Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆក់​ការ​បូ​ប ពី​ជនបរទេស​ដែល កំពុង​ជិះ​កង់​ទៅ​ទស្សនា តំបន់​ប្រាសាទ​ ​ក្រុង​សៀមរាប ជនសង្ស័យ​ម្នាក់​ត្រូវ​ចាប់ខ្លួន​ភ្លាមៗ​

spot_img

​សៀមរាប ៖ នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ បាន​ម្នាក់​ភ្លាមៗ បន្ទាប់ពី​ធ្វើ​សកម្មភាព ឆក់​ការ​បូ​ប ពី​ជនបរទេស ដែល​កំពុង​ជិះ​កង់​ទៅ​ទស្សនា តំបន់​ប្រាសាទ ក្នុង​ក្រុង​សៀមរាប ហើយ​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ហើយ​បក្ខពួក​ម្នាក់​ទៀត ដែល​គេចខ្លួន កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួនដើម្បី​​ផ្តន្ទាទោស​តាមច្បាប់​។​

​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១៦​ខែកក្កដា​ឆ្នាំ​២០១៨ វេលា ម៉ោង​៨​ព្រឹក នៅ​ចំណុច​ជិត​កន្លែង​ទិញ​សំបុត្រ ចូល​ទស្សនា​ប្រាសាទ ស្ថិត ក្នុងភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​ខេត្ត​សៀមរាប មាន​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទ្រព្យសម្បតិ្ត​) បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន​២​នាក់ បានធ្វើ​សកម្មភាព ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ក្រហម ហើយ​ឆក់​យក​កាបូប ក្នុង​កន្ត្រក​កង់​ពី​ជនរងគ្រោះ​ឈ្មោះ kim Hyemin ភេទ​ស្រី អាយុ​៣២ ឆ្នាំ​ជនជាតិ​កូរ៉េ​ខាងត្បូង ខណៈពេល​ដែល​ជនរងគ្រោះ កំពុង​ជិះ​កង់​ទៅ​ទស្សនា តំបន់​ប្រាសាទ ក្រោយពី​ធ្វើ​សកម្មភាព​ភ្លាម ជនរងគ្រោះ​ក៏​បាន​ស្រែក បណ្តាលឲ្យ​មាន​ការភ្ញាក់​ផ្អើល​។ តែ​ដោយសារ​មាន​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​ក្រុង​សៀមរាប ដែល​នៅ​ប្រចាំការ ក្បែរ​នោះ​ឃើញ​ទាន់​ក៏​នាំគ្នា​ធ្វើការ ប្រដេញ​។ ពេល​នោះ​ជនសង្ស័យ​ទាំង​ពីរ​នាក់ បាន​ផ្តួល​ម៉ូតូ​ចោល ហើយ​រត់​គេចខ្លួន​ចូលទៅ​ក្នុង​បរិវេណ​ព្រៃ​អង្គរ​។​

​បន្ទាប់ពី​ទទួល​សេចក្តីរាយការណ៍ ពី​នគរបាល​ដែល​នៅ​គោលដៅ លោក​វរសេនីយ៍ឯក​ទេព ចាន់ណា អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប រួម​នឹង​លោក វរសេនីយ៍ត្រី​នួន ស័ក្តិ​ចំរើន​រិទ្ធ បាន​ដឹកនាំ​កម្លាំង​បន្ថែម ដោយ​មាន​សហការ ជាមួយ​នគរបាល​ការពារ​បេតិកភណ្ឌ នគរបាល​ទេសចរណ៍ នគរបាល​ចរាចរ និង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​ដោយ​មាន​ការចូលរួម​ពី​បងប្អូន​ប្រជា​ការពារ បាន​ធ្វើការ​តាមស្វែងរក​ជនសង្ស័យ​ទាំង​ពីរ​នាក់ រហូត​ឃាត់ខ្លួន បាន​ជនសង្ស័យ​ចំនួន​១​នាក់ និង​ដកហូត​ម៉ូតូ​បាន​ចំនួន​១​គ្រឿង និង​ស្រាវជ្រាវ​រកឃើញ​ការ​បូ​ប​របស់​ជនរងគ្រោះ ដែល​ជនសង្ស័យ​បោះចោល ក្នុងព្រៃ​បាន​មក​វិញ​។​

​ជនសង្ស័យ​ឈ្មោះ រស់ ម៉ា​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ អន្លង់​វិល ឃុំ​/​ស្រុក ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។ វត្ថុតាង​ដកហូត​បាន​មក​វិញ និង​ប្រគល់ជូន​ជនរងគ្រោះ​វិញ​ ​ទូរស័ព្ទ​ម៉ាក ​Iphone x ពណ៌​ខ្មៅ​១​គ្រឿង​ ​ទូរស័ព្ទ​ម៉ាក samsung ពណ៌​ទឹកមាស ១​គ្រឿង​ ​កាមេរ៉ា​១​គ្រឿង​ Power bank​ពណ៌​ស​១​គ្រឿង​ ​ឆ័ត្រ​១ ​ប្រាក់​១០០$ និង​សម្ភារៈ​មួយចំនួន​។​

​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​ចំណែក​បក្ខពួក​របស់​ជនសង្ស័យ ដែល​បាន​រត់គេចខ្លួន​បាត់​នោះ នគរបាល បាន​ធ្វើ​ការកំណត់​អត្តសញ្ញាណ​រួចរាល់​ហើយ ដើម្បី​ស្វែងរក​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ ៕ ​ដោយ ៖​ បញ្ញា​ស័ក្តិ​

spot_img
×