Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ពុល​ស្រាស ដែល​ផលិត​មិន​ត្រឹមត្រូវ នៅ​ស្រុក​ស្នួល ដោយ​មាន​សារធាតុ​មេ​តា​ណុល​ខ្ពស់ ស្លាប់​៣​នាក់ របួស​ជាង​៦០​នាក់​

spot_img

​ក្រចេះ​ ៖ ករណី​ពុល​សារធាតុ​មេ​តា​ណុល​នៅក្នុង​ស្រាស នៅ​ភូមិ​ស្នួល​វត្ត​កើត និង​ភូមិ​ស្នួល​វត្ត​លិច ឃុំ​ស្នួល ស្រុក​ស្នូល ខេត្ត​ក្រចេះ មាន​អ្នកស្លាប់​ចំនួន​៣​នាក់ (​ស្រី​២​នាក់​) និង​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៦២​នាក់ (​ស្រី​ចំនួន​១៩​នាក់​)​។ អ្នកជំងឺ​ចូល​សម្រាក​ពេទ្យ​ទាំងអស់ មាន​រោគសញ្ញា​ដូចជា អស់កម្លាំង ណែន​ទ្រូង ឈឺក្បាល ព្រិល​ភ្នែក បាត់បង់​ស្មារតី វិលមុខ ឈឺ​ពោះ រាក​រូស ក្អូតចង្អោរ ។ ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ស្នូល និង​នៅ​មន្ទីរពេទ្យ​ខេត្ត​ក្រចេះ កំពុង​យកចិត្តទុកដាក់ តាមដាន​និង​ព្យាបាល​អ្នក​សម្រាក​ពេទ្យ​ទាំងអស់ ហើយ​រហូត​មក​ដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៥​ខែកក្កដា​នេះ មិន​មាន​ករណី​ថ្មី​ដែល​ពុល​ស្រាស​ចូល​មក​សម្រាក​ពេទ្យ​នោះទេ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមការងារ​ថ្នាក់ជាតិ​និង​ថ្នាក់​ខេត្ត​ក្រចេះ ចុះ​ស្រាវជ្រាវ​ករណី​ពុល​ស្រាស​នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ ចេញផ្សាយ​នៅ​ថ្ងៃអាទិត្យ ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ បានបញ្ជាក់់​ថា ផ្អែក​តាម​ការអង្កេតរ​បស់​ក្រុមការងារ ឆ្លើយតប​បន្ទាប់​របស់​មន្ទីរ​សុខាភិបាល​ខេត្ត ពុំ​បាន​រកឃើញ​ភ័ស្ដុតាង​ដែល​គួរឲ្យ​សង្ស័យ​ថា​អ្នក​ឈឺ និង​អ្នកស្លាប់​មាន​ការចម្លង​ជំងី​ពី​សត្វ​មក​មនុស្ស ឬ​ជំងឺ​ផ្សេងៗ ការពុល​ចំណីអាហារ ឬ​ការពុល​សារធាតុ​គីមី​ផ្សេងៗ​ទេ​។ ជា​ការសន្និដ្ឋាន ផ្អែក​លើ​រោគសញ្ញា និង​ទិន្នន័យ​អង្កេត​អ្នកស្លាប់ និង​អ្នកជំងឺ​អាច​បណ្ដាលមកពី​ការពុល​សារធាតុ​មេ​តា​ណុល​ក្នុង​ស្រាស​។​

​បើ​តាម​រដ្ឋបាល​ខេត្ត​ក្រចេះ អ្នកស្លាប់ និង​ឈឺ​ចូល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​ស្នួល មន្ទីរពេទ្យបង្អែក​ខេត្ត និង​មន្ទីរពេទ្យ​កាល់ម៉ែ​ត ដោយសារ​ពួក​គាត់​មាន​អាការ ថប់ដង្ហើម វិលមុខ ស្រវាំងភ្នែក និង​អស់កម្លាំង​។​

​សូម​រំលឹក​ថា ហេតុការណ៍​ពុល​ស្រាស​មាន​សារធាតុ​មេ​តា​ណុល​នេះ កើតឡើង​នៅ​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​ស្នួល​កើត ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ ក្រោយ​កើតហេតុ​ភ្លាម ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​សុខាភិបាល បាន​ចុះ​ទៅ​ធ្វើ​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​នៅ​កន្លែងកើតហេតុ​ផងដែរ​។​

