Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​កំពង់ស្ពឺ​ចុះ​ពិនិត្យ​ទីតាំង​ទាំង​៦​ភូមិ ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ក្នុង​ស្រុក​ភ្នំស្រួច និង​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក​ទាំង​៨ បង្កើន​ការប្រុងប្រយ័ត្ន​

spot_img

​កំពង់ស្ពឺ​ ៖ នៅ​រសៀល​ថ្ងៃ​អង្គារ ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ដដែល​នេះ​ដែរ លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​ទាំង​៦​ភូមិ ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ក្នុង​ស្រុក​ភ្នំស្រួច ជាងនេះ​ទៅ​ទៀត​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បាន​ចេញ​សេចក្ដីជូនដំណឹង​ដល់ អភិបាលក្រុង ស្រុក​ទាំង​៨ ប្រធាន​អង្គភាព​ជុំវិញ​ខេត្ត និង​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ បង្កើន​ការប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ត្រៀម​បង្ការ និង​សង្គ្រោះ​ក្នុងពេល​មាន​គ្រោះ​ជំនន់​ទឹកភ្លៀង​។​

​លោក​បាន​មានប្រសាសន៍ថា បើទោះបីជា​មាន​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង​ក៏ដោយ បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នេះ ក៏ដូចជា​តំបន់​ងាយ​រងគ្រោះ​ដទៃទៀត​ក្នុង​ខេត្ត​កំពង់ស្ពឺ ពុំទាន់​មាន​ការប៉ះពាល់​ធ្ងន់ធ្ងរ​នៅឡើយ​ទេ តែ​ទោះជា​យ៉ាងណាក្តី​ប្រជាពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​ចំពោះ​ស្ថានភាព​ទឹកភ្លៀង​ដែល​កំពុង​បន្ត​ធ្លាក់ ។​

​លោក វ៉ី សំណាង បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា អាជ្ញាធរខេត្ត អាជ្ញាធរ​ស្រុក ឃុំ បាននិងកំពុង​យកចិត្តទុកដាក់​បំផុត ចំពោះ​សុវត្ថិភាព​របស់​បងប្អូន ហើយក៏​បាន​ត្រៀម​វិធានការ​ដោះស្រាយ ទប់ស្កាត់ ចំពោះ​គ្រោះធម្មជាតិ​មួយ​នេះ​ហើយ ដើម្បី​ដោះស្រាយ​អោយបាន​ទាន់​ពេលវេលា ។​

​ជាមួយគ្នានេះ​ដែរ​លោក ក៏​បាន​ផ្តាំផ្ញើ ដល់​បងប្អូន​ត្រូវ​ប្រុងប្រយ័ត្ន​ពី​បញ្ហា​សុខភាព ដោយ​ហូប​ស្អាត ផឹក​ស្អាត ជាពិសេស ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​មនុស្ស​ចាស់ ក្មេង​តូចៗ នៅពេល​មាន​ខ្យល់ ឬ ភ្លៀង ហាម​ជ្រក​ក្រោម​ដើមឈើ និង​ប្រយ័ត្ន​ចំពោះ​ពពួកសត្វ​មាន​ពឹស​ជាដើម​។​

​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្ដីជូនដំណឹង​ដល់ អភិបាលក្រុង ស្រុក​ទាំង​៨ ប្រធាន​អង្គ​ភាព​ជុំវិញ​ខេត្ត និង​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ បង្កើន​ការប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ត្រៀម​បង្ការ និង​សង្គ្រោះ​ក្នុងពេល​មាន​គ្រោះ​ជំនន់​ទឹកភ្លៀង​។​

​លិខិត​របស់​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ដាក់ចេញ​នូវ​វិធានការ​សំខាន់ ចំនួន​៤​ចំណុច​ដូចខាងក្រោម​៖ រដ្ឋបាល​ក្រុង ស្រុក ត្រូវ​ត្រៀម និង​យកចិត្តទុកដាក់​លើ​មុខសញ្ញា ដែល​ងាយ​រងគ្រោះ​ដូចជា​៖ កុមារ​តូចៗ ចាស់ជរា ជនពិការ​ជា​ដើម ក្នុងការ​ត្រៀម​បម្រុង​រក​ទីទួល​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​។ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត និង​ជំនាញ​ពាក់ព័ន្ធ ត្រូវ​តាមដាន​យកចិត្ដ​ដាក់បង្ការ​ជំងឺ​សត្វពាហនៈ​គ្រប់​ប្រភេទ និង​ជា​ពិសេស​អន្ដរាគមន៍ ក្នុង​ការសង្គ្រោះ​សន្ទូង សំណាប របស់​ប្រជាពលរដ្ឋ​ដែល​មាន​ការខូចខាត ព្រមទាំង​ជួយ​ឧបត្ថម្ភ​គ្រាប់​ពូជ​ដល់​ប្រជាកសិករ ដែល​ជួបប្រទះ​ក្នុង​ការលំបាក​នេះ​។​

មន្ទីរ​សុខាភិបាល​ខេត្ត ត្រូវ​ត្រៀម​ថ្នាំសង្កូវ​សម្រាប់​បង្ការ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​។ កងកម្លាំង​ទាំង​៣ ត្រូវ​ត្រៀម​សង្គ្រោះ​ឲ្យបាន​ទាន់​ពេលវេលា​ទៅ​តាម​មធ្យោបាយ​ផ្សេងៗ នៅពេលដែល​មាន​គ្រោះអាសន្ន​កើតឡើង​៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×