Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹក​ទន្លេសេសាន កំពុង​មាន​ការ​ជន់​ឡើង​ខ្លាំង​

spot_img

​ស្ទឹងត្រែង​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២៣​ខែកក្កដា​នេះ បានឲ្យដឹងថា ទឹក​ទន្លេសេសាន ក្នុង​ខេត្ត​រតនគិរី បាន​​និង​កំពុង​ហក់​ឡើង ជា​បន្តបន្ទាប់ ចាប់តាំងពី​ល្ងាច​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ ។​

​ក្រសួង​ជំនាញ​ដដែល បានបញ្ជាក់​ថា គិត​ត្រឹម​ម៉ោង ១ រសៀល​ថ្ងៃ​ទី ២៣ នេះ ទឹកទន្លេ បាន​កើនឡើង​ដល់​កម្ពស់ ៧,៨០ ម៉ែត្រ​ (​កម្រិត​កម្ពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ៨ ម៉ែត្រ​) ។ ក្រសួង​ធនធានទឹក ក៏​បាន​ស្នើ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ ​ដែល​រស់នៅ​តាម​ដង​ទន្លេសេសាន បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ខណៈ​ទឹកនឹង​បន្ត​កើនឡើង​បន្ថែមទៀត​។​

​ប្រភព​ដដែល​បន្តថា ស្ថានភាព​ទឹកស្ទឹង​សំរោង ផ្លូវជាតិ​លេខ ៤ ហក់​ឡើង​ជា​ថ្មី ៖ គិត​ត្រឹម​ម៉ោង ១១:៣០ នាទី​ព្រឹក​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹង​សំរោង ត្រង់​ចំណុច​ស្ពាន​សំរោង (​គីឡូម៉ែត្រ ១១៦) ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ បាន​ហក់​ឡើង​ជា​ថ្មី​ម្តងទៀត ។ ពេល​នេះ​ទឹកស្ទឹង​បាន​ជន់​ឡើង​ព្រៀប​នឹង​ចិញ្ចើម​ផ្លូវជាតិ​ជា​បណ្តើរៗ​ហើយ ។ សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​តាម​ចំណុច​ខាងលើ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជា​យថាហេតុ ។​

​ព្រឹក​ថ្ងៃ​ចន្ទ ទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បន្ត​ដឹកនាំ​ក្រុម​ការ​ងារ ទប់ទល់​នឹង​ជំនន់​ស្ទឹង​ព្រែក​ត្នោត ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ។ ជារួម ទឹក​បា​នស្រក​ចុះ​ក្នុង​កម្រិត ០,៩០ ម៉ែត្រ ហើយ ទាំង​ទឹក​នៅ​ទំនប់​៧​មករា និង​ទឹកស្ទឹង​ព្រែក​ត្នោត ។ មកដល់ពេលនេះ ស្ថានភាព​បាន​ធូរស្រាល​ច្រើន ប៉ុន្តែ​មិន​ទាន់​អាច​លែងដៃ នៅក្នុង​ការប្រុងប្រយ័ត្ន​នៅឡើយ​ទេ ក្រុមការងារ​នៅ​តែ​បន្ត​ត្រៀម អន្តរាគមន៍​នៅតាម​ទំនប់​សណ្តរ​ស្ទឹង ។​

​ក្រសួង​ធនធានទឹក ក៏​បាន​បញ្ចេញ​របាយការណ៍​អំពី​កម្រិត​បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​តាម​បណ្តា​រាជធានី​-​ខេត្ត និង​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់ សម្រាប់​ថ្ងៃ​ទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ ៖

 

​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×