Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិសោធន៍ ទឹកខ្មៅ​ជ្រលក់​ដៃ​មក​ពី​ឥណ្ឌា មាន​គុណភាព​ល្អ​

spot_img

​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បើក​កិច្ចប្រជុំ​ស្ដីពី​ដំណើរការ​ប្រព្រឹត្តទៅ នៃ​ការឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ និង​ការការពារ​សន្តិសុខ នៅតាម​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ព្រមទាំង​ការបង្ហាញ​ពី​គុណភាព ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​លុប​មិន​ជ្រះ នា​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ នៅក្នុង​សាលប្រជុំ​នៃ​ក្រសួង​មហាផ្ទៃ​។​

​លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​អះអាង​ថា ក្រោយ​ពិនិត្យ និង​ពិសោធន៍​ទឹកខ្មៅ​ជ្រលក់​ដៃ មកពី​ប្រទេស​ឥណ្ឌា ឃើញថា ទឹកខ្មៅ​ជ្រលក់​ដៃ ដែល​បម្រើ​ដល់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​នេះ មាន​គុណភាព​ល្អ គឺ​ដូច​ទឹកខ្មៅ ដែល​បាន​ប្រើ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នៅ​អាណត្តិ​ទី​៤ ។ ទឹក​ថ្នាំ​ជ្រលក់​ដៃ និង​សម្ភារៈ​ដែល​បម្រើ​ដល់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខនេះ គឺ​ខាង គ​.​ជ​.​ប បាន​ដឹក​ជញ្ជូន​ទៅតាម​បណ្តាល​ខេត្ត​មួយចំនួន​បណ្តើរៗ​ផងដែរ​។ “​យើង​បាន​សាក ល្បង​រួច​ហើយ គឺ​ការសាកល្បង​ដូច​កាល​បោះឆ្នោត​ឃុំ​-​សង្កាត់​ដែរ គឺ​បាន​ធានាថា គុណភាព​(​ទឹកខ្មៅ​)​នេះ​ល្អ ហើយ​សូម​ជម្រាប​បន្ថែមថា បើ​យើង​នៅ​ខាងក្រៅ​កន្លែង​បោះឆ្នោត គឺ​ទឹក​ថ្នាំ​នេះ​រក្សាបាន​នូវ​គុណភាព​ដូច​គ្នា ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​” នេះ​បើ​តាម​លោក ទេព នីថា មានប្រសាសន៍​បន្ថែម​។​

​លោក​បាន​បន្តថា ការបង្ហាញ​នេះ គឺ​ឱ្យ​តំណាង​គណបក្ស​នយោបាយ និង​អង្គការ​ជាតិ​-​អន្តរជាតិ សាកល្បង​ជ្រលក់ ដើម្បី​ឱ្យដឹងពី គុណភាព​នៃ​ទឹកខ្មៅ ជ្រលក់​ដៃ​នេះ​។ គ​.​ជ​.​ប បាន​បញ្ជា​ទិញ​ទឹកខ្មៅ​ជ្រលក់​ដៃ មាន​ចំនួន​៥១.០០០​ដប ពី​ប្រទេស​ឥណ្ឌា ដោយ​ប្រើប្រាស់​ថវិកា​ប្រមាណ ៨០​ម៉ឺន​ដុល្លារ ហើយ​ត្រូវបាន​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨​។ ទឹកខ្មៅ​ទាំងនេះ គឺ​សម្រាប់​ប្រើ​នៅ​តាម​ការិយាល័យ​បោះឆ្នោត ជាង​២​ម៉ឺន​ការិយាល័យ​នៅ​ទូទាំង​ប្រទេស ដោយ​ក្នុង​១​ការិយាល័យ តម្រូវ​ឱ្យ​ប្រើ​ទឹកខ្មៅ​ចំនួន​២​ដប​។​

