Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថែ​ម្ដាយ​ខ្ញុំ​ផង​…​មនុស្ស​ជាច្រើន​សម្រក់​ទឹកភ្នែក​ក្រោយពេល​បាន​អាន​សារ​របស់​នារី​វ័យក្មេង​ម្នាក់​មុន​ស្លាប់

spot_img

​មហាជន​ជាច្រើន​ដែល​និយម​តាមដាន​ព័ត៌មាន​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​អារម្មណ៍​ក្ដុកក្ដួល​យ៉ាងខ្លាំង ជាមួយ​សំណេរ​យ៉ាង​វែង​អណ្ដាយ​របស់​នារី​វ័យក្មេង​ម្នាក់ មុន​នាង​លាចាក​លោក ក្នុង​ក្នុង​សំណេរ​បាន​រៀបរាប់​អំពី​ស្ថានភាព​ដ៏​លំបាក​របស់​ម្ដាយ​នាង (​បច្ចុប្បន្ន​មានតែ​ពីរ​នាក់​ម្ដាយកូន​) ខិតខំ​ថែទាំ​ជំងឺ​កូន ទាំង​ដែលមាន​តែម្នាក់ឯង ហើយ​នៅ​ទីបំផុត​ជំងឺ​កូន​ឈានទៅដល់​ដំណាក់កាល​ចុងក្រោយ ដោយ​គ្រូពេទ្យ​ឆ្លើយថា​អស់សង្ឃឹម ។

​សម្រាប់​សារ​មួយ​នេះ ត្រូវបាន​បន្សល់ទុក​ចុងក្រោយ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក ដែលមាន​អ្នក Like និង share យ៉ាងច្រើន​នាក់ សម្រាប់​ថ្ងៃនេះ ។

​សូម​អាន​សេចក្ដីលម្អិត​ក្នុង​សារ​ដូចតទៅ «​ថែ​ម៉ាក់​ខ្ញុំ​ផង​!!! ពេលនេះ​កូន​បាន​លា​ម៉ាក់​ជាទី​ស្រលាញ់​របស់​កូន​ឆ្ងាយ​ហើយ ឆ្ងាយ​ឥត​ត្រឡប់មកវិញ​ឡើយ អោយ​កូន​សូមទោស​ម៉ាក់​ផង​ដែល​កូន​មិនទាន់បាន​តបស្នង​សងគុណ​ចំពោះ​ម៉ាក់​។ មិន​ត្រឹមតែ​មិនទាន់បាន​សងគុណ​ម៉ាក់​ទេ កូន​ថែមទាំង​បានធ្វើអោយ​ម៉ាក់​ស្រក់​ទឹកភ្នែក​ឥត​ស្រាកស្រាន្ត កំឡុងពេល​បង្កើតកូន និង​ជីវិតចុងក្រោយ​របស់​កូន​។ កូន​ដឹងថា​ម៉ាក់​ហត់នឿយ ឈឺ​ចុកចាប់ ព្រោះ​ម៉ាក់​បាន​បាត់បង់​កូន​ម្នាក់នេះ ព្រោះ​កូន​ដឹងថា​ម៉ាក់​ស្រលាញ់​កូន​ណាស់​,