​បើ​តាម​ក្រសួង​សុខាភិបាល បាន​ស្នើ​សូម​ប្រជាពលរដ្ឋ ចូលរួម​ទាំងអស់គ្នា បញ្ឈប់​ការ​ពិសា​ស្រាស ដែល​ផលិត​មិន​ត្រឹមត្រូវ តាម​បច្ចេកទេស​ជាបន្ទាន់ ដើម្បី​សុខភាព​របស់​លោក​អ្នក​។ សូម​ថ្លែង​នូវ​ការកោតសរសើរ ដល់​ក្រុម​គ្រូពេទ្យ​បង្អែក​ស្នួល និង​មន្ទីរពេទ្យ​ខេត្ត​ក្រចេះ ព្រមទាំង​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ ដែល​បាន​ជួយ​អន្តរាគមន៍ បាន​រហ័ស​ជួយ​ដល់​ប្រជាពលរដ្ឋ លើ​ករណី​ពុល​ស្រាស​ខាងលើនេះ​។​

​បន្ទាប់​ពី​បង្កើត​គណៈកម្មការ ត្រួតពិនិត្យ ស៊ើបអង្កេត អំពី​ករណី​ពុល​ស្រាស នៅ​ខេត្ត​ក្រចេះ​ហើយ​នោះ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ ក្រសួង​សុខាភិបាល បាន​ចេញ​ប្រកាស​មួយទៀត ដើម្បី​បង្ហាញ​អំពី​លទ្ធផល​ស៊ើបអង្កេត​របស់​ខ្លួន​។​

​តាម​សេចក្តីប្រកាស​របស់ ក្រសួង​សុខាភិបាល ករណី​ពុល​ស្រាស នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ ដែល​បណ្តាលឱ្យមាន​អ្នកស្លាប់​៣​នាក់ និង​របួស​ជាច្រើន​នាក់​នោះ គឺ​កើតឡើង​ដោយសារ​តែ​ការផលិត​ស្រាស​មិន​ត្រឹមត្រូវ តាម​បច្ចេកទេស បណ្តាល​ឱ្យ​មាន​សារធាតុ​មេ​តា​ណុល​ខ្ពស់​។​

​ក្រសួង​សុខាភិបាល បាន​បន្ថែមថា យោង​តាម​ការអង្កេត​ផ្នែក​អេពីដេមី​សាស្ត្រ ការអង្កេត​ផ្នែក​ចំណីអាហារ និង​បរិស្ថាន ពុំ​បាន​រកឃើញ​នូវ​ហេតុការណ៍​ផ្សេងទៀត ពី​ការពុល​ស្រាស​ដែល​បណ្តាលឲ្យ​មាន​អ្នក​ឈឺ និង​ស្លាប់ ឬក៏​ហេតុការណ៍​ដែល​បង្ហាញ​ពី​ការសង្ស័យ​មានការ​ចម្លងជំងឺ​ពី​សត្វ​មក​មនុស្ស ឬ​ជំងឺឆ្លង​ផ្សេងៗ ឬ​ការពុល​សារធាតុ​គីមី​ផ្សេងៗ ក្រៅពី​ការពុល​ស្រាស ដោយ​សារធាតុ​មេ​តា​ណុល​នោះទេ​។​

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​សន្និដ្ឋានថា “​ផ្នែក​លើ​ប្រវត្តិ​នៃ​ការ​ពិសា​ស្រាស​ដែល​ផលិត​មិន​ត្រឹមត្រូវ រោគសញ្ញា និង​ទិន្នន័យ​ដេល​ទទួលបាន​ពី​ការអង្កេត ក្រុម​ការងារ​សុខាភិបាល​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត ចុះ​ស្រាវជ្រាវ​ករណី​ពុល​ស្រាស​នៅ​ស្រុក​ស្នូល ខេត្ត​ក្រចេះ គឺ​បណ្តាលមកពី ពុល​ស្រាស ដែល​មាន​សារធាតុ​មេ​តា​ណុល​”៕ ដោយ​៖​កូឡាប​
​ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​ទាំងស្រុងរ​បស់​ក្រសួងសុខាភិបាល​៖

 

 

spot_img
×