Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ យក​អត្តសញ្ញាណប័ណ្ណ ឬ​សៀវភៅ​គ្រួសារ សម្រាប់​ការធានា​លើ​ការ​ផ្តល់​ឥណទាន នឹង​ត្រូវ​ទទួលរង​ទណ្ឌកម្ម​វិន័យ​ធ្ងន់ធ្ងរ និង​ដកហូត​អាជ្ញាប័ណ្ណ​អាជីវកម្ម​

spot_img

​ភ្នំពេញ ​៖ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តី​ពី​ការហាមឃាត់​ទទួលយក​អត្តសញ្ញាណប័ណ្ណ ឬ​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ សម្រាប់​ការធានា​លើ​ការ​ផ្តល់​ឥណទាន ជូន​ដល់​សាធារណ ជន ព្រោះ​ការ​ធ្វើ​បែប​នេះ​ជាការ​ល្មើសច្បាប់​។ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​នោះ នឹង​ត្រូវ​ទទួលរង​ទណ្ឌកម្ម​វិន័យ​ធ្ងន់ធ្ងរ រហូត​ឈានដល់​ការដកហូត​អាជ្ញាប័ណ្ណ​អាជីវកម្ម​។​

​សេចក្ដីប្រកាស​ព័ត៌មាន របស់​ធនាគារជាតិ​នៃ​កម្ពុជា បានឲ្យដឹងថា កន្លង​មក​ធនាគារជាតិ បាន​ជូនដំណឹង​អំពី ការហាមឃាត់​ការ ទទួលយក​អត្ត​សញ្ញា​ប័ណ្ណ ឬ​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ សម្រាប់​ការធានា​លើ​ការ​ផ្ដល់​ឥណទាន ជា​បន្ដបន្ទាប់ ពោល​គឺ​ចាប់ពី​ខែ​មីនា ឆ្នាំ​២០១៦​មកម្ល៉េះ ។ ប៉ុន្ដែ​រហូត​មកដល់ពេលនេះ ធនាគារជាតិ នៅតែ​មើលឃើញថា នៅតែ​មាន​គ្រឹះស្ថាន​មួយចំនួន មិន​បាន​អនុវត្ត​តាម​សេចក្ដីជូនដំណឹង របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​

ហេតុដូចនេះ ធនាគារជាតិ​នៃ​កម្ពុជា សូម​ក្រើនរំលឹក​ជាថ្មី​ម្តងទៀត គ្រឹះស្ថាន​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេច ក្តីជូនដំណឹង​របស់​ធនាគារជាតិ​នៃ​កម្ពុជា លេខ​ធ​៧.០១៦.២១០ ស​ជណ ចុះ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦ ឲ្យបាន​ពេញលេញ និង​ម៉ឺង ម៉ាត់​បំផុត​។ ក្នុងករណី​គ្រឹះស្ថាន ធនាគារ​និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ណាមួយ នៅតែ​បន្ដ​សកម្មភាព និង​មិន​យកចិត្ត ទុកដាក់​អនុវត្ត តាម​សេចក្ដីជូនដំណឹង​នេះ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​នោះ នឹង​ត្រូវ​ទទួលរង​ទណ្ឌ កម្ម​វិន័យ​ធ្ងន់ធ្ងរ រហូត​ឈានដល់​ការដកហូត​អាជ្ញាប័ណ្ណ​អាជីវកម្ម ស្របតាម​មាត្រា​៥២ និង​៥៦ នៃ​ច្បាប់​ស្ដីពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ជា​ធរមាន​។​

​ធនាគារជាតិ​នៃ​កម្ពុជា សូម​ស្នើ​ដល់​សាធារណជន មានការ​ប្រុងប្រយ័ត្ន និង​ចៀសវាង​ការប្រើប្រាស់ អត្ត​សញ្ញាប័ណ្ណ ឬ​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ សម្រាប់​ការធានា​លើ​ការខ្ចី​ឥណទាន​នានា​៕ ដោយ ​៖​ កូឡាប​

spot_img
×