​កូន​ដឹងថា​ម៉ាក់​ប៉ុន្មាន​ថ្ងៃនេះ​បាយ​មិនបាន សម្រាន្ត​មិន​លក់ ម៉ាក់​យំ ម៉ាក់​ភ័យ ម៉ាក់​អាណិតកូន ពេលខ្លះ​ម៉ាក់​ញាំ​បាយ​លាយ​ទឹកភ្នែក ញាំ​មិន​ឆ្អែត ម៉ាក់​មានតែ​កូន​មួយ​មិនដឹង​ប្រើ​អ្នកណា ដូចនេះ​ម៉ាក់​ត្រូវ​ពេទ្យ​ហៅ​អោយ​បង់លុយ ម៉ាក់រ​ត់ទៅ​ទិញ​ថ្នាំ អោយ​កូន ម៉ាក់​ជូត​ខ្លួន​អោយ​កូន ប្តូរ​ខោអាវ​អោយ​កូន ម៉ាក់​ត្រូវ​អង្គុយ​នៅចាំ​មើល​អេក្រង់​គ្រប់គ្រង​លើ​រៀងកាយ​កូន​គ្រប់ពេល​ព្រោះ​ខ្លាច​មាន​បញ្ហា​អ្វីមួយ​កើតឡើង​លើ​រូប​កូន ពេល​ជំងឺ​កូន​រើ​ឡើង​ម្តងៗ​ម៉ាក់​ភ័យ យំ ហៅ​គ្រូពេទ្យ​អោយមក​មើល​កូន ម៉ាក់​ម្តង​យំ​-​ម្តង​សើច ស្ទើ​តែ​ក្លាយជា​មនុស្ស​ម្នាក់​ថ្មី​មួយទៀត កូន​អាណិត​ម៉ាក់​ណាស់ នេះហើយ​ជីវិត​កូនទោល​។ កូន​ដឹងថា ទឹកចិត្ត​របស់​ម៉ាក់​បើ​អាច​ឈឺ​ជំនួស​កូន​បាន ម៉ាក់​សុខចិត្ត​ដើម្បី​កូន​។ ចំណែក​ផ្លូវ​ងងឹត​គ្រូហ្ម​ថា​កូន​ខុស​នេះ​ខុស​នោះ ត្រូវ​រៀបចំ​អោយគេ ម៉ាក់​មិន​ត្អូញត្អែ​ថា​ហត់​ឡើយ ម៉ាក់​បាន​ជិះឡាន​តាក់ស៊ី​មក​ផ្ទះ​ភ្លាមៗ​(​កំពង់ឆ្នាំង​)​ដើម្បី​រៀបចំ​កម្មវិធី​, ចប់សព្វគ្រប់​ម៉ាក់​ចេញ​ឡាន​ទៅវិញ​ទាំងយប់​ដោយ​ក្តី​បារ​ម្មណ៍​ជាប់​នឹង​កូន​ជានិច្ច​។ នេះ​ជាការ​លះបង់​ខ្ពស់​ណាស់​ដែល​កូន​បានដឹង​តាម​អារម្មណ៍​របស់​កូន កូន​អាណិត​ម៉ាក់​ណាស់ កូន​បានតែ​សម្រក់​ទឹកភ្នែក​ពេល​ឃើញ​មុន​ម៉ាក់​។ គ្រាន់តែ​លោក​ដុក​ទ័​រ​ប្រាប់ថា​កូន​អស់សង្ឃឹម ម៉ាក់​មិន​ហ៊ាន​ចូលទៅ​មើលមុខ​កូន​ទៀត​ទេ ម៉ាក់​អង្គុយ​យំ​ពេញ​មួយ​រាត្រី​នៅ​ខាងក្រៅ​ដោយ​ក្តី​ឈឺចាប់​បំផុត ព្រោះ​ម៉ាក់​ដឹងថា​ដង្ហើមចុងក្រោយ​របស់​កូន​នឹង​បញ្ចប់​ទៅវិញ​ក្នុងពេល​ឆាប់ៗ​នេះ​។​