​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ការបោះឆ្នោត​នេះ លោក ទេព នីថា បាន​អះអាង​ថា គ​.​ជ​.​ប បាន​ដាក់​បណ្តឹង​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​ឱ្យ​ចាត់ វិធានការ​លើ​អ្នក​ទូរស័ព្ទ ដែល​បាន​ប្រើ​ពាក្យអសុរស និង​ប្រមាថ​លើ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប និង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងឡាយណា​ដែល​ប្រឆាំង និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការបោះឆ្នោត គឺ​ជា​ទង្វើ​ខុសច្បាប់​។​

​លោក​អគ្គលេខាធិការ គ​.​ជ​.​ប បាន​ថ្លែងថា​៖ ការចាត់វិធានការណ៍​ទៅ​ចំ​ពោះ​ការប្រឆាំង រំខាន់​ដល់​ការបោះឆ្នោត ធ្វើឱ្យប៉ះពាល់ ដល់​ដំណើរការ​បោះឆ្នោត ជា​អំពើ​ខុសច្បាប់ ។ គ​.​ជ​.​ប បាន​ចាត់​វិធានកា​រណ៍​បាន​ខ្លះ​ហើយ ឧទាហរណ៍​ថ្មីៗ​នេះ នៅពេលដែល​យើង​បាន​ទូរស័ព្ទ ដើម្បី​បញ្ជូន​ឱ្យ​ប្រជាពលរដ្ឋ​សួរ​ពី​បញ្ហា​ទៅ​បោះឆ្នោត សួរ​បញ្ហា​ឈ្មោះ​របស់​គាត់​នៅក្នុង​បញ្ជី​បោះឆ្នោត មាន​អ្នក​ទូរស័ព្ទ​មក​រំខាន ហើយ​និយាយ​សម្តី​ចំអេសចំអាស​មិន​សមរម្យ ឥឡូវនេះ យើង​បាន​បញ្ជូន​ទៅ​កាន់​គណៈបញ្ជាកា​រ​សន្តិសុខ​បោះឆ្នោត ដើម្បី​ចាត់វិធានកា​រណ៍​លើ​ជន​ទាំង​នោះ​តាម​ផ្លូវច្បាប់​។ គ​.​ជ​.​ប ត្រូវ​ការពារ​ផលប្រយោជន៍ ពី​ការបោះឆ្នោត ការពារ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​ការពារ​លទ្ធ​ប្រជាធិបតេយ្យ ក្នុងករណី​ណា​មួយ​ដែល​ល្មើសច្បាប់ គ​.​ជ​.​ប ដែល​មាន​សមត្ថកិច្ច​លើ​ចមណាត់ការ​នេះ នឹង​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​។​

​ក្នុងឱកាស​នោះ​ដែរ លោក ហ៊ែ​ល សារ៉ាត់ សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បានបញ្ជាក់​ថា នៅតាម​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​នី​មួយៗ ត្រូវ​មាន​កម្លាំង​សន្តិសុខ​ការពារ​ចំនួន​៣​នាក់ ប៉ុន្តែ​ពួកគាត់​អាច​កាន់​អាវុធ​វែង​បានតែ​១​ដើម​គត់ ដែល​មាន​គ្រាប់​យ៉ាងច្រើន​៣០​គ្រាប់ ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ក្នុង​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខាង​មុខ​។​

​លោក ហ៊ែ​ល សារ៉ាត់ បាន​ថ្លែងថា នៅ​ថ្ងៃ​បោះឆ្នោត​ខាងមុខ ភ្នាក់ងារ​សន្តិសុខ​៣​នាក់ ដែល​ការពារ​តាម​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​នី​មួយៗ ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​កងកម្លាំង​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវ​ពាក់​ប្រឡង់​ដៃ​សន្តិសុខ​របស់ គ​.​ជ​.​ប រហូតដល់​ចប់​ភារកិច្ច​។ ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត​មាន​ភារកិច្ច​ការពា​រ​សន្តិសុខ សណ្ដាប់ធ្នាប់ កុំឱ្យ​មាន​ការរំខាន ការអុកឡុក ការបំភិតបំភ័យ និង​ការគំរាមកំហែង ឬ​ហេតុការណ៍​ផ្សេងៗ​ដែល​អាច​កើតឡើង​បាន ហើយ​ត្រូវ​ហាត់​ឃាត់​ជន​ដែល​យក​អាវុធជាតិផ្ទុះ និង​វត្ថុ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​ចូល​ក្នុង​បរិវេណ​ខាងក្រៅ និង​បរិវេណ​ខាង​ក្នុង​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​។​

