Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​ដំណោះស្រាយ​ពី​បញ្ហា​លិច​ទឹក​នៅ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​

spot_img

ភ្នំពេញ​៖ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក​ម៉េត មាស​ភក្តី បានអោយដឹង​ថា​នៅ​រសៀល​ថ្ងៃទី​១៧​ខែ​វិច្ឆិកា​នេះ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ដើម្បី​រក​ដំណោះស្រាយ​អំពី​បញ្ហា​លិច​ទឹក​ដោយ​ផ្តោត​ទៅ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ ដែល​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ អម​ដោយ​លោក​អភិបាលរង ដែល​ទទួលបន្ទុក​លើ​កិច្ច​ការងារ​លូទឹក សាធារណការ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​។​

​លោក​បន្តថា ក្នុង​ខណ្ឌ​ចំនួន​៤​ដែល​មាន​ភាព​ពាក់ព័ន្ធ​ជាមួយនឹង​ការ​លិច​ទឹក​ប៉ែន​ខាងលិច​រាជធានី​ភ្នំពេញ គឺ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ នៅ​ប៉ែក​ខាងលិច​ឆៀង​ខាងជើង និង​ខណ្ឌ​ដង្កោ និង​ខណ្ឌ​មានជ័យ នៅ​ប៉ែក​ខាងលិច​ឆៀង​ខាងត្បូង​។ ហើយ​កន្លែង​ដែល​លិច​ទឹក​ច្រើនជាងគេ គឺ​តំបន់​សាលាក្តី​ខ្មែរក្រហម តំបន់​មុខ​ព្រលានយន្តហោះ តំបន់​ដង​នង្គ័ល តំបន់​ខាងក្រោយ ព្រលានយន្តហោះ ដូចជា​ផ្លូវ​ដូង​ងៀប​ជាដើម ។ នេះ​ជា​តំបន់​ធំៗ​ដែល​ប្រឈម​នឹង​ការលិចលង់​ក្នុង​ឆ្នាំនេះ ហើយ​កិច្ចប្រជុំ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើ​នេះ​ក្នុង​គោលបំណង​រួម​ធំ​តែ​មួយ ដើម្បី​ធានាបាន​ថា​នៅក្នុង​ឆ្នាំក្រោយ បើសិន​មិន​មាន​ករណី​ភ្លៀង​ធំ និង​មិន​មាន​ព្យុះ​ដូច​ក្នុង​ឆ្នាំ​នេះ​ទេ យើង​នឹង​អាច​រំដោះ​និង​ដោះស្រាយ​បញ្ហា​លិច​ទឹក ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ មិនឲ្យ​មាន​ការលិចលង់​ដូច​ឆ្នាំ​នេះ​ទៀត​។​

​លោក​បាន​បន្តថា មូលហេតុ​នេះហើយ យើង​បាន​ពិភាក្សា​និង​សិក្សា​ហើយ​ថា បញ្ហា​លិច​ទឹក​ដោយសារ​តែ​តំបន់​ដែល​រង​ពី​ការលិចលង់​នោះ​គឺ​មិន​មាន​ចរន្តទឹក​ហូរ​បានល្អ បានន័យថា​មាន​ឧបសគ្គ​នៃ​លំហូ​ទឹក ។ ឧបសគ្គ​នៃ​លំហូ​ទឹក​នេះ​បាន​ចែកចេញ​ជា​ពីរ​ផ្នែក ដោយ​តំបន់​ខ្លះ​គ្មាន​ការតភ្ជាប់ ដោយ​តំបន់​លិច​ទឹក​ទាំងនោះ​រក​ផ្លូវ​អត់​មាន ហើយ​តំបន់​លិច​ទឹក​ខ្លះទៀត មាន​ការតភ្ជាប់​និង​មាន​សសៃរ​លំហូ តែ​មិន​មាន​លក្ខណៈ​សមស្រប ដែល​ធ្វើឲ្យ​ទឹក​ហូរ​យឺត​ដូចជា​ផ្លូវ​ទឹក​មាន​ទំហំ​តូច មិន​សម​មាត្រ​នៃ​ទំហំ​ទឹក​ដែល​ហូរ​។​

​លោក​បញ្ជាក់ថា បញ្ហា​ប្រឡាយ និង​លូ ដែល​ជា​បញ្ហា​ធំ​ដែល​យើង​ត្រូវ​គិត សម្រាប់​រំដោះ​ទឹក និង​បាន​ដើរ​តួនាទី​សម្រាប់ ជា​ផ្លូវទឹក សម្រាប់​រំដោះ​ទឹក​ចេញ​ពី​តំបន់​ដែល​កំពុងតែ​មាន​ការលិចលង់ ក្នុងនោះ​ដែរ​តំបន់​ខ្មែរ​ក្រហម​ត្រូវ​រំដោះ​ទឹក​ទៅ​តាម​ប្រឡាយ​ទួល​ពង្រ ដែល​ហ្នឹង​ត្រូវ​រៀបចំ​ឲ្យបាន​ល្អ​ប្រសើរ​ជាង​មុន ។ តំបន់​ដង​នង្គ័ល​ត្រូវ​រំដោះ​ទឹក​ទៅ​ប្រឡាយ​ទួល​សំពៅ​រហូតដល់​ទំនប់​កប់​ស្រូវ ។ ដោយឡែក​ប៉ែក​ខាងត្បូង​ក្នុង​តំបន់​ផ្លូវ​២០០៤​និង​ផ្លូវ​ដួង​ងៀប​ត្រូវ​បញ្ចេញ​ទឹក​តាម​ប្រឡាយ​បារាំង ប្រឡាយ​ដើម​ស្លែង និង​អាច​ញែក​ជា​ពីរ​ទៅ​ខាង​ប្រឡាយ​លូ​ប្រាំ និង​ប្រឡាយ​ស្ទឹងមានជ័យ​។​

