Sunday, September 19, 2021

អគ្គលេខាធិការ​រដ្ឋសភា ប្រាប់​គណបក្ស LDP ថា រដ្ឋសភា​បាន​បិទ​បញ្ចប់​នីតិកាល របស់​ខ្លួន​ហើយ ចំណែក​តំណាងរាស្ត្រ ទៅ​ឃោសនា មិន​អាច​បញ្ជា​ការងារ​របស់ គ​.​ជ​.​ប បានទេ​

​ភ្នំពេញ ​៖ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ បាន​ចេញ​លិខិត​ឆ្លើយតប ចំពោះ​លោក​ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ស្តីពី​ការ​គូសសញ្ញា​គាំទ្រ​គណបក្ស​លើ​សន្លឹកឆ្នោត​។​

​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បាន​ប្រាប់​ទៅ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ថា អនុលោម​តាម​រដ្ឋធម្មនុញ្ញ រដ្ឋសភា​មិន​អាច​បញ្ជា ឬ​ចាត់ចែង​លើ​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​នោះឡើយ ព្រោះ​រដ្ឋ​សភាជាតិ បាន​បិទ​បញ្ចប់​នីតិកាល​របស់​ខ្លួន​ហើយ រដ្ឋ​ភាពបច្ចុប្បន្ន មាន​សិទ្ធិ​ត្រឹម​តែ​អនុវត្ត​ការងារ​ប្រចាំថ្ងៃ​ប៉ុណ្ណោះ ពុំ​អាច​ចាត់ចែង​ការងារ​ដទៃ​បានឡើយ ជា​ពិសេស​ការងា​រពាក់​ព័ន្ធ​នឹង​ស្ថាប័ន​ដទៃ ដូចជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ជាដើម​។​

​លោក​ឡេង ប៉េង ឡុង បានបញ្ជាក់​ថា តាម​បទពិសោធន៍​នៃ​ការបោះឆ្នោត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា តាំងពី​ឆ្នាំ​១៩៩៣ មក ការ​គូស​សញ្ញា​គាំទ្រ​គណបក្ស​នយោបាយ មាន​ច្រើន​ប្រភេទ ហើយ​ត្រូវបាន​អនុវត្ត គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បន្ត​អនុវត្ត​រហូតមកដល់​បច្ចុប្បន្ន ។​

​ការបញ្ជាក់​បែបនេះ​បន្ទាប់​ពី​ប្រមុខ​គណបក្ស LDP លោក ខឹម វាសនា បានស្នើ​ទៅកាន់​សម្តេច ហេង សំរិន ប្រធាន​រដ្ឋសភា​ឲ្យមាន​ចំណាត់ការ​ទៅលើ​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដោយ​ចង់ឲ្យ​មាន​ការ​គូសសញ្ញា ធិ​ក តែ​មួយ​នៅ​លើ​សន្លឹកឆ្នោត​។​

​លោក ឡេង ប៉េងឡុង បានបញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ មក រដ្ឋសភា​នីតិកាល​ទី​៥ បាន​បិទ​បញ្ចប់​សម័យប្រជុំ​លើក​ទី​១០ នីតិកាល​ទី​៥ មានន័យ​ថា រដ្ឋ​ភាព​បានបញ្ចប់​នីតិកាល​របស់​ខ្លួន​ហើយ ។ បច្ចុប្បន្ន​រដ្ឋសភា​មាន​សិទ្ធិ​ត្រឹមតែ​អនុវត្ត​ការងារ​ប្រចាំថ្ងៃ​ប៉ុណ្ណោះ ពុំ​អាច​ចាត់ចែង​ការងារ​ដទៃ​បានឡើយ ជា​ពិសេស​ការងា​រពាក់​ព័ន្ធ​នឹង​ស្ថាប័ន​ដទៃ ដូចជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ជា​ដើម ។ បច្ចុប្បន្ន តំណាងរាស្ត្រ ដែល​ជា​បេក្ខជន​កំពុង​ចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​។​

