Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹក​ថ្នាំ​ជ្រលក់​ម្រាមដៃ ៖ ក្រៅ​ពី​កម្ពុជា ក៏​ប្រើ​នៅ​ម៉ាឡេស៊ី និង​ប្រទេស​ជាច្រើន​ទៀត លើ​ពិភពលោក ដែល​អាច​ជាប់​រហូតដល់​ទៅ​៣០​ថ្ងៃ​

spot_img

​ភ្នំពេញ ​៖ ជាពិសេស​ទឹក​ថ្នាំ​ជ្រលក់​ដៃ​សម្រាប់​ការបោះឆ្នោត មិនមែន​ប្រើតែ​នៅ​ប្រទេស​កម្ពុជា​នោះទេ វា​បាន​ប្រើ​សម្រាប់​ការបោះឆ្នោត នៅ​ប្រទេស​ឥណ្ឌា ម៉ាឡេស៊ី និង​ប្រទេស​ជាច្រើន​ទៀត នៅលើ​ពិភពលោក ហើយ​ទឹក​ថ្នាំ​នេះ មាន​គុណភាព​រហូតដល់​ទៅ​១២០​ម៉ោង បន្ទាប់​ពី​ជ្រលក់​រួច ហើយ​វា​អាច​ជាប់​នៅ​លើ​ក្រចក​ដៃ រហូតដល់​ទៅ​៣០​ថ្ងៃ​។ តំណាង​ក្រុមហ៊ុន​ផលិត​ទឹក​ថ្នាំ​ខ្មៅ ដែល​បម្រើ​សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា បាន​ចេញ​មក​អះអាង ពី​គុណភាព​ទឹក​ថ្នាំ​របស់ខ្លួន ដោយ​មិន​ប៉ះពាល់​សុខភាព និង​លុបលាង​មិន​ជ្រះ​។​

​ក្នុង​សន្និសីទ​ព័ត៌មាន​បញ្ជាក់​ពី​គុណភាព​ថ្នាំ​រៀបចំឡើង ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នា​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក DODDAMANI CHANDRASHEKHAR អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន MYSORE PAINTS & VARNISH LIMITED ដែលជា​ក្រុមហ៊ុន​ចែកចាយ​ទឹក​ថ្នាំ​ខ្មៅ​នេះ បាន​រៀបរាប់​ថា ក្រុមហ៊ុន​ផលិត​ទឹក​ថ្នាំ​ខ្មៅ​នេះ ត្រូវបាន​បង្កើតឡើង​នៅ​១៩៣៧ ដោយ​ព្រះមហាក្សត្រ​ឥណ្ឌា ហើយ​នៅ​ឆ្នាំ​១៩៦២ ក្រុមហ៊ុន​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី សម្រាប់​ផលិត​ទឹក​ថ្នាំ​បម្រើ​ការបោះឆ្នោត ដោយ​ឆ្លងកាត់​មជ្ឈមណ្ឌល​ស្រាវជ្រាវ អភិវឌ្ឍន៍​ជាតិ​របស់​ឥណ្ឌា ដែល​ជា​មន្ទីរពិសោធន៍ ទទួលស្គាល់​គុណភាព​យ៉ាង​ត្រឹមត្រូវ​។​

​លោក DODDAMANI CHANDRASHEKHAR បានឲ្យដឹង​ទៀតថា ចាប់តាំងពី​ឆ្នាំ​១៩៦២​មក ក្រុមហ៊ុន​បាន​ផលិត​ទឹក​ថ្នាំ​ប្រើប្រាស់ សម្រាប់​ការបោះឆ្នោត​នៅក្នុង​ប្រទេស​ឥណ្ឌា និង​បាន​នាំចេញ​ទៅ ប្រទេស​ជាង​៣០​ទៀត មានដូចជា​៖ ម៉ាឡេស៊ី អាហ្វ្រិក​ខាងត្បូង ម៉ា​ឌី​វ ម៉ា​ដា​ហ្គា​ស្កា នេ​ប៉ាល់ និង​ម៉ូ​តាន​ជាដើម​។​

​លោក DODDAMANI CHANDRASHEKHAR បញ្ជាក់បន្ថែម​ថា ទឹក​ថ្នាំ​នេះ​មិន​អាច​លុប​ជ្រះ​ទេ គឺ​វា​នៅជាប់​នឹង​ម្រាមដៃ​។ ទឹក​ថ្នាំ​នេះ​អាច​ជាប់​នៅ​នឹង​ម្រាបដៃ រហូតដល់​ទៅ​១២០​ម៉ោង បន្ទាប់​ពី​ជ្រលក់​រួច ហើយ​វា​អាច​ជាប់​នៅ​លើ​ក្រចក​ដៃ រហូតដល់​ទៅ​៣០​ថ្ងៃ​។​

​សូមបញ្ជាក់​ថា កម្ពុជា​បាន​បញ្ជា​ទិញ​ទឹក​ថ្នាំ​ពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៥១០០០​ដប សម្រាប់​បម្រើ​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ ដោយ​ក្នុង​មួយ​ការិយាល័យ​ត្រូវដាក់​ប្រមាណ ២​ដប​។ ទឹក​ថ្នាំ​នេះ​ក្នុង​១​ដប​មាន​ចំណុះ ៧០​មិ​ល្លី​លីត្រ ហើយ​ដប​នី​មួយៗ​មាន​សារធាតុ​ប្រាក់​នីត្រាត ២៥%​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ចំណាយ​ប្រមាណ ៨០​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​ទឹក​ថ្នាំ​ជ្រលក់​ដៃ​ទាំង​នេះ​។ កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏​បាន​រៀបចំ​ពិសោធន៍​គុណភាព​ទឹក​ថ្នាំ​នេះ ដោយ​មាន​ការចូលរួម​សាកល្បង ពី​តំណាង​គណបក្ស​នយោបាយ​នានា​ផង​ដែរ​។ ក្រោយ​ការសាកល្បង​ទាំង​តំណាង​គណបក្ស​នយោបាយ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ផង​សុទ្ធតែ​បានបង្ហាញ​ការជឿទុកចិត្ត​ទៅលើ​គុណភាព​ទឹក​ថ្នាំ​នេះ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×