Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ផ្សឹក​ព្រះសង្ឃ​ក្លែងក្លាយ​ជា​លើក​ទី​២ ក្រោយ​សុំ​បិណ្ឌ​បាត្រ​បច្ច័យ​ពី​ប្រជាពលរដ្ឋ យក​ទៅ​កសាង​ព្រះវិហារ​

spot_img

​កណ្តាល​ ៖​ បុគ្គល​ឈ្មោះ ប៉ោង វិត ដែល​ជា​ព្រះសង្ឃ​ក្លែងក្លាយ សុំ​បិណ្ឌ​បាត្រ​បច្ច័យ​ពី​ប្រជាពលរដ្ឋ យក​ទៅ​កសាង​ព្រះវិហារ​នៅ​វត្ត វិហារ​កោះអណ្តែត នៅ​ស្រុក​ពញាឮ ខេត្ត​កណ្តាល ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ចាប់ខ្លួន ប្រគល់​ទៅ​ឲ្យ​លោក ហ៊ីង សុភាព ប្រធាន ការិយាល័យ​ធម្មការ និង​សាសនា​ក្រុង​តាខ្មៅ ជាមួយនឹង​ព្រះ​តេជ​គុណ ខេង លាង​ហ៊ី លេខា​អនុគណ​ក្រុង​តាខ្មៅ ដើម្បី​យក​ទៅ​សាកសួរ និង​ចាត់ចែង​តាម​ពុទ្ធ​វិន័យ ដោយ​ផ្សឹក និង​ឲ្យធ្វើ​កិច្ចសន្យា នៅ​វត្ត​ព្រះពុទ្ធ​អណ្តែត ហៅ​វត្ត​ព្រែក​ហូរ ស្ថិតក្នុង​ភូមិ​.​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ ។​

​នៅ​ថ្ងៃ​ទី​១៤-១៥-១៦ មាន​ព្រះសង្ឃ​ក្លែង​មួយអង្គ បាន​ទូរស័ព្ទ​មក​ប្រជាពលរដ្ឋ សុំ​បិណ្ឌ​បាត្រ​បច្ច័យ​យកទៅ​កសាង​សមិទ្ធផល​ក្នុង​វត្ត វិហារ​កោះអណ្តែត ពេលនោះ​ជនរងគ្រោះ បាន​ឆ្លើយតប​វិញ​ថា បាន​ផ្តល់​ជា​បច្ច័យ​ម្តង​ជា​ពីរ​ដង​រួច​ហើយ ពុំមាន​លទ្ធភាព​ផ្តល់​បច្ច័យ​ទៀត​ទេ សូម​ព្រះអង្គ​កុំ​ទូរស័ព្ទ​មកទៀត តែ​ព្រះសង្ឃ​អង្គ​នោះ នៅតែ​ជ្រក់ជ្រេញ​បន្ត​ទូរស័ព្ទ ជនរងគ្រោះ​ជា​ច្រើនលើក​ច្រើនសារ ទាំង​យប់​ទាំង​ថ្ងៃ រក​ពេល​សម្រាក​គ្មាន​។​

​ដោយ​មាន​ការធុញទ្រាន់ និង​មាន​កិច្ចការ​ច្រើន​ផង​ក៏​បាន​ប្តឹង​មក​ជំនាញ​អាវុធហត្ថ​។ នៅ​ក្នុង​ការឆ្លើយ​ឆ្លងតាម​ទូរស័ព្ទ ព្រះសង្ឃ​ក្លែង​រូបនោះ បាន​ពោល​ពាក្យ​មិន​គប្បី និង​បាន​ប្រមាថ​ដាក់​ទំនាយ​មក​លើ​ជំនាញ​ទៀតផង​។ ដោយ​យល់ឃើញថា ពាក្យសម្តី​មិន​សមរម្យ​បែបនេះ ធ្វើឲ្យ​មាន​ការសង្ស័យ​ជំនាញ​អាវុ​ធ​ហត្ថ បានធ្វើការ​ស្រ​វ​ជ្រាវ និង​ធ្វើ​ការទំនាក់ទំនង ជាមួយ​ព្រះចៅអធិការ​វត្ត ព្រះនាម ឈឹម សុផល គង់នៅ​វត្ត វិហារ​កោះអណ្តែត នៅ​ស្រុក​ពញាឮ ខេត្ត​កណ្តាល រហូត​បាន​ដឹងថា ព្រះសង្ឃ​អង្គ​នោះ​គង់នៅ​ក្នុង​វត្ត​នោះ ក៏​បាន​អញ្ជើញ​មក​សាកសួរ នៅ​អង្គភាព​វេលា​ល្ងាច​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​។​

