Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​មិន​អាច​ចាប់ តែ​គេ​អាច​ប្តឹង​ទារលុយ ពី​អ្នក​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត មិន​ទៅ​បោះឆ្នោត​

spot_img

​ខេត្ត​ព្រៃវែង ​៖ បន្ទាប់​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មូលដ្ឋាន​ខេត្ត​បាត់ដំបង ដាក់ពាក្យ​ប្តឹង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​បាត់ដំបង និង​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មូលដ្ឋាន ចំនួន​៣​នាក់ ពី​បទ​ញុះញង់ រារាំង​អ្នកបោះឆ្នោត តាមរយៈ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​នោះ សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ប្រចាំ​ខេត្ត​ព្រៃវែង និង​ខេត្ត​បាត់ដំបង អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨ បានប្រកាសថា អាជ្ញាធរ​សមត្ថកិច្ច​ប៉ូលិស មិន​អាច​ចាប់​អ្នក​ដែល​ធ្វើ​យុទ្ធនាការ​លើក​ម្រាមដៃ​ស្អាត ដើម្បី​បញ្ជាក់​ថា ខ្លួន​មិន​ទៅ​បោះឆ្នោត​នោះទេ តែ​គេ​អាច​ប្តឹង​អ្នក​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​នោះ ដើម្បី​ផាកពិន័យ​ជា​សាច់ប្រាក់​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​នៅ​ចំពោះមុខ​សកម្មជន​បក្ស​របស់​ខ្លួន​ថា “​យើង​មិនមាន​ច្បាប់​ណាមួយ កំណត់​ឲ្យ​ចាប់​អ្នក​ទាំងនោះ​ទេ ហើយ​ម្យ៉ាងទៀត យើង​ក៏​គ្មាន​ពន្ធនាគារ​ឯ​ណា សម្រាប់​ដាក់​អ្នក​ទាំងនោះ​ទេ ប៉ុន្តែ​យើង​អាច​ប្តឹង​ទារលុយ​ពី ៥​លាន ទៅ ២០​លាន​រៀល ដែល​ច្បាប់ បានកំណត់​”​។​

​សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ថា ” ចាប់​ទៅ​យក​ទៅ​ដាក់​នៅ​កន្លែង​ណា​ឥឡូវ​ហ្នឹង​? បើ​ពន្ធនាគារ វា​ណែន​អស់ហើយ​។ ចាប់​ហើយ វា​គ្មាន​ហេតុផល​នឹង​ចាប់​ទៀត​។ មាន​អ្នកខ្លះ គេ​នាំគ្នា​ធ្វើ​យុទ្ធនាការ​ដៃ​ស្អាត នាំគ្នា​ធ្វើ​ម្តុំ​អីចឹង​ទៅ​។ ពួក​ហ្នឹង​មួយចំនួន បងប្អូន​យើង​ចង់​ទៅ​ចាប់​។ តែ​ប៉ូលិស​ទេ សមត្ថកិច្ច​ប៉ូលិស​ទេ​។ ខ្ញុំ​ថា អត់​បាន​ទេ មើល​ច្បាប់​ទៅ មានតែ​ប្តឹង​ផាក​ទេ ៥ ទៅ ២០ លាន រួច​បើ​ម្តង​មិន​រាងចាល ប្តឹង​ទៀត ៥ ទៅ ២០ លាន​ទៀត បើ​នៅ​តែ​ធ្វើ​ទៀត ប្តឹង ៥ ទៅ ២០ លាន​ទៀត អាហ្នឹង​វា​អីចឹង ហើយ​បើ​ទៅ​ចាប់ តើ​មានច្បាប់​ណា​ទៅ​ចាប់​? អត់​ត្រូវ​ទេ សម្របសម្រួល​ដោះស្រាយ​គ្នា​ទៅ​។ ដំបូង អ្នក​ត្រូវ​គេ​ប្តឹង ដែល​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​នោះ ហាក់ដូចជា គំរាម​លើ​អ្នកប្តឹង តែ​ក្រោយ​ពី​លើក​ហេតុផល​ច្បាប់ទម្លាប់​ទៅ ក៏​បែរជា​អង្វរ​យើង​វិញ​។ ដល់​ឥឡូវ​មិនដឹង​ប្តឹង​ដល់​ណា​ដល់ណី​ទៀត​ទេ សម្តេច​មិន​ដឹង​ទេ ឲ្យធ្វើ​តាម​ច្បាប់​ទៅ យើង​មិន​ចង់​ធ្វើ​បាប​នរណា​ទេ គឺ​ថា​យើង​កសាង​សេចក្តីសុខ តែ​ម៉ឺងម៉ាត់​ចំពោះ​ច្បាប់ អីចឹង ដូច​ករណី​នេះ មិញ​ថា រឿង​ហែ​បក្ស គេ​សួរ​ថា ពី​ណា​ងាប់ អាណា​ងាប់​ហ្នឹង​? អាហ្នឹង​ក៏មាន​ពាក្យបណ្តឹង​ដែរ អាហ្នឹង​គេ​ហៅថា យើង​ទន់ភ្លន់ តែ​ម៉ឺងម៉ាត់​”​។​

​សម្តេច​ក្រឡាហោម ស ខេង ខាងលើនេះ បាន​ធ្វើឡើង បន្ទាប់ពី​នៅ​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មូលដ្ឋាន បាន​ដាក់ពាក្យ​ប្តឹង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​បាត់ដំបង និង​អតីត​ថ្នាក់ដឹក នាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មូលដ្ឋាន សរុប ៣​នាក់ ពី​បទ​ញុះញង់ រារាំង​អ្នកបោះឆ្នោត តាមរយៈ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​។ អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ បាន​ជួបជុំ​ថតរូប លើក​ម្រាមដៃ​ស្អាត ដោយ​ប្រកាស​មិន​ទៅ​បោះឆ្នោត ហើយ​បង្ហោះ​រូបថត​នោះ​តាម​ហ្វេ​សប៊ុក​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×