Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាជ្ញាធរ​មីន ប្រាប់​ពលរដ្ឋ ត្រូវ​ប្រុងប្រយ័ត្ន គ្រោះថ្នាក់​គ្រាប់ មីន និង​សំណល់​ជាតិ​ផ្ទុះ ក្នុង​និង​ក្រោយ​ទឹកជំនន់​

spot_img

​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី លី ធុច ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានបញ្ជាក់​ថា ក្នុង​និង​ក្រោយ​ទឹកជំនន់ មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​មួយចំនួន ត្រូវបាន​ប្រទះឃើញ ដោយសារ​ការហូរ​ច្រោះ និង​ដែល​បាន​រសាត់​មកពី​តំបន់​ដែល​មាន​មីន ក្នុងនោះ​មាន​មីន​ប្រឆាំង​មនុស្ស មីន​ប្រឆាំង​រថក្រោះ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ជាច្រើន​ប្រភេទ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ជាយថាហេតុ ជា​ពិសេស​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​ក្នុង​តំបន់ ដែល​រង​ផលប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

​បើ​តាម​សេចក្តីណែនាំ​ស្តីពី ការពង្រឹង​វិធានការ​ការពារ និង​ទប់ស្កាត់​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុងពេល​និង​ក្រោយពេល​គ្រោះទឹកជំនន់ លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថា ដើម្បី​ទប់ស្កាត់​បាន​នូវ​គ្រោះថ្នាក់ ក្នុង​និង​ក្រោយពេល​គ្រោះ​ទឹកជំនន់ អាជ្ញាធរ​មីន​បាន​ណែនាំ​ដល់​គ្រប់​គណៈកម្មាធិកា​រសកម្ម​ភាពមីន​ខេត្ត គ្រប់​ប្រតិបត្តិ​ករ​សកម្មភាព​កម្ចាត់​មីន ស្ថាប័ន និង​អង្គការ​ពាក់ព័ន្ធ ចូលរួម​សហការ​អនុវត្ត​នូវ​វិធានការ​មួយចំនួន​ដូចជា បន្ត​តាមដាន​ជា​ប្រចាំ​នៅតាម​ទីទួល​សុវត្ថិភាព និង​កន្លែង​ទំនាប​នានា ដែល​ប្រជាពលរដ្ឋ ស្នាក់នៅ និង​ឆ្លងកាត់ ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។ បន្ត​បណ្តុះបណ្តាល​ដល់​បណ្តាញ​មីន​ស្ម័គ្រចិត្ត​សហគមន៍ លោកគ្រូ អ្នកគ្រូ ស្តីពី​នីតិវិធី​សម្រាប់​សុវត្ថិភាព​ជា​មូលដ្ឋាន​នៃ​ការអប់រំ កាត់បន្ថយ​គ្រោះថ្នាក់ ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុងពេល​មាន​គ្រោះមហន្តរាយ ដើម្បី​ឲ្យ​ពួកគេ​បន្ត​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស និង​កុមារ​។ ធ្វើ​ការឆ្លើយតប​ឲ្យបាន​ទាន់​ពេលវេលា​ក្នុង​ប្រមូល និង​យក​ទៅ​កម្ទេច​ចោល​នូវ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍ ។ ដាក់​ស្លាក​សញ្ញា​សម្គាល់​ជា​បន្ទាន់​នៅ​តាម​តំបន់​សង្ស័យ​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែល​អាច​ហូរ​តាម​ទឹក និង​ដីល្បាប់ ដើម្បី​ទប់ស្កាត់​កុំឲ្យ​ប្រជាពលរដ្ឋ ចូល​ទៅ​ស្នាក់នៅ ឬ​ឆ្លងកាត់​។ បន្ត​ចុះ​អប់រំ​ពី​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ឲ្យបាន​ជាប់​ជាប្រចាំ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ស្នាក់នៅ​បណ្តោះអាសន្ន តាម​ទីទួល​សុវត្ថិភាព នានា ក៏ដូចជា​តំបន់​ដទៃ​ទៀត ធ្វើយ៉ាងណា​កុំឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុងពេល​និង​ក្រោយពេល​គ្រោះទឹកជំនន់​។​

​កន្លងមក ទឹកជំនន់​តែងតែ​បង្ក​គ្រោះមហន្តរាយ ឆក់​យក​អាយុជីវិត​ប្រជាពលរដ្ឋ និង​សត្វពាហនៈ បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន ដំណាំ​កសិកម្ម​យ៉ាងធ្ងន់ធ្ងរ ជា​ពិសេស​បណ្តា​ខេត្ត​នៅ​ភាគ​ខាងលិច រួមមាន ខេត្ត​ព្រះវិហារ ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ សៀមរាប កំពង់ធំ និង​ខេត្ត​តាម​ដង​ទន្លេមេគង្គ ដែល​ជា​ខេត្ត​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​ ដោយ​៖​កូឡាប​

 

spot_img
×