Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប​៖ ព្រឹទ្ធសភា​អាមេរិក និង​អឺរ៉ុប និង​ជប៉ុន ចូលរួម​សង្កេតការណ៍​បោះឆ្នោត នៅ​កម្ពុជា​

spot_img

​​ភ្នំពេញ ​៖ មាន​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក សមាជិក​ព្រឹទ្ធសភា​អឺរ៉ុប និង​ស្ថាប័ន​អន្តរជាតិ​នៅ​អឺរ៉ុប​ចំនួន​៤៨​រូប បាន​ចុះឈ្មោះ​ចូលរួម​សង្កេតការណ៍ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នៅក្នុង​ប្រទេស​កម្ពុជា​។ ចំណែកឯ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បានដាក់​មន្ត្រី​របស់​ខ្លួន ឱ្យ​ចូលរួម​ជា​ភ្ញៀវ​ពិសេស ដើម្បី​ចូលរួម​សង្កេតការណ៍​បោះឆ្នោត នៅ​កម្ពុជា​។​

​នៅក្នុង​សន្និសីទ​កាសែត ស្តីពី​ការ​បូកសរុប​លទ្ធផល​នៃ​ការឃោសនា​បោះឆ្នោត នៅ​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់ គ​.​ជ​.​ប បានប្រកាសថា ក្នុងចំណោម​អ្នកសង្កេតការណ៍​អន្តរជាតិ មក​ពី​អឺរ៉ុប និង​អាមេរិក​ទាំងនោះ រួមមាន​៖ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ចំនួន​៤​រូប សមាជិក​ព្រឹទ្ធសភា​របស់​សហគមន៍​អឺរ៉ុប​ចំនួន​៣០​រូប ក្រុមប្រឹក្សា​អឺរ៉ុប សម្រាប់​ការ​ការងារ​ទំនាក់ទំនង​អន្តរជាតិ​ចំនួន​៥​រូប និង​ក្រុមប្រឹក្សា​អឺរ៉ុប ដើម្បី​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ចំនួន​៩​រូប​។​

​អ្នកនាំពាក្យ គ​.​ជ​.​ប បានបញ្ជាក់​ថា អ្នកសង្កេតការណ៍​អន្តរជាតិ ដែល​ចូលរួម​សង្កេតការណ៍​បោះឆ្នោត នៅ​អាណត្តិ​ទី​៦ គឺ​អាច​មាន​រហូត​ដល់​ជាង​៥០០​នាក់​ឯណោះ មកពី​៤២​ប្រទេស ខណៈ​ពេល​នេះ​គ​.​ជ​.​ប បាន​ទទួលស្គាល់​ជា​ផ្លូវការ​ចំនួន​៣២២​នាក់ និង​កំពុង​ពិនិត្យមើល​សំណើ​ចំនួន​២១៦​នាក់​។ ខណៈ​ដែល​ឆ្នាំ​២០១៣ ក្នុង​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង តំណាងរាស្ត្រ អាណត្តិ​ទី​៥ អ្នកសង្កេតការណ៍​អន្តរជាតិ​ដែល​ចូលរួម សង្កេតការណ៍​បោះឆ្នោត​នោះ មាន​ចំនួន​ត្រឹមតែ​២៤៣​នាក់​ប៉ុណ្ណោះ​។​

​ដោយឡែក​សម្រាប់​អ្នកសង្កេតការណ៍​ជាតិ​វិញ គ​.​ជ​.​ប ក៏​បាន​អះអាង​ដែរ​ថា មាន​ការកើនឡើង​ច្រើន​ជាង​អាណត្តិ​មុន ដោយមាន​អ្នកសង្កេតការណ៍​ជាតិ ក្នុង​ការបោះឆ្នោត​លើក​នេះ ដែល​គ​.​ជ​.​ប បាន​ទទួលស្គាល់​ហើយ មក​ពី​ស្ថាប័ន​ចំនួន​១១២ មាន​ចំនួន​៩៩៦១២​នាក់​។ ចំណែក​តួលេខ​អ្នកសង្កេតការណ៍​ជាតិ សម្រាប់​ការបោះឆ្នោត​អាណត្តិ​ទី​០៥ មាន​ចំនួន ៤០១៤២​នាក់ អញ្ចឹង​យើង​ឃើញថា មាន​ការកើនឡើង​ជិត​ទ្វេដង​។​

​ក្រៅ​ពី​ការ​អ្នកសង្កេតការណ៍​អន្តរជាតិ​នៅ​អឺរ៉ុប និង​អាមេរិក​នេះ​។ សម្រាប់​ជប៉ុន​វិញ ទោះបី​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ថា ខ្លួន​មិន​បញ្ជូន​អ្នកសង្កេតការណ៍​មក​កម្ពុជា​ក៏​ដោយ ប៉ុន្តែ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បានដាក់​មន្ត្រី​របស់​ខ្លួន ជា​ភ្ញៀវ​បរទេស​ពិសេស​របស់​គ​.​ជ​.​ប ចំនួន​៩​រូប ឱ្យ​ចូលរួម​ជួយ និង​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា​ផង​ដែរ​។​

​ភ្ញៀវ​ពិសេស ដែល​ត្រូវបាន​អនុញ្ញាត​ដោយ​គ​.​ជ​.​ប ហាក់ដូចជា​ទទួលបាន​សិទ្ធិ​ពិសេស​ពី​គ​.​ជ​.​ប ជាង​អ្នក​សង្កេតការណ៍​ទៅទៀត ដែល​អាច​ចូល​ពិនិត្យ​ការបោះឆ្នោត ហើយ​នៅពេល​ពិនិត្យ​មើល​ការបោះឆ្នោត​នៅតាម​ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត​នោះ ភ្ញៀវ​ពិសេស​មិន​តម្រូវ​ឲ្យ​ចុះ​វត្តមាន ដូច​អ្នក​សង្កេតការណ៍​នោះទេ​។​

​គ​.​ជ​.​ប ក៏​បាន​ប្រកាស​ឱ្យ ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត ដែល​បំពេញ​ភារកិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​នៅ​ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត និង​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​គ្រប់​លំដាប់ថ្នាក់ ត្រូវ​សហការ​សម្របសម្រួល​ដល់​ភ្ញៀវ​ពិសេស ដែល​ចូល​ទៅ​ពិនិត្យមើល​ការបោះឆ្នោត​ឲ្យបាន​ល្អ​ប្រសើរ​ផង​ដែរ​។​

​ភ្នាក់ងារ​អន្តរជាតិ​ជា​ភ្ញៀវ​ពិសេស មាន​សរុប​ទាំងអស់​១២​រូប គឺមាន​២​នាក់​មក​ពី​ក្រុមហ៊ុន Musaji Co., Ltd នៃ​ប្រទេស ដើម្បី​ពិនិត្យ​ហិប​ឆ្នោត និង​មួយ​រូប​មកពី​ក្រុមហ៊ុន​ផលិត​ទឹកខ្មៅ​ឥណ្ឌា ព្រមទាំង​៩​នាក់​មក​ពី​ស្ថានទូត​ជប៉ុន​៕ ​ដោយ​៖​កូឡាប​

spot_img
×