​ម៉ាក់​អើយ​-​អើយ​ម៉ាក់ កូន​ពិតជា​សូមទោស​ម៉ាក់​ដែល​កូន​កើតមក​ធ្វើជា​កូន​ម៉ា​ក់បាន​ត្រឹម​២២​ឆ្នាំនេះ​។ ថ្វី​ប្បិតតែ​រយៈពេល​វា​ខ្លី​មែន​ក៏​កូន និង​ម៉ា​ក់បាន​សាង​នូវ​អនុស្សា​វ​រី​ជាច្រើន​ទាំង​ការលំបាក ទាំង​ស្រួល ព្រោះតែ​ជីវភាព​យើង​ក្រលំបាក​, កូន​ធ្លាប់​ដើរ​លក់​នំ​ជាមួយ​ម៉ាក់​កាល​កូន​នៅ​តូច​រហូតដល់​កូន​បាន​ធំ ដើម្បី​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​អាហារ និង​ចំណាយ​លើ​ការសិក្សា រហូតដល់​កូន​ប្រឡង​ជាប់​ថ្នាក់​ទី​១២ និង​បន្ត​អោយ​កូន​ទៅ​រៀន​បន្ត​នៅ​មហាវិទ្យាល័យ​។ ពេល​ម៉ាក់​រួយដៃ​ជើង កូន​ជួយ​ច្របាច់​អោយ​ម៉ាក់​បាន​ស្រួល តែ​ពេលនេះ​មិនដឹងថា តើ​ម៉ា​ក់បាន​អ្នកណា​ជួយ​ច្របាច់​ជើង​អោយ​ម៉ា​ក់ទៀត​ទេ​។ ពេល​ញាំ​បាយ​យើង​មាន​គ្នា​ពីរ​នាក់ ពេលធ្វើ​កិច្ចការ​អ្វីមួយ​ម៉ាក់​សួរ​កូន កូន​សួរ​ម៉ាក់​, ទៅ​ផ្សារ ទៅ​កន្លែង​ផ្សេងៗ ទៅ​វត្ត​ខែ​បុណ្យទាន​ធំ​ម្តងៗ មាន​ម៉ាក់​មានកូន ចុះ​ពេលនេះ​តើ​មាន​អ្នកណា​នៅ​ជាមួយ​ម៉ាក់​ទៀត​។ ផ្ទះ​ដែល​ទើប​ជួសជុល​ថ្មី​នោះ ម៉ាក់​ថា​ធ្វើ​ទុកអោយ​កូន​នៅ តែ​ធ្វើ​មិនទាន់​រួចរាល់​១០០%​ទេ​ព្រោះ​ខ្វះ​ប្រាក់ ពេលនេះ​កូន​មិនបាន​ឡើងទៅ​រស់នៅ​ជាមួយ​ម៉ាក់​ទេ ពេល​ផ្ទះ​នេះ​ធ្វើ​រួចរាល់​។ កុំ​ឃើញ​ផ្ទះ​ខ្ពស់​ថា​ខ្ញុំ​មាន មានតែ​សំបក​ផ្ទះ​ទេ ព្រោះ​ត្រូវ​ដី​មួយ​កូន​អំពក​ក៏​ឆ្លៀត​កែកុន​អោយ​ល្អ​ទៅ​។ គិត​ទៅ​ជីវិត​របស់​កូន​និង​ម៉ាក់​វេទនា​តាំងពី​កូន​កើតមក​បាន​៧​ខែ ត្រូវ​ប៉ា​ចាក​ចេញពី​យើង​ដោយ​គ្មាន​ការទទួលខុសត្រូវ រហូតដល់​ដង្ហើមចុងក្រោយ​ទើប​ឃើញ​វត្តមាន​របស់គាត់​មក​សួរសុខទុក្ខ​កូន តែ​វា​គ្មាន​ន័យ និង​តម្លៃ​អ្វី​សម្រាប់​ពួកយើង​ឡើយ​។ កូន​ក៏​សូម​អរគុណ​ដល់​ប៉ា​អ៊ុំ​(​អ៊ុំ​ម៉ន​)-​ម៉ាក់​អ៊ុំ​(​អ៊ុំ​ថា​) ដែល​បាន​ជួយ​បីបាច់​ថែរក្សា​កូន​ពី​តូច និង​មួយរយៈ​ចុងក្រោយ​នេះ​ឃើញថា​ហត់​ខ្លាំងណាស់ មក​ផ្លាស់ប្តូរ​វេន​គ្នា​ទាំង​គ្រួសារ​ដើម្បី​ជួយ​មើលថែទាំ​កូន ពេល​កូន​ឈឺ​កន្លងមក រហូតដល់​ដង្ហើមចុងក្រោយ​។ សូម​អរគុណ​ដល់​បងប្អូនជីដូន​មួយ​ទាំងអស់គ្នា​ផង ខ្ញុំ​លា​ហើយ​ណា​។​

