច​ធ្វើ​ប្លង់​រំលោភ​យក​យក​ទាំង​អ​យុត្តិធ៌ម បែរជា​ត្រូវបាន​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​មាន​កងរាជអាវុធហត្ថ​ជាដើម បញ្ជូន​កម្លាំង​ចុះ​ចាប់ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ផ្តន្ទាទោស និង​ដាក់​ជាប់គុក​ច្រវ៉ា​ជា​បន្តបន្ទាប់ ទៅ​តាម​បណ្តឹង របស់​បុគ្គល​មានអំណាច និង​អ្នក​មានទ្រព្យ​មាន​ងារ​ជា​ឧកញ៉ា​ជាដើម មាន​សកម្មភាព​យ៉ាង​ឆាប់រ​ហ័យ​បំផុត​។​

​យ៉ាងនេះ​ក្តី​ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ បានបង្ហាញ​ការកោតសរសើរ ចំពោះ​សកម្មភាព របស់ លោក យឹម សុខ​សំ​អូន អភិបាលរង​ស្រុក​ព្រៃនប់ ដែល​កាលពី​រសៀល​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨ បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ទប់ស្កាត់​សកម្មភាព របស់​បុគ្គល​មាន​ទ្រព្យ និង​ឧកញ៉ា​ឈ្មួញ​ដី ដែល​បាន​ដឹក​ដី​ចាក់​លុប​ព្រែក​ធម្មជាតិ​មួយ​កន្លែង​ធ្វើ​ស​កម្មសិទ្ធិ មាន​ទីតាំង​នៅ​ក្បែរ​វត្ត​អូរត្រេះ ស្ថិតក្នុង​គគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​។

​ពលរដ្ឋ​អះអាងថា ភាពអនាធិបតេយ្យ របស់​បុគ្គល​ឈ្មួញ​ដី និង​ឧកញ៉ា​មួយក្រុម​នា​ខេត្ត​ព្រះសីហនុ ដែលមាន ឈ្មោះ​កាន់កាប់​ដី​ស្ទើរ​គ្រប់​តំបន់​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ គឺ​កន្លងមកនេះ​បាន​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង ដោយ​មាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ឈាន​ទៅ​ចេញ​ប្លង់​កម្មសិទ្ធិ កាន់កាប់​ដី​សាធារណៈ​របស់​រដ្ឋ​មានដូចជា​៖ ដី​ចំណី​មាត់​បឹង​ធម្មជាតិ​- អូរ​ធម្មជាតិ​- ព្រែក​ធម្មជាតិ​។ ដី​ចំណី​ឆ្នេរសមុទ្រ និង​ដីភ្នំ​ជាដើម ដោយ​រំលោភ​ទៅលើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្ងន់ធ្ងរ ប៉ុន្តែ​ជន​ទាំងនោះ មិន​ដែល​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​នោះ​ទេ​។

​ជាក់ស្តែង​ពលរដ្ឋ​បាន​លើក​ជា​ឧទាហរណ៍​ថា មានដូចជា​សកម្មភាព​ដឹក​ដី​ចាក់​រំលោភ​យក​ដី​ចំណី​ព្រែក​ធម្មជាតិ​ចំនួន​៤០​ម៉ែត្រ និង​រំលោភ​យក​ដី​ចំណី​ផ្លូវ​សាធារណៈ​ធ្វើ​កម្មសិទ្ធិ​ឯកជន របស់​ឈ្មួញ​ដី និង​ឧកញ៉ា​ឈ្មួញ​ដី​មួយក្រុម ដែល​កំពុង​ធ្វើ​សកម្មភាព ដឹក​ដី​ចាក់​រំលោភ​យក​ព្រែក​ធម្មជាតិ នៅ​ក្បែរ​វត្ត​អូរត្រេះ ស្ថិតក្នុងភូមិ​គគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជា​តឹកតាង​ស្រាប់​។​

​ករណី​ខាងលើ​នេះ លោក យឹម សុខ​សំ​អូន អភិបាលរង​ស្រុក​ព្រៃនប់ មានប្រសាសន៍ថា បទល្មើស​ដឹក​ដី​ចាក់​លុប​ព្រែក​ខាង​លើ​នេះ ផ្តើម​ដោយ​បុគ្គល​មួយ​ក្រុម​នៅ​ជិត​វត្ត​អូរត្រេះ គឺ​លោក​បាន​ឲ្យ​ក្រុមការងារ​ចុះ​ឃាត់​សកម្មភាព​ដឹក​ដី​ចាក់លុ​បព្រែក​ធម្មជាតិ និង​ផ្អាក​រាល់​សកម្មភាព​សាងសង់​សំណង់​ផ្សេងៗ​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨​។​

ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​សាទរ ចំពោះ​ចំណាត់ការ របស់ លោក យឹម សំ​អូន អភិបាលរង​ស្រុក​ព្រៃនប់ ដែល​បាន​ចុះ​ផ្អាក​សកម្មភាព​ចាក់ដី​លុប​ព្រែក​ធម្មជាតិ ផ្តើម​ដោយ​ក្រុម​ឧកញ៉ា និង​ក្រុម​អ្នកមាន​លុយ​មួយក្រុម រស់នៅ​ខេត្ត​ព្រះសីហនុ ដែល​អ្នកយកព័ត៌មាន​គេហទំព័រ cen.com.kh ស្នើ​សុំ​លាក់​ឈ្មោះ​ជា​បណ្តោះអាសន្ន​សិន​។ ប៉ុន្តែ​នៅក្នុង​ចំណោម​បុគ្គល​ឈ្មួញ​ដី​មួយ​ក្រុម​ខាងលើ គឺ​មាន​បុគ្គល​ខ្លះ​ក៏​កំពុង​បំរើ​ការងារ​នៅក្នុង​ស្ថាប័ន​សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ និង​មាន​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត កំពុង​បំរើ​ការងារ​នៅក្រោម​ឱវាទ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ចូល​ដៃ​ចូល​ជើង​ជាមួយ​ក្រុម​ឈ្មួញ​ដឹក​ដី​ចាក់​លុប​ព្រែក​ធម្មជាតិ នៅ​ជិត​វត្ត​អូរត្រេះ​ខាងលើ​នេះ​ផង​ដែរ​។​

​ទាក់ទិន​ការចោទប្រកាន់​ខាងលើ ក្រុម​ឈ្មួញ​ដី និង​ឧកញ៉ា​មានទ្រព្យ​មួយក្រុម បាន​ប្រលយប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ប្រចាំខេត្ត​ព្រះសីហនុ​ថា ពួកគេ​មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ក្នុងការ​ដឹក​ដី​ចាក់​លុប​ព្រែក​ធម្មជាតិ នៅ​ក្បែរ​វត្ត​អូរត្រេះ ស្ថិតក្នុង​ភូមិ​គគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ហើយ​ថា បរិវេណ​ដី​ចំណី​អូរ​ធម្មជាតិ ដែល​ពួកគេ​ដឹក​ដី​ចាក់​លុប​ពង្រាបដី​ឲ្យ​រាបស្មើ​ទាំងនោះ គឺ​ពួកគេ​មាន​ប្លង់​កម្មសិទ្ធិ ទទួលស្គាល់​ពី​ស្ថាប័ន​ជំនាញ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ថែមទៀត​ផង​។​

​ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ដល់ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​- លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ជាដើម ឲ្យជួយ​មាន​វិធានការ​ទប់ស្កាត់​រាល់​ស​កម្ម​ភាព​ប៉ុន​ប៉ុង​រំលោភ​យក​ដី​សាធារណៈ របស់​រដ្ឋ​មាន​ដូចជា​៖ ព្រែក អូរ បឹង ភ្នំ និង​ដី​ចំណី​ឆ្នេរសមុទ្រ​ជាដើម នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ឲ្យបាន​ឆាប់ និង​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​នា​ថ្ងៃ​អនាគត​។​

​ក្រុម​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ជា​បន្តបន្ទាប់​មក​នេះ មូលដ្ឋាន​ខេត្ត​ព្រះសីហនុ គឺ​បុគ្គល​មានអំណាច ឈ្មួញ​មាន​ទ្រព្យ និង​ក្រុម​ឧកញ៉ា​ឈ្មួញ​ដី​មួយ​ចំនួន បាន​ដើរ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​អនាធិបតេយ្យ ដោយ​មាន​ការឃុបឃិត​ពី​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត​បាន​ចូល​ដៃ​ចូល​ជើង ជា​ថ្នូរ​ទទួលបាន​ប្រយោជន៍​ផ្សេងៗ​ពី​ឈ្មួញ​ដី​ទាំងនោះ​។ ជាងនេះទៀត កន្លងមកនេះ ក៏​ឃើញ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ បាន​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ឈ្មួញ​ដី ឬ​បុគ្គល​មាន​អំណាច​មួយចំនួន ប៉ះពាល់ នៅលើ​ដី​ព្រៃកោងកាង​ជា​ជម្រក​ត្រី​បន្ត​ពូជ ដី​ចំណី​មាត់​ព្រែក​-​អូរ​-​បឹង​-​ឆ្នេរសមុទ្រ និង​ប៉ះបាល់​ដីភ្នំ​ជាដើម ប៉ុន្តែ​មិន​ឃើញ​ជន​ទាំងនោះ​ត្រូវបាន​អាជ្ញាធរ ចាប់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ផ្តន្ទាទោស​ម្តង​ណា​ទេ ហើយ​ពួកគេ​បាន​បន្ត​របរ​រកស៊ី ដោយ​ឃុបឃិត​រំលោភ​យក​ដី​សាធារណៈ របស់​រដ្ឋ មក​ធ្វើ​កម្មសិទ្ធិ និង​លក់ដូរ​បន្តបាន​ដោយ​រលូន​រហូតមកដល់​សព្វថ្ងៃនេះ​។

​ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​រំពឹងថា អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន នឹង មាន​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​បុគ្គល​ទាំងនោះ​ជាក់​ជា​ពុំខាន ដើម្បី​លុបបំបាត់​ពាក្យ​និយាយ​តៗ​គ្នា​មក​ថា អាជ្ញាធរ​អនុវត្តន៍​បាន​ទៅ​លើ​តែ​រាស្ត្រ​ទន់ខ្សោយ រីឯ​អ្នក​មាន​លុយ មាន​អំណាច និង​ឧកញ៉ា មានទ្រព្យ​វិញ គឺ​អាជ្ញាធរ​មិន​ហ៊ាន​ក្អក​ជាមួយ​ពួកគេ​ទេ ដោយ​ទុក​បណ្តោយ​ឲ្យ​ជនមួយ​ក្រុម​តូច​នោះ អាច​ធ្វើ​សកម្មភាព​ឃុបឃិត​ល្មើសច្បាប់​រំលោភ​យក​ដី​សាធារណៈ របស់​រដ្ឋ ឬ​ធនធាន​ធម្មជាតិ ដែល​នៅ​សេ​សល់​នា​មូលដ្ឋាន​តាម​ទំនើងចិត្ត​ពួកគេ​។ ប៉ុន្តែ​បើ​ចំពោះ​ពលរដ្ឋ​ក្រីក្រ​វិញ គឺ​នៅ​ពេល​មាន​បណ្តឹង​ពី​មន្ត្រី​មាន​អំណាច ឈ្មួញ​មាន​ទ្រព្យ និង​បណ្តឹង​ពី​ឧកញ៉ា​វិញ គឺ​អាជ្ញាធរ​បាន​បញ្ជូន​កម្លាំង​ប្រដាប់អាវុធ​យ៉ាង​ឆាប់រហ័ស ចុះ​ចាប់​ពលរដ្ឋ​ដាក់​ខ្នោះ និង កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ផ្តន្ទាទោស​ដាក់​គុក​ច្រ​វ៉ាក់​ភ្លាមៗ ដូចជា​ករណី​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី នៅ​សហគម៍​អូរ​ខ្សាច់​ចំនួន​៤​នាក់ មាន​តំណាង​ឈ្មោះ អ្នកស្រី ឡុច ទូច បាន​តស៊ូ​មតិ​ការពារ​ដីធ្លី របស់​ខ្លួន​ធ្លាប់​រស់នៅ​យូរ​ឆ្នាំ ដែល​ពួកគាត់​អះអាងថា ត្រូវ​ឧកញ៉ា​មានទ្រព្យ​ឃុបឃិត​លួច​ធ្វើ​ប្លង់​រំលោភ​យក ទាំង​អ​យុត្តិធ៌ម​វិញ គឺ​ត្រូវ​អាជ្ញាធរ ឬ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បញ្ជូន​កម្លាំង​ចុះ​បង្ក្រាប និង​ចាប់​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​ត្រូវបាន​សាលាដំបូង​ចេញ​ដីកា​សម្រេច ឃុំខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​បណ្តោះអាសន្នរ​ហូត​មកដល់ពេលនេះ​។​