​តាម​ការបំភ្លឺ​របស់​ព្រះសង្ឃ​ក្លែង​អង្គ​នេះ​ឈ្មោះ​ពិត​ប្រាកដ ប៉ោង វិត ឆ្នាំ​កំណើត​១៩៩៧ មាន​ស្រុកកំណើត​ភូមិ​ស្យា ឃុំ​-​ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់ ឪពុក​ឈ្មោះ ចេង ប៉ោង (​ស្លាប់​) ម្តាយ​ឈ្មោះ ស្រី លាង (​កសិករ​) រស់នៅ​ភូមិ​-​ឃុំ​ទួល​តា​ឯក ក្រុង​-​ខេត្ត​បាត់ដំបង បាន​បួស​ជា​ព្រះសង្ឃ​គង់នៅ​វត្ត សូរិយា នៅ​សង្កាត់​រលាប ក្រុង​-​ខេត្ត​ពោធិ៍សាត់ ក្នុង​ឆ្នាំ​២០១០ ក្រោយមក​បាន​មក​គង់​នៅ​វត្ត បុ​ទុម​វត្តី ភ្នំពេញ រយៈពេល​០៦​ឆ្នាំ ចេញ​មក​រៀន​បន្ត​នៅ​វត្ត ពោធិ៍​វាល ខេត្ត​បាត់ដំបង រួច​ចេញពី​នោះ មក​គង់នៅ​វត្ត ទេព​សន្យា ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់ នៅក្នុង​ឆ្នាំ​២០១៨ មុន​ចូលឆ្នាំ​ខ្មែរ​។​ក្រោយ​ចូលឆ្នាំ​ខ្មែរ មក​គង់នៅ​វត្ត សា​រ៉ា​វ័ន្ត បន្ទាប់​មក​ចេញមក​វត្ត ពុទ្ធ​មណ្ឌល បាន​មួយរយៈ​ក៏​បាន​មក​គង់នៅ​វត្ត វិហារ​កោះអណ្តែត ស្ថិតក្នុង​ភូមិ​ភ្នំ​បាត ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ត​កណ្តាល​។ រយៈកាល​ប៉ុន្មាន​ខែ​មុន ខ្ញុំ​បាន​មក​ផ្ទះ​ជនរងគ្រោះ ហើយ​ទំនាក់ទំនង​បាន​ជួប​គាត់​ដោយ​ផ្ទាល់ សុំ​បិណ្ឌ​បាត្រ​បច្ច័យ​ពី​គាត់​បាន​ចំនួន​២០០​ដុល្លារ ក្រោយ មក​បាន​៥០​ដុល្លារ​ទៀត តាមរយៈ​ដក វី​ង​។​

រហូតមកដល់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​ជនរងគ្រោះ​ជា​ថ្មី​ទៀត សុំ​បិណ្ឌ​បាត្រ​បច្ច័យ​កសាង​រោង​បាយ​នៅ​ក្នុង​វត្ត វិហារ​កោះអណ្តែត ពេលនោះ​ជនរងគ្រោះ​មិន​បាន​ឆ្លើយតប​ទេ ខ្ញុំ​នៅតែ​ទូរស័ព្ទ​ទៅ​គាត់​ជា​ច្រើនលើក​ច្រើនសារ​ម្តង​ហើយ​ម្តងទៀត រហូត​ដល់​គាត់​បាន​ប្រាប់​ខ្ញុំ​ទាក់ទង​ទូរស័ព្ទ​ជាមួយ​កូនចៅ​របស់​គាត់​វិញ​។ បន្ទាប់​ពី​ទាក់ទង​ជាមួយ​កូនចៅ​គាត់​ហើយ កូនចៅ​គាត់​នោះ​បាន​ឲ្យ​ខ្ញុំ​មក​យក​បច្ច័យ​ចំនួន​២០០​ដុល្លារ នៅ​ផ្ទះ​គាត់ ប៉ុន្តែ​ខ្ញុំ​បដិសេធ​មិន​ទៅ​ទេ ឲ្យ​ផ្ញើ​តាម វី​ង មក​ព្រោះ​ខ្ញុំ​ធ្លាប់​ត្រូវបាន​គេ​ម្នាក់ (​មិន​បញ្ចេញ​ឈ្មោះ​) ហៅ​ខ្ញុំ​ទៅ​យក​ប្រាក់​បច្ច័យ​ដូច​គ្នា ហើយ​បាន​ហៅ​សមត្ថកិច្ច​មក​ឃាត់​ខ្ញុំ​តែ​ម្តង ហេតុដូចនេះ​ទើប​ខ្ញុំ​មិន​ហ៊ាន​មក​យក នៅ​ផ្ទះ​គាត់​។​

ចំពោះ​ការសុំ​បច្ច័យ​ពី​ជនរងគ្រោះ គឺ​ខ្ញុំ​បាន​ទូរស័ព្ទ​ទៅរក​គាត់​ផង និង​កូនចៅ​របស់​គាត់​ផង​រាល់ថ្ងៃ​រាល់​ម៉ោង​រាល់ពេល គឺ​នៅ​ថ្ងៃទី​១៤-១៥ និង​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ បន្ទាប់មក​ក៏​មាន​សមត្ថកិច្ច​អញ្ជើញ​រូប​ខ្ញុំ​មក​សាកសួរ​តែម្តង​។​

​ជំនាញ​បាន​ធ្វើ​ការទំនាក់ទំនង​ទៅ​ធម្មការ​ក្រុង​តាខ្មៅ ដើម្បី​សាកសួរ​ព័ត៌មាន និង​បានឲ្យដឹងថា ព្រះសង្ឃ​ព្រះនាម ប៉ោង វិត នេះ​ត្រូវបាន​គណៈកម្មាការ​ធម្ម​ការ​ខេត្ត​ពោធិ៍សាត់​បាន​ផ្សឹក​រួចទៅហើយ កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៨ មូលហេតុ ដើរ​រៃអង្គាស​បច្ច័យ​ដោយ​គ្មាន​ការអនុញ្ញាតិ​ពី​ព្រះចៅអធិការ និង​មាន​ស្រី​ញី​ទៀតផង ការ​ផ្សឹក​នេះ​ធ្វើឡើង​តាម​សេចក្តីជូនដំណឹង របស់​សាលា​គណ​រាជធានី​ភ្នំពេញ ហើយ​ថ្មីៗ​នេះ បុគ្គល​ឈ្មោះ ប៉ោង វិត បាន​មក​ឆបោក​ប្រាក់​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​តាខ្មៅ ដោយ​តាំងខ្លួន​ជា​ព្រះសង្ឃ​ដដែល​៕ ​ដោយ​ ៖​ កូឡាប​

  

spot_img
×