Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​អង្គការ​ចតុ​ទឹស​សង្គហៈ​រង​ការបាញ់គំ​រាម​ពី​មន្ត្រី​យោធា​

spot_img

​ភ្នំពេញ ​៖ ប្រធាន​អង្គការ​ចតុ​ទឹស​សង្គហៈ​និង​ជា​ប្រធាន​អេ​អាយ​អឹម​(AIM) លោក ស៊ឹង គា បាន​អះអាង​ថា រូបគាត់​ត្រូវបាន​មន្ត្រី​យោធា​ម្នាក់ បាញ់​គំរាមកំហែង​អាយុជីវិត​កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​ត្រង់​ចំណុច ភូមិ​ជើងឯក សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ លោក​បន្តថា រហូតមកដល់​ពេលនេះ មន្ត្រី​យោធា​រូបនោះ នៅ​មិនទាន់​ត្រូវបាន សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ ចាប់ខ្លួនបាន​នៅ​ឡើយ​ទេ​។​

​យោងតាម​ពាក្យបណ្តឹង របស់លោក ស៊ឹង គា ដាក់​ប្តឹងទៅ​មន្ត្រី​កងរាជអាវុធហត្ថ ខណ្ឌដង្កោ កាលពី​ថ្ងៃ​ទី​១២ ខែ​ក​កក្កដា ឆ្នាំ​២០១៨ បាន​ប្តឹង​ពី​ឈ្មោះ រ៉ូម ដែល​ជា​មន្ត្រី​យោធា បាន​បាញ់​គំរាមកំហែង​រូបលោក កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅ នៅ​ចំ​ថ្ងៃ​យុទ្ធនាការ​ឃោនាបោះឆ្នោត​ថ្ងៃ​ទី​ពីរ​។​

​ពាក្យបណ្តឹង​ដដែល បាន​រៀបរាប់​ថា កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៨ រូបលោក​បាន​ឃើញ​មនុស្ស​ប្រុស​ស្រី​មួយ​ក្រុម​បាន​អង្គុយ​ផឹកស្រា នៅមុខ​ផ្ទះ លោក សុខ សំអុល និង​អ្នកស្រី ឥ​ន ផាន្នី​។ នៅពេល​នោះ​លោក​បាន​ទៅ​លេង​ផ្ទះ​ប្អូនស្រី របស់​លោក​រហូត​ម៉ោង ២​រសៀល ទើប​វិញ​មក​ផ្ទះ​វិញ ប៉ុន្តែ​ពេល​លោក​ចេញ​ឡាន ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់ បាន​មក​សួរ​រូប​លោក​ថា “​បង ! បងប្រុស​ម្ចាស់ផ្ទះ​អាង​ហែល​ទឹក​នោះ​មែន !”​។ ដោយ​បុរស​នោះ​បាន​ប្រាប់​លោក​ថា ប្អូនស្រី របស់​លោក​ឈ្លោះ​គ្នា​ជាមួយ​ប្អូនស្រី​គាត់​ឈ្មោះ ឥ​ន ផាន្នី​។ គ្រា​នោះ លោក ស៊ឹង គា ក៏​បាន​ឆ្លើយតប​ថា លោក​អត់​ដឹង​រឿង​អ្វី​ទ​ទៅ​សួរ​សា​ម៉ី​ខ្លួន​គេ​ទៅ ឬ​សួរ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​..? ពេលនោះ​លោក​ក៏​បាន​បើក​ឡាន​ចេញ​ប្រហែល​​ប្រាំ​ម៉ែត្រ ក៏​ស្រាប់តែ​ប្អូនស្រី​លោក ទូរស័ព្ទ​ប្រាប់​ថា បុរស​ម្នាក់​នោះ​បាន​បាញ់​មួយ​គ្រាប់​ពេល រូប​លោក​ចេញ​ឡាន​វិល​មក​ផ្ទះ​វិញ​។​

ក្រោយ​ឮដំណឹង​នេះ​ភ្លាម លោក ស៊ឹង គា ថ្លែងថា លោក​មាន​ការ​ភ័យ​តក់ស្លុត​យ៉ាង ខ្លាំង ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​កើតហេតុ​នោះដែរ​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក ស៊ឹង គា បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក​ឈ្មោះ រ៉ូម ដែល​ជា​មន្ត្រី​យោធា បាន​ប្រើ​កាំភ្លើង​បាញ់​បោះ​សេរី គំរាម​មកលើ​រូបលោក ដើម្បី​សាកសួរ​អំពី​ករណី​បាញ់​ផ្ទុះអាវុធ​គំរាមកំហែង ឈានដល់ ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​នេះ​។​

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ បានឲ្យដឹងថា ចំពោះ​ករណី​ខាងលើនេះ សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្តឹង របស់​ជនរងគ្រោះ​រួចហើយ និង​បាន​រាយការណ៍​ជូន​ទៅ​ថ្នាក់លើ​រួចរាល់​ហើយ​ដែរ​។​

លោក​បន្តថា ករណីនេះ បើ​កម្លាំង​រាជ​អាវុធហត្ថ​រក​ឃើញ​អ្នក​ដែល​បាញ់​គំរាម​នោះ នឹង​ឃាត់ខ្លួន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ភ្លាមៗ គឺ​មិន​អនុញ្ញាត​ឲ្យមាន​ការបា​ញ់​បោះ​សេរី​បែបនេះ​ទេ​៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×