Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុ​អ្វី​ត្រូវ​ប្រើប្រាស់​សេវា​ធនាគារ ជា​ប្រាក់​រៀល​?

spot_img

​ភ្នំពេញ ៖ ផ្អែក​តាម​របាយការណ៍​ប្រចាំឆ្នាំ របស់​ធនាគារជាតិ នៃ​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ ក្នុង​ការចាក់​បញ្ចូល​ប្រាក់​រៀល​ប្រមាណ ៣,៧​ពាន់​លាន​រៀល តាមរយៈ​ការទិញ​ប្រាក់​ដុល្លារ​អាមេរិក ដែល​មាន​តម្លៃ​សរុប ៩១៥​លាន​ដុល្លារ​អាមេរិក ដោយ​កើនឡើង​ប្រមាណ ១១,៤% បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។ ទំនុកចិត្ត​នៃ​ការប្រើប្រាស់​ប្រាក់រៀល ពិតជា​មាន​សារសំខាន់​ណាស់ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​សង្គមជាតិ​ទាំងមូល​។ សម្រាប់​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ ការប្រើប្រាស់​ប្រាក់រៀល គឺជា​ការចាំបាច់ ក្នុង​ការលើកកម្ពស់​រូបិយប័ណ្ណ​ក្នុងស្រុក និង​ជា​ពិសេស​ផ្តល់​ផល​ចំណេញ​ដល់​អតិថិជន​ផ្ទាល់​តែម្តង​។ ដោយ​មាន​ការគាំទ្រ និង​លើកទឹកចិត្ត​ពី​ធនាគារ​ជាតិ ធនាគារ ពាណិជ្ជ​នានា​បានចាប់ផ្តើម​ផ្តល់នូវ​ផលិតផល និង​សេវាកម្ម​ធនាគារ​ជា​ប្រាក់​រៀល ជាមួយនឹង​អត្ថប្រយោជន៍​ល្អ​ជាង​ប្រាក់​ដុល្លារ ទៅតាម​តម្រូវការ​របស់​អតិថិជន​។​

​លោក ហុង ជៀ​ប នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម របស់​ធនាគារ ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) បានឲ្យ​ដឹង​លម្អិត​ថា​៖ «​ក្នុងនាម​ជា​ធនាគារ​ពាណិជ្ជ​ថ្នាក់​តំបន់​ឈានមុខ​គេ​មួយ ក្នុងប្រទេស​កម្ពុជា ធនាគារ CIMB មាន​មោទនភាព ក្នុង​ការរួមចំណែក​ដល់​ការលើកកម្ពស់​កា​រ​ប្រើប្រាស់​ប្រាក់រៀល នៅក្នុង​គ្រឹះស្ថាន​ធនាគារ ដោយ​នាំយក​ផលិតផល​ធនាគារ​ជា​ប្រាក់​រៀល​ដ៏​សម្បូរបែប ទាំង​ទៅ​លើ​ប្រភេទ​កម្ចី និង​ប្រាក់​បញ្ញើ ដល់​អតិថិជន​។ ស្រប​តាម​ការលើកទឹកចិត្ត និង​បទ​ប្បញ្ញត្តិ​របស់​ធនាគា​រ​ជាតិ នៃ​កម្ពុជា យើង​នឹង​បង្កើន​ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ អំពី​សារៈសំខាន់​និង​រួម​ចំណែក​នៃ​ការប្រើប្រាស់​ប្រាក់រៀល ទាំង​ក្នុង​វិស័យ​ធនាគារ និង​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ទាំងមូល​ផងដែរ​»​។​

​ជា​ការពិត​ណាស់ សម្រាប់​ប្រតិបត្តិកា​រធនាគារ​មួយចំនួន ដូចជា​ការទូទាត់​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម និង​ការបង់ពន្ធ​ជា​ប្រាក់​រៀល​ជាដើម អតិថិជន​អាច​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ និង​បង្កើន​ចំណេញ​បាន​ច្រើន នៅពេលដែល​ពួកគេ​មាន​គណនី​ធនាគារ​ជា​ប្រាក់​រៀល​ស្រាប់ ដោយ​កាត់បន្ថយ​នូវ​ហា​នី​ភ័យ ពី​អត្រា​ប្តូរប្រាក់​។ ជាមួយគ្នានេះ សម្រាប់​ការដាក់​ផ្ញើ​ប្រាក់​បញ្ញើ​ជា​ប្រាក់​រៀល អតិថិជន​ក៏​ទទួលបាន​អត្រា​ការប្រាក់​ល្អ​ជាង​ប្រាក់​ដុល្លារ​អាមេរិក​ផងដែរ​។ ឧទាហរណ៍ សម្រាប់​គណនី​បញ្ញើ​ប្រាក់រៀល​មាន​កាល កំណត់ ធនាគារ CIMB ផ្តល់ជូន​អតិថិជន នូវ​អត្រា​ការប្រាក់ រហូតដល់ ៦% ខណៈ​ដែល​អត្រា​ការប្រាក់ ជា​ប្រាក់​ដុល្លារ​អាមេរិក ត្រឹមតែ ៤% ប៉ុណ្ណោះ​។​

​តាមរយៈ​ការជួយ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា ពី​សំណាក់​ធនាគារជាតិ នៃ​កម្ពុជា ប្រាក់​រៀល​ត្រូវបាន​រំពឹងថា នឹង​មាន​ការ​ចរាចរ​កើនឡើង​ជា​លំដាប់ ក្នុងប្រទេស​កម្ពុជា ដែល​ជំរុញ​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយវត្ថុ​។ ធនាគារជាតិ នៃ​កម្ពុជា នឹង​មាន​លទ្ធភាព​កាន់តែ​ច្រើន ក្នុង​ការគ្រប់គ្រង​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ចីរភាព​។ ហើយ​ប្រសិនបើ​ប្រាក់​រៀល​ជា​រូបិយវត្ថុ​ចម្បង ការប្រើប្រាស់​ប្រាក់រៀល​តែមួយ​មុខ ក៏​នឹង​លើកកម្ពស់​កិត្យានុភាព និង​អធិបតេយ្យភាព​របស់​ប្រទេសជាតិ​យើង​។​

​ធនាគារ ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិម​ប៊ី គ្រុប ដែល​បាន​ចាប់ផ្តើម​ប្រតិបត្តិការ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១០ ដោយ​បាន​បើក​សាខាពាណិជ្ជ​ទី​១ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ធនាគារ​មាន​សាខា​ចំនួន ១១​កន្លែង នៅក្នុង​ខេត្ត​រាជធានី​សំខាន់ៗ​ទាំង​៥ រួម​មាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ចាម និង​ខេត្ត​បាត់ដំបង​។ ជាមួយនឹង​អតិថិជន​ទាំង​បុគ្គល​សរុប​ប្រមាណ ២៣,០០០​នាក់ ធនាគារ ស៊ី​អាយ​អិម​ប៊ី មាន​ផ្តល់ជូន​សេវាកម្ម និង​ផលិតផល​ធនាគារ​ដ៏​ទូលំទូលាយ រួម​មាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ហិរញ្ញ​ពាណិជ្ជកម្ម ព្រមទាំង​សេវាកម្ម​ហិរញ្ញវត្ថុ​សាជីវកម្ម និង​សេវា​ប្រតិបត្តិការ​ផងដែរ​៕ ដោយ​៖​កូឡាប​

spot_img
×