Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហៅ​ម្ចាស់​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល បិទ​រូប​សញ្ញា​គណបក្ស មក​សួរនាំ​

spot_img

​ភ្នំពេញ​ ៖ បុរស​ម្នាក់ ដែល​បាន​បិទ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា នៅលើ​រថយន្ត​ឡិច​ស៊ី​ស ពាក់​ស្លាក​លេខ​នគរបាល ធ្វើឱ្យ​មាន​ការរិះគន់​នៅលើ​បណ្តាញ​សង្គម Facebook ត្រូវបាន​នាំ​ខ្លួន​មក​ក្រសួង​មហាផ្ទៃ ដើម្បី​សួរនាំ​។ បន្ទាប់​ពី​មាន​ការសាកសួរ​នេះ ក្រសួង​មហាផ្ទៃ​កំពុង​ពិចារណា ក្នុង​ការបញ្ជូន​សំណុំរឿង​នេះ ទៅកាន់ គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨​នេះ ។​

​បុរស​ដែល​ក្រសួងមហាផ្ទៃ ហៅ​មក​សួរនាំ​នេះ​មានឈ្មោះ ឈួន ភាព ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​នៅ​ឃុំ​ទ្រា ស្រុក​សំរោង​ទង ខេត្តតាកែវ​។ ឈួន ភាព បាន​យក​រថយន្ត​ម៉ាក Lexus RX 330 ពណ៌​ស ពាក់​ស្លាក​លេខ ន​ប 2-0996 ជា​របស់​បងប្រុស​របស់ខ្លួន ឈ្មោះ សឿន សឿង ជា​មន្ត្រី​នគរបាល​ជាតិ នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ដែល​បាន និង​កំពុង​បំពេញ​បេសកកម្ម​សិក្សា នៅ​ក្រៅប្រទេស យក​ទៅ​ប្រើប្រាស់ និង​ជួសជុល​។​

​តាម​ចម្លើយ​របស់​លោក ឈួន ភាព កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៨ លោក​បាន​បើករថយន្ត​ខាងលើ ទៅលេង​កោះ​ពេជ្រ ហើយ​បាន​ឃើញ​មានការ​ដង្ហែ​គណបក្ស និង​មាន​ការចែក​រូប​សញ្ញា (Logo) គណបក្ស​ប្រជាជន​កម្ពុជា​។ ដោយ​ខ្លួន​ស្រឡាញ់ និង​ពេញចិត្ត ខ្លួន​ក៏​បាន​សុំ​គេ​ចំនួន​២​ឡូហ្គោ យក​ទៅ​បិទទ្វារ​រថយន្ត​ទាំងសងខាង​។ ពាក់ព័ន្ធ​នឹង​ការ​យក​រថយន្ត​ពាក់​ស្លាក​លេខ ន​.​ប កម្មសិទ្ធិ​របស់​រដ្ឋ ដែល​គ្រប់គ្រង ដោយ​បងប្រុស​បិទ​រូប​សញ្ញា គណបក្ស​នេះ លោក​អះអាង​ថា លោក​ពុំ​បាន​ដឹងថា វា​ខុស​នឹង​ច្បាប់ ស្តីពី​ការបោះឆ្នោត​នោះទេ ហើយក៏​ពុំ​មាន​បំណង​ឬ ចេតនា​អ្វី​ក្រៅពី​ការស្រឡាញ់ គណបក្ស​តែប៉ុណ្ណោះ​។​

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​ថា បន្ទាប់ពី​មាន​ការរិះគន់ ទៅលើ​អ្នក​ប្រើប្រាស់​រថយន្ត​រដ្ឋ ដើម្បី​បម្រើ​ការឃោសនា​ឱ្យ​គណបក្ស​នោះ រហូតមកដល់​ពេលនេះ គ​.​ជ​.​ប មិនទាន់​បាន​ទទួល​ពាក្យបណ្តឹង ពី​ភាគី​ណាមួយ​នៅឡើយ​ទេ ហើយ​ប្រសិនបើ​មាន​ពាក្យបណ្តឹង​អំពី​ករណី​នេះ គ​.​ជ​.​ប នឹង​ធ្វើ​ការដោះស្រាយ​តែ​ម្តង​។ បើ​តាម​ច្បាប់​ស្តីពី​ការបោះឆ្នោត មាត្រា​១៥៨ បានចែង​ថា ត្រូវ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ចំពោះ​ជន​ណា​ដែល​ប្រើប្រាស់​សម្ភារៈ មធ្យោបាយ​ដឹកជញ្ជូន ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ដើម្បី​ធ្វើ​សកម្មភាព​ឃោសនា​ឱ្យ​គណបក្ស​នយោបាយ​ណាមួយ ឬ​បេក្ខជន​ណាមួយ​។ ក្នុងករណី​ដែល​នៅតែ​មិន​គោរព​តាម​ការព្រមាន​ខាងលើ ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី ៥.០០០.០០០ (​ប្រាំ​លាន​រៀល​) ទៅ​១០.០០០.០០០ (​ដប់​លាន​រៀល​) ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×