Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង ចុះ​ណែនាំ និង​បង្រៀន​គូស​សន្លឹកឆ្នោត​ដល់ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​

spot_img

​ស្វាយរៀង ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​ចុះ​ណែនាំ និង​បង្រៀន​គូស​សន្លឹកឆ្នោត​ដល់ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ពី​របៀប​បោះឆ្នោត ដើម្បី​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ធ្វើ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​អាណត្តិ​ទី​៦ និង​អាណត្តិ​ក្រោយៗ ជា​បន្តបន្ទាប់​ទៀត ក្នុង​ការទទួលបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន លើ​គ្រប់​វិស័យ​បន្ថែមទៀត​។​

​ការចុះ​បង្រៀន​នេះ បាន​ធ្វើឡើង​ក្នុង ឱកាស​ដែល​លោកជំទាវ​បាន ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ជាង​៥០០​នាក់ នៅ​ឃុំ​ខ្សែ​ត្រ​ស្រុក​កំពង់រោទ៌​ខេត្ត​ស្វាយរៀ​ង នៅ​ព្រឹក​ថ្ងៃទី​១១​ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​លោកជំទាវ​តំណាងរាស្ត្រ បាន​នាំនូវ​ការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូន​ដល់​អង្គពិធី និង​លើក​ឡើង​អំពី​ប្រសាសន៍​របស់​សម្តេច​តេជោ ដែល​បាន​ថ្លែង​ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា និង​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើស​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នៅ​កោះ​ពេជ្រ កាលពី​៧​កក្កដា​ថ្មីៗ​នេះ​។​

​លោកជំទាវ បាន​លើកឡើង​ថាៈ​ប្រទេស កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឲ្យ​ប្រទេស​មាន​ការអភិវឌ្ឍ​រីក​ចម្រើន​ជឿនលឿន ផ្លាស់ប្តូរ​ស្ថានភាព​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ពោល​បានក្លាយ​ពី​ប្រទេស​ក្រីក្រ ឈាន​មក​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នាពេល​បច្ចុប្បន្ន ហើយ​កំពុង​ប្រឹងប្រែង​ជំរុញ​ឲ្យក្លាយ​ជាប្រទេស​មាន​ចំណូលម​ធ្យ​ម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​ប្រធាន​គណៈ​ពង្រឹង​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ស្វាយរៀង​រូបនេះ បន្តថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​នឹង​ជំរុញ​ប្រាក់បៀវត្សរ៍​មន្ត្រីរាជកា​រ​កើនឡើង​ជា​បន្តបន្ទាប់ ប្រាក់​សោធ​និវត្តន៍​ក៏​បាន​កើនឡើង ហើយ​ប្រាក់​ឈ្នួល​របស់​កម្មករ នៅក្នុង​វិស័យ​កាត់ដេរ និង​ស្បែកជើង ក៏​បាន​កើនឡើង​ផងដែរ​។​

​ដើម្បី​បន្ត​រក្សា​បាន​ភាព​រីកចម្រើន​របស់​ជាតិ​កម្ពុជា​ទៅ​មុខ​បន្តទៀត ជាពិសេស​រក្សាបាន​នូវ​សុខ​សន្តិភាព​នោះ លោកស្រី ម៉ែន សំអន បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ​ប្រទេស​ដែល​ខ្លួន​ពេញចិត្ត​។​

​កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៨ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ជូន​ជនរួមជាតិ និង​សុំ​ការគាំទ្រ​ពី​ជនរួមជាតិ​លើ «​កម្មវិធី​នយោបាយ សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៨-២០២៣» ដែល​ជា​ត្រីវិស័យ​សម្រាប់​ទម្រង់​ទិស​សកម្មភាព​របស់​គណ​បក្ស ក្នុង​ការបន្ត​បំពេញភារកិច្ច បម្រើ​ជាតិ និង​ប្រជាជន រយៈពេល​៥​ឆ្នាំ​ទៅ​មុខ​។ កម្មវិធី​នយោបាយ​នេះ បាន​កំណត់​គោលដៅ​ធំៗ ជា​យុទ្ធសាស្ត្រ ដូចខាងក្រោម​៖

​ទី​១៖ គោរព និង​ការពារ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការពារ​របបរាជានិយម និង​រាល់​សមិទ្ធផល​របស់​ជាតិ​ឱ្យបាន​គង់វង្ស​ស្ថិត​ស្ថិរ​ជា​និរន្តរ៍ លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការគោរព​សិទ្ធិមនុស្ស​។​

​ទី​២៖ ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​សន្តិភាព​យ៉ាយ​រឹងមាំ មិន​ឱ្យ​កម្លាំង​ណាមួយ​មក​រំលោភ​បំពាន និង​បំផ្លាញ​បានឡើយ ប្រឆាំង​ដាច់ខាត​ការជ្រៀតជ្រែក​របស់​បរ​ទេស ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​

​ទី​៣៖ កសាង​ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ដ៏​រឹងមាំ និង​ជឿ​លឿន​ដោយ​ផ្អែកលើ​ច្បាប់ ធានា​ការអនុវត្ត​ច្បាប់​ដោយ​ស្មើភាព​សម្រាប់​ពលរដ្ឋ​គ្រប់រូប ពលរដ្ឋ​ម្នាក់ៗ មាន​សិទ្ធិ​ពេញលេញ និង​មាន​ភារកិច្ច​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការកសាង និង​ការពារ​មាតុភូមិ​។​

​ទី​៤៖ បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា និង​កាន់តែ​មាន​មូលដ្ឋាន​រឹងមាំ ដែល​ធានា​ឱ្យ​ប្រជាជន​មាន​ជីវភាព​រស់នៅ​យ៉ាង​សមរម្យ ថ្លៃថ្នូរ ដោយ​ចាក​ផុត​ពី​ភាពក្រីក្រ​, ពី​គ្រោះ​អវិជ្ជា​, ពី​ជំងឺ​តម្កាត់​នានា​, ពី​ការកេងប្រវ័ញ្ច និង​អំពើ​ហិង្សា​គ្រប់​រូបភាព​។​

​ទី​៥៖ ពង្រឹង​ពង្រីក​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រតិ​បបត្តិ​ការល្អប្រសើរ រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​គ្រប់​ប្រទេស និង​អង្គការ​អន្តរជាតិ​នានា ដើម្បី​ជម​រុញ​ការអភិវឌ្ឍ​ប្រទេស និង​បង្កើន​ការចូលរួម​យ៉ាង​សកម្ម​របស់​កម្ពុជា ក្នុង​បុព្វហេតុ​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​ពិភពលោក​៕ វ៉ៃកូ​

spot_img
×