​លោក ឡេង ប៉េងឡុង បាន​គូសបញ្ជាក់ថា អនុលោម​តាម​មាត្រា ១៥០​ថ្មី (​ពីរ​) នៃ​រដ្ឋធម្មនុញ្ញ កថាខណ្ឌ​ទី​២ ចែងថា “​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវអនុវត្ត​សមត្ថកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​ឯករាជ្យ និង​អព្យាក្រឹត ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​គោលការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​មាត្រា​១៣ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កថាខណ្ឌ​ទី​១ ចែងថា ប្រធាន អនុប្រធាន និង​សមាជិក​គណៈ​កម្មាធិការ​​​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវអនុវត្ត​តួនាទី​របស់​ខ្លួន ដោយ​មិន​លម្អៀង ដោយ​ឈរ​លើ​គោលការណ៍​គោរព​ច្បាប់ ដោយ​មិន​ទទួល​ការ​គាប​សង្កាត់ ការគំរាមកំហែង ការបំភិតបំភ័យ ឬ ការបង្គាប់បញ្ជា​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ពី​បុគ្គល ឬ ស្ថាប័ន​ណាមួយ​ឡើយ​។​

​យោងតាម​មាត្រា​ទាំង​ពីរ​ខាងលើនេះ លោក ឡេង ប៉េងឡុង បានបញ្ជាក់​ថា រដ្ឋសភា​ពុំ​មាន​សមត្ថកិច្ច​ជ្រៀតជ្រែក ឬ បង្គាប់បញ្ជា​កិច្ចការ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ជា​ស្ថាប័ន​ឯករាជ្យ​បាន​ឡើយ​។​

​សូមបញ្ជាក់​ថា គ​.​ជ​.​ប បានបញ្ជាក់​ថា ប្រជាពលរដ្ឋ​អាច​គូសសញ្ញា​បាន​ច្រើន​ប្រភេទ​នៅលើ​សន្លឹកឆ្នោត ឲ្យតែ​សញ្ញានោះ​មិន​បញ្ជាក់​ពី​អត្តសញ្ញាណរ​បស់​អ្នកបោះឆ្នោត តែ គ​.​ជ​.​ប នៅតែ​លើកទឹកចិត្ត​ដល់​អ្នក​បោះឆ្នោត​ទាំងអស់​គូសសញ្ញា​ធិ​ក នៅក្នុង​ប្រអប់​បួន​ជ្រុង​ទ្រវែង​របស់​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត​។​

​ដោយឡែក​គណបក្ស LDP បានទាមទារ​ឲ្យមាន​ការ​គូសសញ្ញា​ធិ​ក តែ​មួយ​ប៉ុណ្ណោះ​នៅលើ​សន្លឹកឆ្នោត តែ​សំណើ​នេះ​ត្រូវបាន​ច្រាន​ចោល​ដោយ គ​.​ជ​.​ប ផងដែរ ហើយ​គណបក្ស​នេះ ស្នើ​សុំ​រដ្ឋសភា​ពិនិត្យ និង​កែតម្រូវ​ការសម្រេច (​លទ្ធផល​ការងារ​) របស់​គ​.​ជ​.​ប ដែល​បាន​ដាក់ចេញ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​ក្រ​ដា​សំណួរចម្លើយ​ស្តីពី​ការ​គូសសញ្ញា​គាំទ្រ​គណបក្ស លើ​សន្លឹកឆ្នោត​។ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​មើលឃើញថា ការអនុញ្ញាតឲ្យ​អ្នកបោះឆ្នោ​តអាច​គូសសញ្ញា​គាំទ្រ​គណបក្ស​នយោបាយ ក្នុងចំណោម​គំនូស​សញ្ញា​ដ៏​ច្រើន​ប្រភេទ​យ៉ាង​ដូច្នេះ គឺ​ជា​ការសម្រេចចិត្ត​ដែល​ខ្វះ​សុ​ក្រិត​ភាព និង​ធ្វេសប្រហែស ព្រោះ​វា​បាន​ទុក​ឱកាស​ឲ្យ​ជន ឬ​ក្រុម​ជន​ខិលខូ​តអាច​ទិញ​លក់​សន្លឹក​ឆ្នោត ឬ​គំរាមកំហែង​អ្នកបោះឆ្នោត បាន ដោយ​បង្គាប់ បញ្ជា ឬ​លួងលោម អ្នកបោះឆ្នោត​ឲ្យ​គូសសញ្ញា​គាំទ្រ​បែបនេះ ឬ​បែប​នោះ ដេល​ខ្លួន​បាន​កំណត់ និង​នាំឲ្យ​ប៉ះពាល់​ដល់​ការសម្ងាត់​នៃ​ការ​បោះឆ្នោត​៕ ​ដោយ ​៖ ​កូឡាប​