Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​៖ គោលនយោបាយ​ដំឡូង​មី នឹង​ប្រែក្លាយ​កម្ពុជា ទៅ​ជា​ទីតាំង​ឧស្សាហកម្ម​កែច្នៃ និង​ផ្គត់ផ្គង់​ដំឡូង​មី សម្រាប់​ទីផ្សារ​ពិភពលោក​

spot_img

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក​ប៉ាន សូរ​ស័ក្តិ បានបង្ហាញ​ជំនឿ​ថា ឯកសារ​គោលនយោបាយ​ដំឡូង​មី នឹង​ប្រែក្លាយ​កម្ពុជា ឲ្យទៅ​ជា​ទីតាំង​ឧស្សាហក​ម្ម​កែច្នៃ និង​ផ្គត់ផ្គង់​ដំឡូង​មី ដែល​អាច​ជឿ​ទុកចិត្តបាន សម្រាប់​ទីផ្សារ​ពិភពលោក ដោយសារ​ឯកសារ​នេះ ផ្តល់​នូវ​ចក្ខុវិស័យ​ច្បាស់លាស់ និង​វិធីសាស្ត្រ​រៀបចំ​ខ្សែសង្វាក់​តម្លៃ​សំខាន់ៗ ដើម្បី​ធ្វើឲ្យ​ដំណាំ​ដំឡូង​មី ទទួល​បាន​ទិន្នផល​ច្រើន និង​មាន​តម្លៃ​ខ្ពស់ អាចឆ្លើយតប​តម្រូវកា​រ​នៃ​ទីផ្សា​រទាំង​ក្នុង និង​ក្រៅប្រទេស​។​

​លោក​រដ្ឋមន្ត្រី បានបង្ហាញ​ជំនឿ​ចិត្ត​ដូចនេះ នា​ឱកាស​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រគល់ និង​ទទួល​ឯកសារ​គោលនយោបាយ​ដំឡូង​មី ដែល​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ក្រោម​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​មកពី​អន្តរក្រសួង តំណាង​វិស័យ​ឯកជន និង​អង្គការ UNDP ដែល​ជា​សមាជិក សមាជិកា នៃ​គណៈកម្មការ​រៀបចំ​គោលនយោបាយ​ជាតិ​ដំឡូង​មី ប្រមាណ​ជាង ៥០​នាក់​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ ដល់​នាយកដ្ឋាន​គោលនយោបាយ​ពាណិជ្ជកម្ម ដែល​បាន​ប្រឹងប្រែង សហការ​ជាមួយ​អង្គការ UNDP និង​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើការ​ចងក្រង​ឯកសារ​ដ៏​មាន​សារសំខាន់​នេះ​ឡើង ដើម្បី​បម្រើ​ការអភិវឌ្ឍ​វិស័យ​ដំឡូង​មី​កម្ពុជា ដែល​ជា​ដំណាំ​សក្តានុពល​ទី​២ បន្ទាប់​ពី​ដំណាំ​ស្រូវ និង​ជា​ផលិតផល​អាហារ​ប្រចាំ​សតវត្សរ៍​ទី​២១​។​

​លោក​បណ្ឌិត រី​ឆាត ម៉ា​ស្ហល សេដ្ឋវិទូ​នៃ​អង្គការ UNDP ប្រចាំ​ប្រទេស​កម្ពុជា បាន​គូសបញ្ជាក់ថា គោលនយោបាយ​ដំឡូង​មី នឹង​ប្រែក្លាយ​ដំឡូង​មី ទៅ​ជា​ដំណាំ​ដែល​ផ្តល់​ទិន្នផល និង​ប្រាក់​ចំណូល​ខ្ពស់ សម្រាប់​ប្រជាកសិករ​ក្រីក្រ និង​ជា​ផលិតផល​ដែល​បម្រើ​ការអភិវឌ្ឍ​ឧស្សាហកម្ម នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​បណ្ឌិត បាន​បន្តទៀតថា ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការអនុវត្ត​គោលនយោបាយ រចនាសម្ព័ន្ធ​អភិបាលកិច្ច ត្រូវបាន​បង្កើតឡើង ហើយ​ខ្សែសង្វាក់​តម្លៃ​ដំឡូង​មី ត្រូវបាន​បែងចែក​ជា​ផ្នែកៗ ដើម្បី​ត​ភ្ជាប់​ជាមួយ​វិស័យ​អទិភាព​ផ្សេងទៀត​។​

​សូមជម្រាបថា កាលពី​ឆ្នាំ​២០១៧ កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​៨ ក្នុងចំណោម​ប្រទេស​ផលិត​ដំឡូង​មី​ធំៗ​ទាំង​១០ នៅលើ​ពិភពលោក​។ ចាប់តាំងពី​ឆ្នាំ​២០១១ ផ្ទៃ​ដី​ដាំ​ដុះ​ដំឡូង​មី ត្រូវបាន​ពង្រីក​ពី ៤០០​ពាន់​ហិកតា ដល់ ៥៧៤​ពាន់​ហិកតា នៅក្នុង​ឆ្នាំ​២០១៥ ហើយ​បាន​ផ្តល់​ទិន្នផល​សរុប​ជាង ១៣​លាន​តោន​។ កន្លងមក យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម (CTIS) បាន​ដាក់បញ្ចូល​ដំណាំ​ដំឡូង​មី ទៅ​ជា​ផលិតផល​អទិភាព​មួយ ដើម្បី​អភិវឌ្ឍន៍​ខ្សែសង្វាក់​តម្លៃ និង​ធ្វើ​ពិពិធ​កម្ម​ការនាំចេញ​។​

​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម បាន​កំពុង​ប្រឹងប្រែង​ជំរុញ​ការនាំ​ចេញ​ផលិតផល​ដំឡូង​មី ទៅកាន់​ប្រទេស​ចិន ដោយសារតែ​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា លើ​ពិធីសារ​ស្តីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​លក្ខខណ្ឌ​តម្រូវ​ផ្នែក​ភូតគាម​អនាម័យ និង​អនាម័យ ហើយ​បាន​កំពុង​សិក្សា​ពី​លទ្ធភាព​កែច្នៃ​ពី​ដំឡូង​មី និង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​៕​ ​ដោយ​៖​កូឡាប​

spot_img
×