Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានីយប្រេងឥន្ធនៈ​មួយចំនួន នៅ​ក្រុងព្រះសីហនុ ផ្គើន​អនុសាសន៍​សម្តេច​តេជោ ហ៊ុន សែន និង​លក់​សាំង​មិន​គ្រប់​លីត្រ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​រកឃើញថា មាន​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​មួយចំនួន នា​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ លក់​សាំង​មិន​គ្រប់​លីត្រ និង​បន្លំ​គុណភាព​សាំង​មានដូចជា​៖ សាំង​ធម្មតា ថា​ជា​សាំង​ស៊ុប​ពែរ​ជាដើម ដោយ​លក់​បោកប្រាស់​ប្រជាពលរដ្ឋ​ឬ​អតិថិជន​។ ក្នុងនោះ​ក៏​នៅ​មាន​ស្ថានីយ​ខ្លះ​លក់​សាំង​ក្នុង​តម្លៃ​ខ្ពស់ មិន​ស្តាប់​តាម​ការណែនាំ របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់​បញ្ចុះតម្លៃ​ប្រេងសាំង​ចាប់តាំងពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១៨​មក​នោះ​ទេ​។​

កា​រកឃើញ​ខាងលើនេះ​នៅក្នុង​សកម្មភាព ដែល​មន្ត្រី​ជំនាញ​កាំកុងត្រូល​មក​ពី​អគ្គ​នាកដ្ឋាន​កាំកុងត្រូល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ -​មន្ត្រី​តំណាង​រដ្ឋបាល​ខេត្ត និង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ បាន​ចុះ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់ នៅ​តាម​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​មួយចំនួន ក្នុង​ក្រុង​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​។​

​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ឲ្យដឹងថា ជា​លើក​ទី​២ ហើយ ដែល​មន្ត្រី​ជំនាញ​កាំកុងត្រូល មក​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ចុះ​ពិនិត្យ​ពី​គុណភាព​ប្រេង និង​ការកំណត់​តម្លៃ​លក់ នៅ​តាម​ស្ថានីយ​ប្រេងឥន្ធនៈ ក្នុង​ក្រុង​ព្រះសីហនុ​។​

សកម្មភាព​ខាងលើ​នេះ មន្ត្រី​កាំកុងត្រូល​បាន​រកឃើញថា មាន​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​ខ្លះ បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​តាម​ទំនើងចិត្ត និង​មិន​ស្តាប់​តាម​ការណែនាំ របស់​ក្រសួង​ពាណិជ្ជកម្ម ជាពិសេស​បទបញ្ជា របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បញ្ចុះ​តម្លៃ​លក់​ប្រេង​សាំង និង​ត្រូវ​អនុវត្ត​ចាប់ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១៨​មក​នោះ​ទេ​។​

មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បញ្ជាក់​ថា​ភាពមិនប្រក្រតី​ដែល​មន្ត្រី​ជំនាញ បាន​រកឃើញ​នៅ​តាម​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​មួយចំនួន មានដូចជា​៖ ការបន្លំ​បរិមាណ​ប្រេង ឬ​បន្លំ​ចំណុះ​លីត្រ និង​បន្លំ​គុណភាព​ប្រេងសាំង​ជាដើម​។ ក្នុងនោះ​ក៏​មាន​ស្ថានីយ​ខ្លះទៀត បាន​យក​គុណភាព​សាំង​ធម្មតា​មក​បន្លំ​ថា ជា​សាំង​ស៊ុប​ពែរ លក់​ជូន​អតិថិជន​ជា​ដើម​..​។​

បន្ថែម​លើ​នេះ ក៏​មាន​ម្ចាស់​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​ខ្លះទៀត បាន​លក់​ប្រេង​សាំង​ក្នុង​តម្លៃ​ខ្ពស់ ហួស​ពី​តម្លៃ ដែល​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​សម្តេច​ប្រមុខ​ដឹកនាំ​បាន​កំណត់​បញ្ចុះតម្លៃ​ថែមទៀត​ផង​។​

យ៉ាងនេះក្តី មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បញ្ជាក់ថា ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ភាគច្រើន នៅក្នុង​ក្រុងព្រះសីហនុ បាន​អនុវត្តន៍​ត្រឹមត្រូវ​ទាំង​តម្លៃ និង​បរិមាណ ឬ​ចំនួន​លីត្រ ស្រប​តាម​ការណែនាំ របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បានកំណត់​។​

ករណី​មិន​ប្រក្រតី​ខាងលើនេះ មន្ត្រី​កាំ​កុង​ខេត្ត​ព្រះសីហនុ មិន​ព្រម​បង្ហាញ​ឈ្មោះ​ស្ថានីយប្រេងឥន្ធនៈ​មួយចំនួន ដែល​មាន​ភាព​មិនប្រក្រតី​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដឹង ជា​សាធារណៈ​ទេ​។ ប៉ុន្តែ​បាន​តម្រូវឲ្យ​ម្ចាស់​ស្ថានីយប្រេងទាំងនោះ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លក់ដូរ​មិន​ត្រឹមត្រូវ ឬ​មាន​លក្ខណៈ​បោកប្រាស់​ប្រជាពលរដ្ឋ ខុស​ពី​បទដ្ឋាន​បច្ចេក​ទេស និង​គោល​ការណែនាំ របស់​រដ្ឋាភិបាល​។ ទន្ទឹមគ្នានេះ ក៏​បាន​ព្រមាន​ថា ក្នុងករណី​មន្ត្រី​ជំនាញ​រកឃើញ​ភាពមិនប្រក្រតី​នៃ​ការលក់​ប្រេងសាំង នៅ​តាម​ស្ថានីយ​ប្រេងឥន្ធនៈ ដែល​មាន​បញ្ហា​កន្លងមក ហើយ​មិន​ព្រម​កែខ្លួន នឹង​ត្រូវ​អនុវត្តន៍​វិធានការ​តាម​ផ្លូវ​ច្បាប់​រួម​មាន​៖ ផ្អាក​មិនឲ្យ​ធ្វើ​អាជីក​ម្ម​ជា​បណ្តោះ​អាសន្ន ឬក៏​ផ្សព្វផ្សាយ​ជា​សាធារណៈឲ្យ​សាធារណៈជន បានដឹង​អំពី​ឈ្មោះ ឬ​ទីតាំង​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​ដែល​បោកប្រាស់ ឬ​លក់​សាំង​មិន​គ្រប់​លីត្រ ឬ​បន្លំ​គុណភាព​សាំង​ទាំងនោះ ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ជា​សាធារណៈ ដើម្បី​ជា​ការព្រមាន​៕ ដោយ ​៖ ដែនសីមា

 

spot_img
×