​លោក​បាន​បន្ថែមថា ភ្នាក់ងារ​សន្តិសុខ​ម្នាក់ ត្រូវ​ចល័ត​ការពារ​បរិវេណ​ខាងក្នុង​នៃ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ដែល​មាន​ចម្ងាយ​យ៉ាងតិច​១៥​ម៉ែត្រ ពី​ការិយាល័យ​នោះ ដោយ​មិន​ចាំបាច់​ប្រើប្រាស់​អាវុធ​។ រីឯ​ភ្នាក់ងារ​សន្តិសុខ​ចំនួន​២​នាក់​ទៀត ត្រូវ​ចល័ត​ជុំវិញ​បរិវេណ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ក្នុង​ចម្ងាយ​ពី​១០០​ម៉ែត្រ ឬ​ស្ថិត​ក្នុង​ស្ថានភាព​ជាក់ស្ដែង នៃ​បរិវេណ​ខាងក្រៅ​នៃ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​នី​មួយៗ អាច​ប្រើប្រាស់​អាវុធ​វែង​១​ដើម ដែល​មាន​គ្រាប់​យ៉ាងច្រើន​៣០​គ្រាប់​។ ក្នុងករណី​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​ច្រើន​ប្រមូលផ្តុំ​ក្នុង​បរិវេណ ឬ​អគារ​តែមួយ ចំនួន​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត​សម្រាប់​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ត្រូវ​សមស្រប​ទៅនឹង​ស្ថានភាព​ជា​ក់ស្តែង ប៉ុន្តែ​មិន​ត្រូវ​លើសពី​៣​នាក់​ក្នុង​មួយ​ការិយាល័យ​ឡើយ​។​

​លោក ហ៊ែ​ល សារ៉ាត់ បាន​បន្តទៀតថា ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត ត្រូវ​ប្រមូលផ្តុំ​កម្លាំង​យាម​នៅ​ទីកន្លែង​រក្សាទុក ឬ​ការពារ​ការ​ដឹក​ជញ្ជូន​សម្ភារ​បោះឆ្នោត​ពី​គោលដៅ​មួយ​ទៅ​គោលដៅ​មួយ តាម​ការកំណត់​របស់ គ​.​ជ​.​ប ឬ​/​និង គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​គ្រប់​លំដាប់ថ្នាក់​។​

​គ​.​ជ​.​ប បាន​រៀបចំ​នូវ​ការការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ក្នុង​គោលបំណង​សម្រេច​បាន​​​គោលដៅ​សំខាន់ៗ​មួយចំនួន ដូចជា​៖​ការបង្ការ​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ឧបាយកល​ពិសពុល ក៏​ដូច​ជា​ការប៉ុនប៉ង​បំផ្លិតបំផ្លាញ ឬ​ធ្វើឱ្យ​រាំងស្ទះ​ដល់​ដំណើរការ រៀបចំ​ការបោះឆ្នោត​តាម​គ្រប់​រូបភាព​។ ធានាបាន​នូវ​បរិយាកាស​នយោបាយ​ស្ងប់ស្ងាត់ អព្យាក្រឹត​ដើម្បី​​​ឱ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ប្រកបដោយ​សុវត្ថិភាពគ្មាន​​​ការគំរាមកំហែង គ្មាន​ការបំភិតបំភ័យ និង​អំពើហិង្ស​។ ផ្ដល់​នូវ​សេវា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត តំណាង ឬ​ភ្នាក់ងារ​បេក្ខជន​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ​៕ ​ដោយ​ ៖ ​កូឡាប​

  

spot_img
×