​ហើយ​ជម្រាបលា​!!! យាយ​តា អ៊ុំ​ពូ​មាមីង បងប្រុស​បងស្រី ប្អូនប្រុស​ប្អូនស្រី ក្មួយ ញាតិមិត្ត​ភូមិ​ផង​របង​ជិត​ឆ្ងាយ​ទាំងអស់ ខ្ញុំ​ជម្រាបលា​ហើយ អរគុណ​ដែល​បានផ្តល់​កំលាំងចិត្ត និង​ជូនពរ​ដល់​ខ្ញុំ​, សូមជួយ​មើល​ម៉ាក់​ខ្ញុំ​ផង មិនដឹង​ពេលនេះ​គាត់​ធ្លាក់​ក្នុងស្ថានភាព​យ៉ាងណា​នោះទេ​។ ម៉ាក់​ខ្ញុំ​គាត់​គិតថា ពេល​គាត់​ចាស់​ទៅ គាត់​នៅមាន​ខ្ញុំ​មើលថែទាំ​គាត់ ចិញ្ចឹម​គាត់ តែ​ពេលនេះ​បែរជា​គាត់​ជូន​ដំណើរ​ខ្ញុំ​ទៅវិញ​។ បើ​គាត់​ខ្វះខាត​អ្វី ជួយ​គាត់​ផង ពិសេស​ញាតិ​ជិតខាង​ដែល​តែងតែ​យក​អ​ក្សា​គាត់​។ ខ្ញុំ​ដឹងថា​ពេល​ម៉ាក់​អត់​អី​ញាំ មានការ​ខ្វះខាត គឺ​ម៉ា​ក់មាន​អ្នកជិតខាង​ហៅ​អោយ​ញាំ​បាយ លើកទឹកចិត្ត ផ្តល់​គំនិត​-​យោបល់​ផ្សេងៗ គាត់​ចិត្តល្អ​ណាស់ ហើយ​ខ្ញុំ​មិនដែល​ភ្លេច​ពួកគាត់​នោះទេ​។ និង​ជម្រាបលា​ផងដែរ ដល់​ថ្នាក់​គ្រប់គ្រង​-​បុគ្គលិក​គ្រួសារ​រីករាយ​(​ក្រេ​ប៉ូ​) ពិសេស​មិត្ត​រួមការ​ងារ និង​បុគ្គលិកសាស្ត្រាចារ្យ លោកគ្រូ​អ្នកគ្រូ មិត្ត​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ទាំងអស់ អតីត​មិត្ត​វិទ្យាល័យ មិត្តភក្តិ​ជាទី​ស្រលាញ់ ខ្ញុំ​លា​ហើយ លា​ឥត​ត្រឡប់​ឡើយ ខ្ញុំ​មិន​ចង់​លា​អ្នក​គ្រប់គ្នា​ទេ ខ្ញុំ​ចង់​រៀន​អោយ​ចប់ ខ្ញុំ​នៅ​ចង់​ធ្វើ​ការងារ ខ្ញុំ​ចង់​ជួប​មុខ​អ្នក​រាល់គ្នា​និយាយ​លេង ខ្ញុំ​ចង់​ដើរលេង​រួមជាមួយ​មិត្ត​ទាំងអស់គ្នា ខ្ញុំ​នៅ​ចង់​ស្លៀក​ឯកសណ្ឋាន​និស្សិត​ដូច​មិត្ត​ទាំងអស់គ្នា​ដែរ ខ្ញុំ​ចង់​នៅ​ថត​ទទួល​បរិញ្ញាបត្រ ពាក់អាវ​ទទួល​សញ្ញាបត្រ​ជាមួយ​មិត្ត យកចំណេះ​ជំនាញ​ផ្នែក​គីមី​ចូលរួម​ជួយ​សង្គម​របស់​យើង​….​តែ​….​រឿង​កន្លងទៅ​បើ​មាន​អ្វី​ខុសឆ្គង​ជាមួយគ្នា​អោយ​ខ្ញុំ​សូម​អភ័យទោស​ផង​…​។ ហើយ​សូម​អរគុណ​ដល់​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់លោក​គ្រូ​-​អ្នកគ្រូ បងៗ មិត្ត​និស្សិត មិត្ត​រួមការ​ងារ​តូចធំ មិត្តសម្លាញ់​ទាំងអស់ ចំពោះ​ថវិការ កំលាំងចិត្ត សារ​ជូនពរ ការ​មក​សួរសុខទុក្ខ ការចំណាយ​ពេលវេលា​ដើម្បី​ខ្វះ​ខ្វែង​រក​ជំនួយ​មកជួយ​សង្គ្រោះ​ជីវិត​របស់ខ្ញុំ​ដោយ​ក្តីសង្ឃឹម ដើម្បី​ជួយ​សម្រាលទុក្ខ​មួយផ្នែក​ដល់​ម៉ាក់​របស់​នាង​ខ្ញុំ តែ​ថវិការ​នេះ​បែ​ជា​ប្រែ​ក្លាយទៅជា​ថវិការ​បុណ្យសព​នាង​ខ្ញុំ​ទៅវិញ​។​ជា​អ​វ​សាន្ត សូម​ជូនពរ​ម៉ាក់​មាន​សុខភាព​ល្អ យាយ​តា​អ៊ុំ​ពូ​មាមីង​បងប្រុស​ស្រី លោកគ្រូ​-​អ្នកគ្រូ​ទាំង​២​ស្ថាប័ន មិត្ត​និស្សិត មិត្ត​រួមការ​ងារ​មិត្ត​ជាទី​ស្រលាញ់​ទាំងអស់​សូម​មាន​អាយុ​វែង សុខភាព​ល្អ សំណាងល្អ គ្រប់ៗ​គ្នា​។ ជម្រាបលា​!!!! ជួយ​មើល​ម្តាយ​ជំនួស​ខ្ញុំ​ផង​…..​លា​ហើយ លា​លុះ​អ​វស្សា​ន្ត​!!!» ៕ សាវុធ​

spot_img
×