Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អគ្គស្នងការ ណែនាំ​ពង្រឹង​បន្ថែម​ក្នុង​ការត្រួតពិនិត្យ និង​គ្រប់គ្រង រំ​សេវ គ្រឿងផ្ទុះ​នៅតាម​បណ្ដា​ក្រុមហ៊ុន ការដ្ឋាន និង​មូលដ្ឋាន​អាជីវកម្ម​

spot_img

​ភ្នំពេញ ​៖ អគ្គស្នងការ​នគរបាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្ដីណែនាំ​ចំនួន​៥​ចំណុច ស្ដីពី ការពង្រឹង​បន្ថែម​ក្នុង​ការត្រួតពិនិត្យ និង​គ្រប់គ្រង រំ​សេវ គ្រឿង​ផ្ទុះ នៅតាម​បណ្ដា​ក្រុមហ៊ុន ការដ្ឋាន និង​មូលដ្ឋាន​អាជីវកម្ម​។​

​យោង​តាម​សេចក្តីណែនាំ​លោកនាយ​ឧត្តមសេនីយ៍ ឆៃ ស៊ីណា​រិទ្ធ អគ្គស្នងការ​នគរបាល​ជាតិ​ស្តីទី បានបញ្ជាក់​ថា ក្នុង​គោលបំណង​ធានា បាន​នូវ​ការគ្រប់គ្រង​រំសេវ គ្រឿង​ផ្ទុះ នៅតាម​បណ្ដា​ក្រុមហ៊ុន ការដ្ឋាន មូលដ្ឋាន​អាជីវកម្ម សំដៅ​បង្ការ​រាំង​ស្កាត់ រំសេវ​គ្រឿងផ្ទុះ​ទាំងនោះ ធ្លាក់​ដល់ដៃ​ជន​ទុច្ចរិត ដែល​អាច​យក​ទៅ​ប្រព្រឹត្ដ​បទល្មើស ឬ​ភេរវកម្ម ដែល​បង្ក​ហានិភ័យ​គ្រោះថ្នាក់ បង្ក​សំឡេង​ផ្ទុះ បង្កើតឲ្យមាន​ភាពចលា​ចល ពិសេស​មុនពេល ក្នុងពេល និង​ក្រោយពេល​បោះឆ្នោត​សកល ជ្រើសតាំង​តំណាងរាស្ដ្រ​អាណត្ដិទី​៦ ដែល​នឹង​ប្រព្រឹត្ដ​ទៅ​នា​ពេល​ខាងមុ​ខ​នេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ធ្វើការ​ណែនាំ​ដល់​នាយកដ្ឋាន​ជំនាញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត រួមមាន​៖
១) បង្កើន​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ ដល់​ក្រុមហ៊ុន ការដ្ឋាន មូលដ្ឋាន​អាជីវកម្ម អំពី​ច្បាប់ និង​ណែនាំ​បទដ្ឋាន​ពាក់ព័ន្ធ​ដល់​ការគ្រប់គ្រង​រំ​សេវ គ្រឿងផ្ទុះ​ឲ្យបាន​ហ្មត់ចត់ និង​មាន​សុវត្ថិភាព​។ ២) បង្កើន​ការត្រួតពិនិត្យ​អាវុធ គ្រឿង​ផ្ទុះ និង​គ្រាប់រំសេវ នៅតាម​ដងផ្លូវ តាម​ទីសាធារណៈ តាម​គោលដៅ​សំខាន់ៗ និង​ពង្រឹង​វិធានការ​ត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប​រាល់​ការ​លួចលាក់​នាំចូល ឬ លួច​ដឹក​ជញ្ជូន ឆ្លងកាត់​នៅ​តាម​តំបន់​ព្រំដែន​។ ៣) ចាត់​បញ្ជូន​មន្ដ្រីនគរបាល​ជំនាញ ឬ នគរបាល​មូលដ្ឋាន ដើម្បី​ការពារ​ទីតាំង និង​ចុះបញ្ជី​គ្រប់គ្រង​ត្រួតពិនិត្យ​ការ​បញ្ជូ​ល ការបញ្ចេញ ការ​រក្សាទុក ការ​បំផ្ទុះ ពិសេស​ការគ្រប់គ្រង​ឃ្លាំង​រក្សាទុក និង​ប្រមូល​រំសេវ​គ្រឿងផ្ទុះ​ដែល​សល់​ពី​ការប្រើប្រាស់ (​ត្រូវ​បង្វែរ​មក​រក្សាទុក​ឃ្លាំង​សុវត្ថិភាព​វិញ​ជា​ដាច់ខាត​)​។ ៤) ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន ការដ្ឋាន មូលដ្ឋាន​អាជីវកម្ម​នានា ឲ្យ​ផ្អាក​បណ្ដោះអាសន្ន ការដឹកជញ្ជូន​ការប្រើប្រាស់​រំ​សេវ គ្រឿង​ផ្ទុះ ដោយ​ហាម​ដាច់ខាត​មិនឲ្យ​ដំណើរការ​រយៈពេល​១​សប្ដាហ៍ មុន​នឹង​ក្រោយ​ថ្ងៃ​ការបោះឆ្នោត​សកល​ជ្រើសរើស​តំណាងរាស្ដ្រ​អាណត្ដិទី​៦​។ ៥) នាយកដ្ឋាន​គ្រប់គ្រង​អាវុធជាតិផ្ទុះ ត្រូវ​តាមដាន​ត្រូតពិនិត្យ​ការចាត់តាំង​អនុវត្ដ​ខាងលើនេះ ព្រមទាំង​ចាត់​បញ្ជូន​នាយ​នគរបាល និង​មន្ដ្រី​ជំនាញ​ចុះ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ដើម្បី​ពិនិត្យ​លើ​គោលដៅ ដែល​បាន​កំណត់​ថា មាន​ភាពស្មុគស្មាញ និង​ចាត់​វិធានការ​ជំនាញ ដោយ​ផ្អែក លើ​ស្ថានភាព​ជាក់ស្ដែង​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×