Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​រៀបចំ​ពិព័រណ៍​ទេសចរណ៍​ក្នុង​ស្រុក​លើក​ដំបូង ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍ និង​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក​

spot_img

​ភ្នំពេញ​ ៖ ក្រសួង​ទេសចរណ៍ និង​សមាគម​ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា (CATA) នា​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​រៀបចំ​ពិព័រណ៍​ទេសចរណ៍​ក្នុង​ស្រុក​លើក​ដំបូង​ដ៏​ធំ​មួយ នៅ​កោះ​ពេជ្រ ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល​ទេសចរណ៍ និង​ចូលរួម​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក ដែល​កំពុង​មាន​ការកើនឡើង​រៀងរាល់ឆ្នាំ ក្រោម​អធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​មាន​ស្តង់​បង្ហាញ​ផលិតផល​ទេសចរណ៍​ប្រមាណ ១៥០​ស្តង់​។​

​លោក ថោង ខុន បានឱ្យដឹងថា ផ្តើមចេញ​ពី​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កម្ពុជា​មាន​សុខសន្តិភាព​ពេញលេញ និង​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ទេសចរណ៍​កម្ពុជា ដែលជា​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកជា មាស​បៃតង បាន​និង​កំពុង​បោះជំហាន​រីកចម្រើន​ជា​លំដាប់ ដោយ​រក្សាបាន​នូវ​កំណើន​ជា​រៀងរាល់​ឆ្នាំ​រួមចំណែក​ប្រមាណ ១២ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​ផ្តល់​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​ជាង ៦២​ម៉ឺន​នាក់ និង​ដោយ​ប្រយោល​ជាច្រើន​ម៉ឺន​នាក់​បន្ថែមទៀត​។​

​ជាក់ស្តែង នៅ​ឆ្នាំ​២០១៧ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង ៥,៦​លាន​នាក់ ក្នុង​កំណើន ១១,៨​ភាគរយ បាន​រួមចំណែក​ប្រមាណ ១៣​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​តំណាង​ឱ្យ​ប្រមាណ ៣០​ភាគរយ នៃ​វិស័យ​សេវាកម្ម​នៅ​កម្ពុជា​។ ហើយ​ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០១៨​នេះ យើង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ ២,៦​លាន​នាក់ ក្នុង​កំណើន ១៣,៥​ភាគរយ​។ តាម​ការព្យាករណ៍ កម្ពុជា​​​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ ៦,២​លាន​នាក់ នៅ​ឆ្នាំ​២០១៨ និង​ប្រមាណ​៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ និង​នាំមក​នូវ​ចំណូល​សរុប​ប្រមាណ ៥០០០​លាន​ដុល្លា​អាមេរិក បង្កើត​ឱកាស​ការងារ​ប្រមាណ ១​លាន​នាក់ និង​នៅ​ឆ្នាំ​២០៣០ ទេសចរ​អន្តរជាតិ​នឹង​​កើន​ដល់ ១៥​លាន​នាក់ នឹង​នាំ​ចំណូល​ប្រមាណ ១០​ពាន់​លាន​ដុល្លា​អាមេរិក បង្កើត​ឱកាស​ការងារ​ប្រមាណ ២​លាន​នាក់​។​

​លោក​បាន​បន្តថា សម្រាប់​ទេសចរណ៍​ក្នុងស្រុក កំណើន​ភ្ញៀវ​ទេសចរ​មាន​ការកើនឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ (៦​ភាគរយ​ជា​មធ្យម​)​។ ជាក់ស្តែង នៅ​ឆ្នាំ​២០១៥ ទេសចរ​ក្នុងស្រុក​មាន​ចំនួន​ជាង ៩,៦​លាន​នាក់ កើន​ដល់​ជាង ១០​លាន​នាក់ នៅ​ឆ្នាំ​២០១៦ និង​ជិត ១១​លាន​នាក់ នៅ​ឆ្នាំ​២០១៧ ហើយ​ជា​ចក្ខុវិស័យ​ក្រសួង​ទេសចរណ៍​រំពឹងថា​នឹង​មាន​ទេសចរ​ប្រមាណ ១៩​លាន​នាក់ នៅ​ឆ្នាំ​២០២៥​។​