​ប្រឡាយ​លូ​ប្រាំ នឹង​ត្រូវ​រៀបចំ​ជា​ស្ថានីយ៍​បូមទឹក​មួយទៀត ទើប​អាច​ធ្វើ​ការរំដោះ​ទឹក​បាន ពីព្រោះ​ថា​យើង​បាន​ធ្វើ​ផ្លូវ​ខ្សែទឹក​រហូត​ដោយ​ធ្វើ​ការដាក់​លូ​និង​ជីក​ធ្វើជា​ប្រឡាយ​ដោយ​មក​បញ្ចប់​ត្រឹម​ស្ថានីយ៍​បូមទឹក​លូ​ប្រាំ​។ បើសិនជា​លូ​ប្រាំ​មិន​ដាក់​ស្ថានីយ៍​បូមទឹក​ទេ ទឹក​នេះ​ហ្នឹង​មិនអាច​ហូរ​ចេញពី​តំបន់​នេះ​បានទេ ទោះបីជា​ទឹក​ហូរ​មក​ពី​កន្លែង​ណា​មក​ចាល់​កន្លែង​លូ​ប្រាំ​នេះ ហើយ​ទឹកបាន​ចាល់​ឡើង​ទៅលើ​វិញ ធ្វើ​លិចលង់​ដដែល ដូច្នេះ​ស្ថានីយ៍​បូមទឹក​លូ​ប្រាំ​ត្រូវតែ​រៀបចំ​និង​បន្ត​យក​ទឹក​ចេញពី​លូ​ប្រាំ​មក​តំបន់​ជើងឯក តាម​ប្រឡាយ​ម័រ ។​

​តាមរយៈ​ការ​លម្អិត ត្រូវបាន​លោក​អភិបាល​រាជធានី​ភ្នំពេញ ដាក់​ផែនការឲ្យ​អភិបាលរង​ទទួលតា​ម​ផ្នែក​នីមួយៗ ត្រូវ​ប្រជុំ​ពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​បន្ថែមទៀត ដើម្បី​សិក្សា ហើយ​ក្នុងនោះ​ដែរ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែល​បាន​តួ​សំខាន់​ជាងគេ នៅក្នុង​បញ្ហា​រំដោះ​ទឹក និង​បញ្ហា​ប្រឡាយ​លូ ត្រូវ​ធ្វើ​ការសិក្សា​ជា​កញ្ចប់​ពីព្រោះ​ថា​ប្រឡាយ​និង​លូទឹក មិន​ដូច​ផ្លូវ​ថ្នល់​ទេ បានន័យថា ផ្លូវថ្នល់​បើ​ខូច​កន្លែង​ណា​នឹង​មាន​បញ្ហា​តែ​កន្លែង​នោះ​ហើយ​ធ្វើ​ការជួសជុល​គឺ​ចង់​បញ្ហា​ហើយ​ប៉ុន្តែ​បើ​មិន​មាន​ការជួសជុល​ទេ​គឺ​ខូច​តែ​កន្លែង​ហ្នឹង ។​

​ដោយឡែក​លូទឹក​វិញ មានការ​ត​ភ្ជាប់​គ្នា ហើយ​បើសិនជា​មាន​ការរាំងស្ទះ​ក្នុង​កន្លែង​ណាមួយ នឹង​អាច​ធ្វើឲ្យ​ជន់​លិចលង់​រហូត​ដល់​តំ​បន់​ផ្សេង​ជាច្រើន​ទៀត ហើយ​ត្រូវ​សិក្សា​ជា​កញ្ចប់​តែម្តង ដើម្បី​ឲ្យ​លំហូ​ទឹក​ដែល​កំពុង​លិចលង់​ក្នុង​តំបន់​ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ ថា​តើ​យើង​ត្រូវធ្វើ​យ៉ាងម៉េច ត្រូវ​ដោះ​របៀប​ម៉េច ជាពិសេស​ប្រឡាយទឹក​ដែល​គេ​រំលោភ​ត្រូវតែ​ធ្វើការ​បើក​ប្រឡាយ​នោះ​ឡើង​វិញ ហើយ​ប្រឡាយ​រង​ដោយ​ភក់ល្បាប់​សំរាម យើង​ត្រូវ​ជីក​ស្តារ​ឡើង​វិញ​ឲ្យបាន​ធំ ហើយ​បើ​មាន​លូ​ហើយ​តែ​លូ​នោះ​តូច យើង​ត្រូវ​ដូរ​លូ​ដាក់លូ​ខ្នាត​ធំ និង​លូ​ប្រអប់​ជាដើម ដើម្បី​ឲ្យ​សមមាត្រ​ជាមួយ​នឹង​ទឹក​ហូរ​៕ ដោយ​៖​កូឡាប​

 

spot_img
×