Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នៅ​ព្រឹក​ថ្ងៃទី​២៧​កក្កដា​នេះ ប្រធាន​បក្ស​កាន់​អំណាច ដឹកនាំ​សមាជិក ២៥​ម៉ឺន​នាក់ បិទ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​

spot_img

​ភ្នំពេញ ​៖ ដូច​តាម​ការ​ដែល​គ្រោងទុក​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួបជុំ​សមាជិក​និង​សមាជិការ​គណបក្ស នៅ​កោះ​ពេជ្រ បន្ទាប់មក​នឹង​ចេញ​ដឹកនាំ​សមាជិក សមាជិកា​ប្រមាណ ២៥​ម៉ឺន​នាក់ បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ឆ្នាំ​២០១៨ ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ ពិធី​ដង្ហែរ​ក្បួន​គណបក្ស​គឺ​ចាប់ពី​កោះ​ពេជ្រ​ឆ្ពោះ​ទៅកាន់​ទីតាំង​នាគ​បាញ់​ទឹកមុខ​វត្ត​បទុម​វ​តី នា​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​

​នៅ​ព្រឹក​នេះ សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ឡើង​ថ្លែង​សារ​នយោបាយ ដែលមាន​ខ្លឹមសារ​សំខាន់​ជូន​មហាជន ដែល​នឹង​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ វិទ្យុ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​ទៀត​ផង​ដែរ​។ នៅក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​បោះឆ្នោត​ថ្ងៃ​នេះ​មាន​ការជួបជុំ​សមាជិក សមាជិកា​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​ប្រមាណ ២៥​ម៉ឺន​នាក់​។​

ដោយឡែក​នៅ​ពេល​រសៀល​ថ្ងៃ​ទី​២៧​កក្កដា​ដដែល​នេះ តាម​គម្រោង​ដែល​គ្រោងទុក​លោក ឃួ​ង ស្រេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ​នឹង​ដឹកនាំ​ក្បួន​ដង្ហែរ​បិទ​ក្បួន យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​ទៅ​តាម​តំបន់​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ​រួច​ហើយ​វិល​មក​បញ្ចប់​នៅ​កោះ​ពេជ្រ​វិញ​។​

ផ្អែក​តាម​លិខិត​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ផ្ញើ​ទៅកាន់​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា តាម​រាជធានី​-​ខេត្ត​នា​ពេល​កន្លង​ទៅ​បានឲ្យដឹងថា ការដឹកនាំ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​នេះ នឹង​ធ្វើ​ការជួបជុំ ព្រមទាំង​ដង្ហែ​ក្បួន​ចេញពី​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។ បើ​តាម​លិខិត​ដដែល​នេះ​បាន​គូសបញ្ជាក់ថា​៖ មុន​នឹង​ចេញ​ដង្ហែ​ក្បួន​សម្តេច​ប្រមុខ​បក្ស​កាន់អំណាច នឹង​មាន​ការ​ថ្លែង​សារ​នយោបាយ​ជូន​មហាជន ហើយ​ការ​ថ្លែង​សារ​នេះ នឹង​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ វិទ្យុ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃទៀត ដែល​បក្ស​បាន​ជួល​រួចរាល់​ហើយ​នោះ​។​

មន្ត្រី​បក្ស​បានឱ្យដឹងថា​៖ ការចេញ​ដឹកនាំ​ក្បួន​បិទ​យុទ្ធនាការ ឃោសនា​រក​សំឡេងឆ្នោត នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​ថ្ងៃនេះ គឺជា​ការដឹកនាំ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត ជា​លើក​ទី​ពីរ​ហើយ សម្រាប់​ប្រមុខ​បក្ស​កាន់​អំណាច​។ កាល​ពី​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​ឆ្នាំ​២០១៧​កន្លងទៅ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ចេញ​ដឹកនាំ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​បែបនេះ​ផងដែរ​។​

គួរបញ្ជាក់​ថា​៖​ចាប់តាំងពី​ការបោះឆ្នោត​ឡើង​ដំបូង​នា​ឆ្នាំ​១៩៩៣ សម្តេច​តេជោ ហ៊ុន សែន មិន​ដែល​ចេញ​ដឹកនាំ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត​នោះឡើយ ពោល​ប្រមុខ​បក្ស​រូបនេះ តែង​ធ្វើ​សកម្មភាព​ខ្លាំង​នៅ​មុន​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​ចូលមក​ដល់​។ លុះដល់​ថ្ងៃ​ឃោសនា​រក​សំឡេងឆ្នោត សម្តេច​តេជោ ហ៊ុន សែន តែងតែ​រក្សា​ភាពស្ងប់ស្ងាត់​។ ដូច្នេះ​សម្រាប់​ការចេញ​ដឹកនាំ​ក្បួន​ឃោសនា​ដោយ​ផ្ទាល់​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឲ្យ​មហាជន​មាន​ការចាប់អារម្មណ៍​ខ្លាំង​។ ជាពិសេស​តាមរយៈ​សកម្មភាព​នេះ បានបង្ហាញ​ថា​៖ ប្រមុខ​បក្ស​កាន់​អំណាច​រូបនេះ បាន​ផ្តល់​តម្លៃ​ខ្ពស់​លើ​ការប្រកួតប្រជែង ជា​លំ​អាន​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​កម្ពុជា កំពុង​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​នោះ​។​

​ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​កម្លាំង​រហូត​ដល់​ទៅ​២៥​ម៉ឺន​នាក់ ចេញ​ដង្ហែ​បិទ​ក្បួន​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​ទៅ នៅក្នុង​រាជធានី​ភ្នំពេញ​នេះ ក៏​មាន​គណបក្សនយោបាយ​៥​ផ្សេងទៀត បាន​ចេញ​ដង្ហែ​បិទ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​ផងដែរ​។ នេះ​បើ​តាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

បើ​យោង​របាយការណ៍​គ​. ជ .​ប បានឲ្យដឹងថា គណបក្ស​នយោបាយ​ទាំង​៥​នោះ​រួមមាន​៖ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​, គណបក្ស​​សញ្ជាតិ​កម្ពុជា​, គណបក្ស​ខ្មែរ​ក្រោក​, គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ បើ​តាម​របាយការណ៍​ដ​ដែល​នេះ បានឲ្យដឹងថា ការ​ដង្ហែ​ក្បួន​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅក្នុង​រាជធានី​ភ្នំពេញ មាន​អ្នកចូលរួម​សរុប​ទាំងអស់​ជាង ៣២​ម៉ឺន​នាក់ និង​មាន​រថយន្ត​ចំនួន ៣៦៧០​គ្រឿង ម៉ូតូ​កង់​បី​ជិត ១​ពាន់​គ្រឿង និង​ម៉ូតូ​ជាង ៨​ពាន់​គ្រឿង​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

     

spot_img
×