Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជះ​ទឹក​អាស៊ីត​កណ្តាល​មុខ​ប្រពន្ធចុង​របួសធ្ងន់ គេចខ្លួន​បាន​១​ថ្ងៃ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

spot_img

ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខណ្ឌមានជ័យ បើក​ការស្រាវជ្រាវ​ចាប់ខ្លួនបាន ក្រោយពី​បាន​ជះ​ទឹក​អាស៊ីត​ទៅលើ​ស្ត្រី​ជា​ប្រពន្ធចុង​ដែល​កំពុង​ជិះ​ម៉ូតូ​ចំ​កណ្តាល​មុខ​ឈប់​ខាងមុខផ្ទះ បណ្តាលឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១​រសៀល ថ្ងៃទី​១៤​ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១០ ផ្លូវលំ ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ឃាត់ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ​រូបនេះ​មានឈ្មោះ ខៀវ វិសិដ្ឋ​សត្យា ហៅ ថៃ​យ៉ា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ចំណុច​ផ្ទះ​កើតហេតុ​ខាងលើ ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ឌឿ​ន ស៊ុន​ណា​រ៉ា ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់នៅ​ក្នុង​ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រងរបួស​ធ្ងន់​ត្រង់​ផ្ទៃមុខ​ត្រូវបាន​គ្រួសារ​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ជនរងគ្រោះ​គឺជា​ប្រពន្ធចុង​របស់​ជនដៃដល់ ដែល​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ក្នុង​ផ្ទះជួល​ខាងលើ រយៈពេល​៥​ឆ្នាំ​មកហើយ ដោយ​បុរស​ជា​ជនដៃដល់​រូប​នេះ​មាន​ប្រពន្ធដើម​ដែល​មាន​កូន​៥​នាក់​ក្នុង​បន្ទុកគ្រួសារ ហើយ​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធចុង​បាន​ជិះ​ម៉ូតូ​ចេញ​មក​ពី​ក្នុងផ្ទះ​ក្នុង​ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ លុះដល់​ចំណុច​មុខ​ផ្ទះ​ខាងលើ ស្រាប់តែ​ជនសង្ស័យ​ជា​ប្តី​បានធ្វើ​សកម្មភាព​យក​ទឹក​អាស៊ីត​មក​ជះ​លើ​ស្ត្រី​រងគ្រោះ​បណ្តាលឲ្យ​របួស​ពេញ​ផ្ទៃមុខ និង​របួស​ត្រង់​ដៃ​ទាំង​សងខាង ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ចំណែក​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​ស្រមោល​។​ក្រោយពី​កើតហេតុ​សាច់ញាតិ​ជនរងគ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ រហូតដល់​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ ជនដៃដល់​ជា​ប្តី​ខាងលើ ក៏​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​តែ​ម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​កាន់​ប៉ុស្តិ៍​ស្ទឹងមានជ័យ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បន្ត​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ឃាត់ខ្លួន​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ចាត់ការ​តាម​ច្បាប់​បន្តទៀត​៕ ដោយ​៖​កូឡាប​

 

spot_img
×