​បន្ថែម​លើ​នេះ ក៏​មាន​ពលរដ្ឋ​ក្រីក្រ​ជាច្រើន​នាក់​ទៀត ត្រូវបាន​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បញ្ជូន​កម្លាំង​ចាប់​ដាក់គុក​ច្រ​វ៉ាក់ជា​បន្តបន្ទាប់ ដូចជា​ករណី​អតីត​ចៅសង្កាត់​លេខ​១ ឈ្មោះ អ៊ុក ចេត្ត​នី និង​ឪពុកក្មេក របស់លោក ក៏​ត្រូវ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ចាប់​បញ្ជូន​ទៅកាន់​តុលាការ និង​ត្រូវ​បញ្ជូន​ខ្លួន​ដាក់ពន្ធនាគារ ដោយ​ចោទ​ចូល​ទៅ​ទន្ទ្រាន​ដីព្រៃ​សាធារណៈ​របស់​រដ្ឋ​ខុសច្បាប់​។ ប៉ុន្តែ​សម្រាប់​បុគ្គល​មានអំណាច និង​ឧកញ៉ា​មាន​ទ្រព្យ ដែល​ទៅ​ទន្ទ្រាន​កាប់​ព្រៃ​នៅ​តំបន់​ក្បាលឆាយ និង​បាន​ពុះ​ច្រៀក​ជា​ឡូៗ​លក់ដូរ​បន្ត​យ៉ាង​អនាធិបតេយ្យ​ជា​បន្តបន្ទាប់​មក​នេះ គឺ​មិន​ត្រូវបាន​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​ណាមួយ ចេញមុខ​ចុះ​ចាប់ខ្លួន ឬ​កសាង​សំណុំរឿង​បញ្ជូន​ជនល្មើស​ទាំង​នោះ បញ្ជូន​កាន់​តុលាការ​ផ្តន្ទាទោស​ឲ្យ​ដូចគ្នា ករណី​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ខ្នងបង្អែក​ម្តងណា​ទេ​។

​ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​ក្រីក្រ​មួយចំនួន​រស់នៅ​ខេត្ត​ព្រះសីហនុ បានបង្ហាញ​មានដូចជា​៖ ករណី​បទល្មើស​ចូល​ទៅ​ទន្ទ្រាន​កាប់​ព្រៃឈើ​ក្នុង​បរិវេណ​ដី​តំបន់​ក្បាល​ឆាយ ឬ​អនុក្រឹត្យ​លេខ​៧៦ ជា​តឹកតាង​ស្រាប់ គឺ​ត្រូវបាន​មន្ត្រី​មាន​អំណាច​កំពុង​ធ្វើ​ការងារ នៅក្នុង​ស្ថាប័ន​ទាំង​កងកម្លាំងប្រដាប់អាវុធ និង​ស្ថាប័ន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ​ជាដើម គឺ​មិន​ត្រូវបាន​ផ្តន្ទាទោស​នោះ​ទេ ហើយ​រហូត​មកដល់ពេលនេះ ដី​ព្រៃឈើ​នៅ​តំបន់​រក្សា​ប្រភព​ទឹកស្អាត​ក្បាលឆាយ​ត្រូវ​រលាយ​ហិនហោច​ស្ទើរ​ទាំងស្រុង​។ ហើយ​ថា ការ​រលាយ​ហិនហោច​នេះ គឺ​មួយ​ផ្នែក​ត្រូវ​បំផ្លាញ​ដោយ​ប្រជាពលរដ្ឋ​រាន​យក​ដី​ធ្វើ​លំនៅឋាន​រស់នៅ និង​មួយ​ផ្នែក​ទៀត គឺ​មាន​មន្ត្រី​មានអំណាច ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​បាន​ជួល​កម្មករ ឬ​ពលរដ្ឋ​ក្រីក្រ ឲ្យចូល​ទៅ​កាប់​រាន​ព្រៃ​នោះ​យកមក​ធ្វើ​កម្មសិទ្ធិ និង​ពុះ​ច្រៀក​លក់​យ៉ាង​អនាធិបតេយ្យ ប៉ុន្តែ​ជន​ទាំងនោះ មិន​ត្រូវបាន​ផ្តន្ទាទោស​នោះទេ​។​

​យ៉ាងណា​ក៏ដោយ​ចុះ ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ ក៏​បាន​សំណូមពរ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​មាន​វិធានការ​ទប់ស្កាត់​ពី​ភាពអនាធិបតេយ្យ នៃ​បទល្មើស​រំលោភ​យក​ទ្រព្យសម្បត្តិ​សាធារណៈ របស់​រដ្ឋ ដែល​ត្រូវបាន​បុគ្គល​មានអំណាច ឈ្មួញ​ដី​មាន​ងារ​ជា​ឧកញ៉ា និង​អ្នក​មានទ្រព្យ​មួយចំនួន បាន​ឃុបឃិត​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​ជា​បន្តបន្ទាប់​មក​នេះ ឲ្យបាន​ឆាប់ និង​ឲ្យមាន​ប្រសិទ្ធភាព ដើម្បី​ឈាន​ទៅ​ការពារ​ធនធាន​ធម្មជាតិ ដែល​នៅ​សេសសល់​នា​ខេត្ត​ព្រះសីហនុ ឲ្យបាន​គង់វង្ស​ដោយ​អនុគ្រោះ​៕ ដោយ ៖ ដែន​សីមា​

spot_img
×