Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សុខ ឥសាន ផ្ដាំផ្ញើ​ទៅ​គណៈកម្មាការ សហភាព​អឺរ៉ុប ត្រូវ​ដឹង​សភាពការណ៍ ជាក់ស្ដែង​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ អ្នកនាំពាក្យ​គណបក្ស ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ផ្ដាំផ្ញើ​ទៅ​គណៈកម្មាការ សហភាព​អឺរ៉ុប​(EU)​ថា ត្រូវ​ដឹង​សភាពការណ៍ ជាក់ស្ដែង​នៅ​កម្ពុជា មិន​គ្រាន់តែ​មាន​និន្នាការ​ទៅរក អតីត​គណបក្ស​សង្គ្រោះ​ជាតិ មក​បង្ខំ​ឲ្យ​កម្ពុជា​បោះបង់ ចោល​នូវ​ឯករាជ្យ​របស់​ខ្លួន ដើម្បី​ទទួលបាន​នូវ អនុគ្រោះ​ពន្ធ​នោះទេ ។ នេះ​បើ​តាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​១៨​ខែកក្កដា​នេះ​។​

​យោង​តាម​សេចក្ដី ប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​អឺរ៉ុប ចេញពី​ទីក្រុង​ប្រ៊ុយសែ​ល កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ បាន​ឲ្យដឹងថា សហភាព​អឺរ៉ុប​ទទួលបន្ទុក ផ្នែក​ពាណិជ្ជកម្ម ធ្វើការ​ព្រមាន​ដក​កម្ពុជា​ចេញ​ពី​គម្រោង​អនុគ្រោះ​ពន្ធ ដោយ​អះអាង​ថា គឺជា​វិធានការ​ចុងក្រោយ ប្រសិនបើ​រាល់​កិច្ចខិតខំ ប្រឹងប្រែង​របស់​ពួកគេ ដើម្បី​ស្តារឡើងវិញ​នូវ​បញ្ហា​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​នយោបាយ នៅ​កម្ពុជា​ត្រូវ​បរាជ័យ ។​

​ស្នងការ​ពាណិជ្ជកម្ម​នៃ EU លោកស្រី Cecillia Malmstrom បាន​ថ្លែងថា សហភាព​អឺរ៉ុប​មាន​មោទនភាព ផ្ដល់​ឲ្យ​ប្រទេស​ដែល ងាយ​រងគ្រោះ​បំផុត ខាង​សេដ្ឋកិច្ច​នៅ​ជុំវិញ​ពិភពលោក ជាមួយ​នឹង​ការទទួល​បាន​ដោយ​សេរី នូវ​ការ​នាំចូល​ទំនិញ​ចូល ទៅ​កាន់​ទីផ្សារ ។ គំនិត​ផ្តួចផ្ដើម​នៃ​អ្វីៗ​ទាំងអស់ លើកលែងតែ​អាវុធ (Everything But Arms) មាន​ឥទ្ធិពល​ជាសំខាន់​ទៅលើ​ការអភិវឌ្ឍ និង​ការ​លុបបំបាត់​ភាពក្រីក្រ​នៅ​កម្ពុជា​។​

​ស្នងការ​ពាណិជ្ជកម្ម​បញ្ជាក់ថា “​ការដក​ប្រទេស​កម្ពុជា​ចេញ ពី​គ្រោងការណ៍​ពាណិជ្ជកម្ម គឺជា​វិធានការ​នៃ ជម្រើស​ចុងក្រោយ ប្រសិន​ជា​កិច្ច​ខិតខំ​ប្រឹង​ផ្សេងទៀត ទាំងអស់​របស់​យើង​បាន​បរាជ័យ ដើម្បី​ដោះស្រាយ​ការព្រួយបារម្ភ​ទាំងនេះ​” ។​

​ជា​ការឆ្លើយតប​ទៅនឹង​សហភាព​អឺរ៉ុប លោក សុខ ឥសាន បាន​ប្រាប់ថា សហភាព​អឺរ៉ុប​ព្រមាន​ដក​កម្ពុជា ចេញ​ពី​គម្រោង​អនុគ្រោះ​ពន្ធ បញ្ហា​ទាំងនេះ​ជា​រឿង​របស់ ពួកគាត់ ដូច្នេះ​កម្ពុជា​គ្មាន​សិទ្ធិ​អំណាច មក​រារាំង​ពួកគាត់​ឡើយ​។​

​លោក​មានប្រសាសន៍ថា “​ក៏​ប៉ុន្ដែ​គាត់​ត្រូវតែ​ផ្សារភ្ជាប់ នឹង​សភាពការណ៍​ពិត ជាក់ស្ដែង​នៅ​កម្ពុជា មិន​ត្រូវ​គ្រាន់តែ​មាន និន្នាការ​នយោបាយ កាន់ជើង​អតីត​បក្សប្រឆាំង ហើយ​មក​បង្ខំ​ឲ្យ​កម្ពុជា បោះបង់​ចោល​ឯករាជ្យ និង​អធិបតេយ្យភាព​របស់​ខ្លួន ដើម្បី​បាន​ទទួល​នូវ​ការ អនុគ្រោះ​ពន្ធ​នោះទេ​” ។​

​លោក​បន្ថែមថា ប្រសិនបើ​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​ការធ្លាក់ចុះ​ពិតមែន ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង ប្រទេស​រស់​មិន​បាន​ឡើយ ដូច​ទៅ​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ របស់លោក លន់ នល់ ក៏​ដូចជា​របប​កម្ពុជា​ប្រជាធិបតេយ្យ ។​

​លោក​បាន​បន្ដថា ដោយសារ​តែ​កម្ពុជា មាន​សិទ្ធិ​សេរីភាព​លេញ និង​មាន​ការគោរព​សិទ្ធិមនុស្ស ទើប​កម្ពុជា​មាន​លទ្ធិ​ប្រជាធិតេយ្យ ដែល​បាន​ដំណើរការ​ដោយ​រលូន ។ លោក​ថា ការវាយតម្លៃ​របស់​ស​ហ​ភាព​អឺរ៉ុប មក​កម្ពុជា​បាន​ផ្ទុយ ដោយសារ​តែ​កម្ពុជា​មានការ​គោរព​សិទ្ធិមនុស្ស លើកកម្ពស់​លទ្ធិ​ប្រជាធិតេយ្យ សេរី​ពហុបក្ស នេះ​ហើយ​បាន​ជា​កម្ពុជា ដំណើរការ​ដោយ​រលូន ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×