Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​មាន​អ្នកស្លាប់​ដោយ​ជំងឺ​ឆ្កែ​ឆ្កួត ប្រមាណ​៨០០​នាក់​ក្នុង​មួយឆ្នាំ ជំងឺ​ឆ្កែ​ឆ្កួត​នេះ អាច​បង្ការ​បាន​១០០​ភាគរយ ដោយ​ការចាក់​ថ្នាំ​បង្ការ​

spot_img

​បាត់ដំបង ​៖ ក្នុងប្រទេស​កម្ពុជា នៅតែ​មាន​មនុស្ស​ស្លាប់​ប្រហែ​៨០០​នាក់ ក្នុង​មួយ​ឆ្នាំ ដោយសារ​ជំងឺ​ឆ្កែ​ឆ្កួត ហើយ​ក្នុងនោះ​៥០​ភាគរយ​ជា​កុមារ​។ ជំងឺ​នេះ​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​១០០​ភាគរយ បើ​មិន​បាន​ចាក់​ថ្នាំ​បង្ការ (​វ៉ាក់សាំង​) ប៉ុន្តែ​ជំងឺ​ឆ្កែ​ឆ្កូត​នេះ​អាច​បង្ការ​បាន​១០០​ភាគរយ ដោយ​ការចាក់​ថ្នាំ​បង្ការ បន្ទាប់​ពី​មាន​របួស​ដោយ​សត្វ​ខាំ​។ ហេតុដូចនេះ ទើប​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រួម​ជាមួយ​ក្រសួង​សុខភិបាល ដោយ​មាន​ការគាំទ្រ​ពី​ស្ថាប័ន​ផ្សេងៗ​ទៀត ជា​ដៃគូរ បាន​ផ្តួចផ្តើម​ផែនការ សកម្មភាព​រយៈពេល​៥​ឆ្នាំ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្កែ​ឆ្កូត​នៅ​កម្ពុជា​។​

​ដោយ​មាន​ការសហការ​ជាមួយ​ក្រសួង​សុខាភិបាល ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ និង​ជាមួយ​ក្រសួង​អប់រំ យុវ​ជ​និង​កីឡា ក្នុង​បំណង​កាត់បន្ថយ​អត្រា​ស្លាប់​ដោយ​ជំងឺ​ឆ្កែ​ឆ្កូត​នៅ​កម្ពុជា ឲ្យ​ធ្លាក់ចុះ​៥០​ភាគរយ និង​សង្គ្រោះ​ជីវិត​មនុស្ស​២០០០​នាក់ ក្នុង​រយៈ ពេល​៥​ឆ្នាំ​។ ហេតុដូច្នេះ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង បានសម្រេច​បើក​មជ្ឈមណ្ឌល​បង្ការ ជំងឺ​ឆ្កែឆ្កួត​ប្រចាំ​ខេត្ត​បាត់ដំបង ដោយ​បាន​ដំណើរការ នា ខែកក្កដា ឆ្នាំ​២០១៨ ក្នុង​គោលបំណង ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់​ដោយសារ​តែ​ជំងឺ​ឆ្កែឆ្កួត​នៅ​កម្ពុជា​ឲ្យ​ធ្លាក់ចុះ និង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ឆាប់រហ័ស ក្នុង​គោលដៅ​ការបង្ការ​ជំងឺ​ឆ្កែ​ឆ្កូត​ដល់​មនុស្ស​ចំនួន​១០០០​នាក់ ក្នុង​មួយ​ឆ្នាំ​។​

​ការបង្កើត​មជ្ឈមណ្ឌល​តាម​បណ្ដា​ខេត្ត​នេះ ពិតជា​មាន​ភាពងាយស្រួល​ខ្លាំង មានន័យ​ថា ប្រសិនបើ​មាន​អ្នកណា ឬ​កុមារ​ណា​ម្នាក់ ត្រូវបាន​ឆ្កែ​ខាំ អាច​ចាក់​ថ្នាំ​បង្ការ និង​ព្យាបាល​បាន​ទាន់ពេលវេលា​។​

នៅ ពេល​ដែល​អ្នក​ត្រូវ​ឆ្កែ​ខាំ អ្នក​ត្រូវ​លាង​សម្អាត​មុខរបួស​ដោយ​ប្រើ​សាប៊ូ និង​ទឹក​បង្ហូរ​យ៉ាងតិច​រយៈពេល​១០​នាទី និង​លាង​ដោយ​ទឹក​ថ្នាំ​សម្លាប់​មេរោគ​។ បន្ទាប់​មក​អ្នក​ត្រូវ​ប្រញាប់​ទៅ​រក ចាក់​ថ្នាំ​បង្ការ ជំងឺ​ឆ្កែ​ឆ្កូត នៅ​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែ​ឆ្កូត​នៅ​ខេត្ត​បាត់ដំបង (​ជិត​មន្ទីរពេទ្យ​ខេត្ត​) ឬ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ នៅ​រាជធានី​ភ្នំពេញ (​ជិត​មន្ទីរពេទ្យ​កាល់ម៉ែត មហាវិថី​ព្រះមុនីវង្ស​) ។ សត្វ​ផ្សេងៗ​ក៏​អាច​ចម្លងជំងឺ​ឆ្កែ​ឆ្កូត​នេះ​ផងដែរ ដូចជា សត្វ​ប្រជៀវ សត្វ​ស្វា សត្វ​ឆ្មា និង​សត្វ​ជ្រូក​។​

​ក្នុងនាម​ជា​ប្រទេស​សមាជិក​អាស៊ាន ប្រទេស​កម្ពុជា បាន​ប្តេជ្ញា​ឈាន​ទៅ​លែង ឲ្យមាន​ករណី​មនុស្ស​ស្លាប់​ជំងឺ​ឆ្កែ​ឆ្កូត បង្ក​ដោយ​សត្វ​ឆ្កែ នៅ​ត្រឹម​ឆ្នាំ​២០៣០៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

  

spot_img
×