Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃាត់ខ្លួន​ចិន​អ្នកលេង ៣ នាក់ បន្ទាប់​ពី​ប៉ុនប៉ង​សម្លាប់​ស្ត្រី​ខ្មែរ​រងគ្រោះ​មិនបាន​សំរេច​

spot_img

​ភ្នំពេញ ​៖ ស្ត្រី​ខ្មែរ​ម្នាក់ ត្រូវបាន​បុរស​ជនជាតិ​ចិន​គ្នា​៣​នាក់ ប្រដាប់​ដោយ​ដែក​គាស់ ជិះ​រថយន្ត​មួយ​គ្រឿង​បិទ​ស្លាក​លេខ មក​ធ្វើ​សកម្មភាព វាយ​បណ្តាលឲ្យ​រងរបួស​ធ្ងន់​និង​វាយ​រថយន្ត​ជនរងគ្រោះ ខ្ទេច បង្ក​ឲ្យ​ភ្ញាក់ផ្អើល ប៉ូលីស ខណ្ឌ​ពោធិ​សែន​ជ័យ ប្រដេញ​តាម​ចាប់ ផ្អើល​តាមផ្លូវ​។​

​លោក​វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បានអោយដឹងថា នៅ​ថ្ងៃ​ទី ១៣ ខែកក្កដា​ឆ្នាំ ២០១៧ វេលា​ម៉ោង ១១​និង​០០​នាទី​មុខ​ហាង​កាហ្វេ​តេស្ត ភូមិ​ចោមចៅ ២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ករណី​ប៉ុន​ប៉ង​​ឃាតកម្ម​កើតឡើង​ចំនួន ១​លើក​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន ៣​នាក់​​ស្លៀក​ពាក់​​ស៊ីវិល ប្រើ​ដំបង​ដែក និង​រថយន្ត ១​គ្រឿង ជា​មធ្យោបាយ​។​

​ក្រោយ​ពី​ហេតុការណ៍​កើតឡើង កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ចុះ​អន្តរាគមន៍​ភ្លាម​ឯ​ឃាត់ខ្លួន​បាន​ជនល្មើស ៣ នាក់ មានឈ្មោះ​ដូច​ខាងក្រោម ៖ -​ជនសង្ស័យ​ទី​១​មានឈ្មោះ ZOU XINAN ភេទ​ប្រុស​អាយុ ៤៤ ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E03461752 មុខរបរ​បុគ្គលិក​រោង​ចក្រ ស្នាក់នៅ​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ -​ជនសង្ស័យ​ទី​២ QIU XING JIE ជនជាតិ​ចិន ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ មុខរបរ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ EA 8361310 ស្នាក់​នៅ​ស្នាក់​នៅ​ភូមិ​ព្រៃទា​១ សង្កាត់​​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ -​ជនសង្ស័យ​ទី​៣​មានឈ្មោះ HU XUEHUA ជនជាតិ​ចិន ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ មុខរបរ ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ E 19247503 ស្នាក់នៅ​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនរងគ្រោះ​ឈ្មោះ ហង់ ចាន់នី ភេទ​ស្រី អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក រោងចក្រ ស្នាក់​នៅផ្ទះ​លេខ 165 Eo ផ្លូវ​លេខ​៩៣ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​

