Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី ត្រៀមកម្លាំង​មាន​សមត្ថកិច្ច ការពារ​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៧​ខែកក្កដា​

spot_img

​ភ្នំពេញ ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ ពិភាក្សា​មួយ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ត្រៀម​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំង​ពីរ​ប្រភេទ ក្នុង​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់​នៅ​ពេល​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ខាងមុខនេះ ។​

​បើ​តាម​លោក​ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា “​នៅ​រសៀល​ថ្ង​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជ​ធា​នី​ភ្នំពេញ ដើម្បី​ធ្វើ​យ៉ាងម៉េច គិតគូរ​ពង្រឹង​បន្ថែម លើ​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព និង​បញ្ហា​ចរាចរណ៍​សំដៅ ធានាបាន​នូវ​យុទ្ធនាការ នៃ​ការបិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ដោយ​ប្រព្រឹត្ត​ដោយ​រលូន និង​មាន​សុវត្ថិភាព ជូន​គ្រប់ភាគី​គណបក្សនយោបាយ​ទាំងអស់ ។ ក្នុងនោះ​ដែរ​លោក​អភិបាល​បាន​ផ្តាំផ្ញើ​ទាំង​ដល់​កងកម្លាំង​ទាំង​ពីរ​ប្រភេទ គឺ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ រដ្ឋ​បាល​​ខណ្ឌ​ទាំង​១២ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ធ្វើយ៉ាងណា ត្រូវ​គិតគូរ​ត្រូវធ្វើ​ឲ្យបាន​ម៉ត់ច​ត់​ទៅលើ​បញ្ហា​នេះ ។ ចំណែក​ការងារ​ផ្សេងៗ​ទៀត ដូចជា ការងារ​ចេញ​ល្បាត ការត្រួតពិនិត្យ​អាវុធជាតិផ្ទុះ រួម​នឹង​ការងារ​ផ្សេងៗ​ដែល​ត្រូវ​ធ្វើ​ប្រចាំថ្ងៃ ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ទូទៅ ផង និង​ក៏ដូចជា​ការត្រៀម​លក្ខណៈ​ក្នុង​ការការពារ និង​សម្រួល​ការងារ ក្នុង​ការបិទ​យុទ្ធនាការ​ហែ​ក្បួន​ឃោសនាបោះឆ្នោត “​។​

​សូមបញ្ជាក់​ថា កិច្ចប្រជុំ​នេះ​ក្រោម​វត្តមាន​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួមជាមួយ​លោក​យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោកនាយ​ឧត្តមសេនីយ​ហ៊ុយ ពិសិដ្ឋ តំណាង​ក្រសួង​ការពារជាតិ តំណាង​បញ្ជាការដ្ឋាន​កង​អង្គរក្ស​អាជ្ញាធរ កង​កម្លាំង​ប្រដាប់អាវុធ​ចំណុះ​អោយ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​។​

​កិច្ចប្រជុំ​នេះ​គឺ​បាន​ពិភាក្សា​លំអិត​លើ​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​គណបក្ស​នយោបាយ​ទាំងអស់ ដែល​នឹង​ចេញ​ធ្វើ​សកម្មភាព​ដង្ហែ​ក្បួន បិទ​យុទ្ធនាការ​ឃោសនា បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ដោយ​មាន​វត្តមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដង្ហែ​ក្បួន បិទ​យុទ្ធនាការ​ឃោសនា បោះឆ្នោត​នោះ​ដែរ​។​

​ពាក់ព័ន្ធ​នឹង​កិច្ចការងារ​ខាងលើនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​នេះដែរ ក៏​បាន​សេចក្ដីជូនដំណឹង​មួយ​ស្ដីពី ការបញ្ចៀស​ចរាចរ​ជា​បណ្ដោះអាសន្ន ក្នុងការ​ដង្ហែ​ក្បួន បិទ​យុទ្ធនាការ​ឃោសនា បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ របស់​គណបក្ស​នយោបាយ​នេះ​ផង​ដែរ​។​

​បើ​តាម​សេចក្តីជូនដំណឹង​នេះ​បាន​បញ្ជាក់ថា នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា​ខាង​មុខ នឹង​មាន​គណបក្សនយោបាយ​ជាច្រើន ធ្វើ​ការជួបជុំ និង​ដង្ហែ​ក្បួន បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដោយ​មាន​ការជួបជុំ​សមាជិក រហូត​ដល់​ប្រមាណ​២៥០.០០០​នាក់ និង​នៅ​ទីលាន​ប្រជាធិបតេយ្យ មាន​ការជួបជុំ​សមាជិក រហូត​ដល់​ប្រមាណ​២០.០០០​នាក់ ព្រមទាំង​មាន​ការជួបជុំ​សមាជិក​នៅតាម​ទីស្នាក់ការ​គណបក្ស​មួយចំនួន​ផង​ដែរ ។​

​បន្ទាប់​ពី​ការជួបជុំ​បណ្ដា​គណបក្ស​នយោបាយ រួច​ដង្ហែ​នឹង​ត្រូវ​ធ្វើឡើង​នៅ​តាម​មហាវិថី​កម្ពុជា​ក្រោម មហាវិថី​សម្ដេច​មុនី​រ៉េត កំណាត់​វិថី​សម្ដេច​សុធារស កំណាត់​មហាវិថី​ម៉ៅ​សេទុង កំណាត់​មហាវិថី​ព្រះមុនីវង្ស កំណាត់​មហាវិថី​ព្រះសីហនុ តិរវិថី​ព្រះស៊ីសុវត្ថិ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវ​មិត្តភាព​ភ្នំពេញ​-​ហាណូយ ផ្លូវ​ណត​ប្រ៊ីត ផ្លូវ​ចោមចៅ ផ្លូវ​លេខ​២៧១ ផ្លូវ​លេខ​៧០ និង​ផ្លូវ​សំខាន់ៗ​មួយចំនួនទៀត ក្នុង​រាជធានី​ភ្នំពេញ​។​

​ដើម្បី​ធានា​បរិយាកាស​នៃ​ការបិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត មាន​ភាពល្អប្រសើរ និង​ស្នើ​ភាព​គ្រប់​គណបក្ស​នយោបាយ ពិសេស​ការ​ដង្ហែ​ក្បូន​របស់​គណបក្ស​នយោបាយ ប្រព្រឹត្តទៅ​ដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​ការកកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើ​ការផ្អាក​ចរាច​រ​ជា​បណ្តោះអាសន្ន តាម​ទីតាំង​ជួបជុំ​មួយរយៈ​ខ្លី និង​បញ្ចៀស​ចរាចរ​តាម​កន្លែង​កកស្ទះ មួយចំនួន​។ ដូចនេះ​ស្នើ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គ្រោង​ធ្វើដំណើរ ទៅ​កន្លែង​ជួបជុំ និង​តាម​មហាវិថី តិរវិថី និង​ផ្លូវ​សំខាន់ៗ មួយចំនួន​ខាងលើ មេត្តា​បញ្ចៀស​ចរាចរ​ជា​បណ្តោះអាសន្ន បើសិនជា​មិន​ចាំបាច់​ពុំគួរ​ធ្វើដំណើរ​ឆ្លងកាត់ តាម​កន្លែង​ជួបជុំ និង​ផ្លូវ​ដង្ហែ​របស់​គណបក្ស​ទាំងនោះ ចាប់ពី​ម៉ោង​៦​ព្រឹក រហូត​ដល់​ក្បួន​ដង្ហែ​ត្រូវបាន​បញ្ចប់​៕ ​ដោយ​ ៖ ​កូឡាប​

 

spot_img
×