Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ចម ប្រសិទ្ធ ប្រគល់​ថវិកា ជិត ២០០​លាន​រៀល ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ នេះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​រៀបចំ​ពិធី​ប្រគល់​ថវិកា ដែល​បានមកពី​ការចូលរួម​បរិច្ចាគ​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​សប្បុរសជន​នានា ក្នុង​ស្មារតី​សាមគ្គី​ធម៌ និង​មនុស្សធម៌ ជូន​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក្រោម​អធិបតីភាព លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​និង​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​តំណាង​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ទីស្តីការក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។​

​ថវិកា​ដែល​ត្រូវបាន​ប្រគល់ជូន មូលនិធិ​គន្ធបុប្ផា​កម្ពុជា នា​ព្រឹក​នេះ​គឺ​មាន​ចំនួន​ជិត ២០០​លាន​រៀល ដែល​ក្នុងនោះ​រួមមាន​៖
​ប្រាក់រៀល​៖ ១០៧ ៩៩៥ ៤០០៛ និង ប្រាក់​ដុល្លារ​៖ ២២ ៤៧៨$​។ ថវិកា​ខាងលើ​នេះ ទទួលបាន​ពី​សទ្ធា​ជ្រះថ្លា បរិសុទ្ធ​របស់ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ និង​លោកស្រី ទេព បុប្ផា​ប្រសិទ្ធ ចំនួន ២០ ០០០​ដុល្លារ​អាមេរិក និង​ក្រៅពីនេះ​ទទួល​ពី​សប្បុរសជន ដែល​ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៅ​ទីស្តីការក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម តាម​បណ្តា​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម រាជធានី​-​ខេត្ត អង្គភាព​រដ្ឋាករទឹក​ស្វ័យ​ត និង​អាជីវករ​នៅតាម​បណ្តា​រាជធានី​-​ខេត្ត រួមទាំង អនិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​។​

ថ្លែង​ក្នុង​ពិធី​នេះ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បានលើកឡើង​ពី​ប្រវត្តិ នៃ​ការបង្កើត​មន្ទីរពេទ្យ​គន្ធបុប្ផា ឡើង ជាពិសេស​គឺ​ការបង្កើតឡើង​នូវ​មន្ទីរ​គន្ធបុប្ផា នៅ​ទី​រួម​ខេត្តសៀមរាប ហើយ​នឹង​វីរភាព​របស់ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត BEAT RICHNER​។​

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ក៏បាន​លើកឡើង​ពី​ការជួយជ្រោមជ្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ក្នុង​ការរួមចំណែក​ផ្តល់នូវ ថវិកា​រាប់​សិប​លាន​ដុល្លារ ជា​រៀងរាល់ឆ្នាំ ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​នៅ​រយៈពេល​ចុងក្រោយ​នេះ ក្រោម​គំនិត​ផ្តួច​ដ៏​ថ្លៃថ្លា របស់ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត “​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​” ត្រូវបាន​បង្កើតឡើង ដែល​យើង ចាត់ទុកជា ប្រវត្តិសាស្ត្រ​មួយ​ថ្មី​បញ្ជាក់​ថា កុមារ​កម្ពុជា នឹង​បន្ត​ទទួលបាន​ការធានា នូវ​ការ​គាំពារ​ផ្នែក​សុខភាព​ប្រកបដោយ​គុណភាព និង​ឥតគិតថ្លៃ សម្រាប់​ការព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប​។​

ជាមួយគ្នានេះ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ក៏​បាន​ប្រកាស​ផងដែរ​ថា លោក​ផ្ទាល់ និង​លោកស្រី នឹង​បន្ត​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ២០ ០០០ ដុល្លារ​ជា​រៀងរាល់ឆ្នាំ ជូន​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា និង​បាន​អំពាវនាវ​ដល់​សប្បុរស​ជន​នានា បន្ត​ចូលរួម​ឧបត្ថម្ភ​គាំទ្រ ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ទៅតាម​លទ្ធភាព​រៀងៗ​ខ្លួន ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា អាច​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​ប្រកបដោយ​ចីរភាព​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×