​មុន​កើតហេតុ ស្ត្រី​រងគ្រោះ​បើករថយន្ត រួម​ដំណ់រ​ជាមួយ​ស្ត្រី​ម្នាក់ទៀត ចូល​បំ​រ៉ុង​ហូបបាយ​នៅ​ហាង​កាហ្វេ​តេស្ត ហើយ​គ្រាន់តែ​ជន​រងគ្រោះ​ចុះ​ពី​លើ​រថយន្ត ស្រាប់តែ​ក្រុម​ជនបង្ក ប្រដាប់​ដោយ​ដែក​គាស់ ចំនួន​២​ដើម បើក​រថយន្ត​កាមរី​ឆ្លាម ទៅដល់ ធ្វើ​សកម្មភាព​វាយ​ទៅលើ​ស្ត្រី​រងគ្រោះ បណ្តាលឲ្យ​ដេក​ដួល​រងរបួស​ធ្ងន់ ហើយ​វាយ រថយន្ត​ជនរងគ្រោះ បណ្តាលឲ្យ​បែក​កញ្ចក់​ខ្ទេច​ជុំវិញ ។ ក្រោយពី​ធ្វើ​សកម្មភាព​រួច​ក្រុម​ជនដៃដល់​បើករថយន្ត រត់គេច​ផ្អើល​អស់​សមត្ថកិច្ច ខណ្ឌ​ពោធិ​សែន​ជ័យ ចេញ​អន្តរាគមន៍ ប្រដេញ​តាម​ចាប់​ជនបង្ក រហូត​ដល់​ផ្លូវ​សហព័ន្ធ​រុស្សី​មុខ​ព្រលានយន្តហោះ​ពោធិចិនតុង ទើប​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​៣​នាក់ ដកហូត​បាន​វត្ថុតាង ដែក​គាស់​២​ដើម ។​

​ករណី​ខាងលើ ជា​រឿង​គំនុំ ពីមុនមក ស្ត្រី​រងគ្រោះ​ត្រូវបាន ថៅកែ​ចិន​រោងចក្រ ឈ្មោះ​ចូ ហ្វី​លីប គម្រាមកំហែង​ប៉ុនប៉ង ចាប់រំលោភ តែ​មិនបាន​សម្រេច ត្រូវបាន​ជន​រងគ្រោះ​ប្តឹង ហើយ​ថៅកែ​ចិន​នោះ​ត្រូវបាន​បញ្ឈប់​ពី​ការងារ ។​

​មូលហេតុ​បង្ក​ហឹង្សា​ដោយសារ​ជនល្មើស​ជនជាតិ​ចិន​ប៉ុនប៉ង​រំលោភ​នាង​ជា​ច្រើនលើក​ច្រើនសារ រហូត​នាង​ទ្រាំ​មិន​បាន​ក៏​រាយការណ៍​ជូន​ប្រធាន​ក្រុមហ៊ុន ។ បន្ទាប់​មក​ប្រធាន​ក្រុមហ៊ុន​បាន​ហៅ​ជនល្មើស​មក​ព្រមាន​និង​បញ្ឈប់​ពី​ការងារ ។ ដោយ​ហេតុផល​ខាងលើ​នេះ​ហើយ​ធ្វើអោយ​ជនល្មើស​តាម​សម្លាប់​នារី​រងគ្រោះ​ដើម្បី​សងសឹក ។ លុះ​រហូត​មកដល់​ព្រឹក​កើតហេតុ​នេះ ថៅកែ​ចិន​រូបនោះ នាំ​បក្ខពួក​ជនជាតិ​ចិន​ដូចគ្នា សរុប​៣​នាក់​ខាងលើ មក​ប៉ុនប៉ង​សម្លាប់ ជនរងគ្រោះ​ចោល ទើប​រៀប​គម្រោង បិទ​ស្លាក​លេខ​រថយន្ត ជាស្រេច មក​ធ្វើ​សកម្មភាព វាយ​ជនរងគ្រោះ និង​វាយ​កម្ទេច​រថយន្ត ជនរងគ្រោះ​ខ្ទេច ។​

​សម្ភារៈ​ខូចខាត​៖ រថយន្ត​ត្រូវ​វាយ​បំបែក​កញ្ចក់​ខាង​មុខ​កញ្ចក់ និង​ចំហៀង​ទ្វា​រទាំង​៤ រថយន្ត​នោះ​ម៉ាក​កាមរី​ស៊េរី​បា​ឡែន​ឆ្នាំ 2002 ពាក់​ស្លាក​លេខ​ភ្នំពេញ 1AN-1659 ។​

​ស្លាកស្នាម​បន្សល់ទុក​៖ របួស​ក្បាល​ហើម​ពក​. របួស​ជើង​ខាងឆ្វេង​. លើ​ទ្រូង​ហើម​ជាំ .​មុត​មេដៃ​ខាងស្ដាំ​. ត្រចៀក​ឆ្វេង​ហើម ជាំ នឹង​ត្រូវ​របួស​មាត់​ហើម​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​កំពុង​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សួរនាំ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×