​សារសំខាន់​នៃ​ទេសចរណ៍​ក្នុងស្រុក​រួមចំណែក​ក្នុង​សេដ្ឋកិច្ចជាតិ និង​សង្គម រួមមាន​៖ ១) ខុស​ពី​ទេសចរណ៍​អន្តរជាតិ ទេសចរណ៍​ក្នុង​ស្រុក​មិនសូវ​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​សាកល មិន​ថា​ជា​វិបត្តិ​សេដ្ឋកិច្ច នយោបាយ ជំងឺឆ្លង ឬ​បញ្ហា​គ្រោះធម្មជាតិ​។ ២) រួម​ចំណែក​​ក្នុង​ការអភិវឌ្ឍ​ក្នុង​តំបន់​តាមរយៈ​ការបែងចែក​ចំណូល និង​ផលចំណេញ​តាម​មធ្យោបាយ​ផ្សេងៗ ដោយ​ការបន្ថែម​គុណ​តម្លៃ​នៅ​តំបន់​ទាំងនោះ​។ ៣) ទេសចរណ៍​ក្នុងស្រុក​ជា​មធ្យោបាយ​ដ៏​ល្អឥតខ្ចោះ​មួយ ដែល​ជួយ​សម្រួល​ភាព​តានតឹង​សង្គម ដោយ​អនុញ្ញាត​ឱ្យ​ប្រជាជន​ដែល​មាន​ចំណូល​ទាប ដែល​មិន​មាន​លទ្ធភាព​អាច​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស អាច​មានឱកាស​ធ្វើដំណើរ​លំហែកាយ និង​សម្រាក​តាម​រមណីយដ្ឋាន​នានា​នៅក្នុង​ស្រុក​។ ៤) ចលនា​ទេសចរណ៍​ក្នុងស្រុក​ជា​ឧបករណ៍​ធ្វើឱ្យ​តំបន់​ទេសចរណ៍​ថ្មីៗ ឬ​មិន​សូវ​មាន​ភាពល្បីល្បាញ​ទទួលបាន​ការចាប់អារម្មណ៍ និង​ដំណើរការ​ទៅមុខ​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​។ ៥) ផ្អែក​តាម​​ទស្សនវិស័យ​ម៉ាក្រូសេដ្ឋកិច្ច ទេសចរណ៍​ក្នុងស្រុក​អាច​ធ្វើ​រំលស់​ចំណាយ​ជាតិ លើ​វិស័យ​ទេសចរណ៍​អន្តរជាតិ​បាន​។ តួយ៉ាង​ដូច​ជា​ការវិនិយោគ​លើ​សម្បទា​រូបវ័ន្ត មាន​ការដឹកជញ្ជូន ស្នាក់នៅ អាហារ​ជាដើម ក៏​ដូចជា​ការវិនិយោគ​ផ្នែក​អរូបី​ដូចជា​ការ​បណ្តុះ​បណ្តាល និង​ពង្រឹង​គុណភាព​សេវាកម្ម​។ ៦) ទេសចរណ៍​ក្នុងស្រុក​ជា​ចលករ​យ៉ាងសំខាន់ សំដៅ​ការ​ការអប់រំ​ប្រជាពលរដ្ឋ​ឱ្យដឹង​ពី​សក្តានុពល ចេះ​ស្រលាញ់​ទឹកដី នឹង​ជឿជាក់​លើ​រដ្ឋាភិបាល​។​

​លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ដើម្បី​ចូលរួម​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍ ២០១២-២០២០ ឱ្យបាន​ជោគជ័យ និង​ឆ្លើយតប​តាម​ចក្ខុវិស័យ​របស់​ក្រសួង​ទេសចរណ៍ ដែល​នឹង​ជំរុញ​ឱ្យ​មាន​ទេសចរ​ក្នុងស្រុក​ប្រមាណ ១៩​លាន​នាក់ ក្នុង​ឆ្នាំ​២០២៥ ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បាន​អនុវត្ត​ការងារ​មួយចំនួន ក្នុង​គោលបំណង​ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ ប្រកបដោយ​គុណភាព និង​ចីរភាព រួម​មាន​ការដាក់ចេញ​ការ អនុវត្ត​យន្តការ​ពង្រឹង​ប្រព័ន្ធ​វាយតម្លៃ ចំណាត់​ថ្នាក់​សេវា​ស្នាក់នៅ ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ចលនា​ប្រឡងប្រណាំង​រង្វាន់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សម្រាប់​ធុរកិច្ច​បៃតង ក្នុង​វិស័យ​ទេសចរណ៍ ចលនា​ប្រឡងប្រណាំង រមណីយដ្ឋាន​ទេសចរណ៍​គំរូ ចលនា​ប្រឡង​ប្រណាំង បដិសណ្ឋារកិច្ច​ល្អ​ជា​ដើម​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×