Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើមកំណើត​និង​ការវិវឌ្ឍ​នៃ​អត្តសញ្ញាណ​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា​តាំងពី​សម័យ​ដើម​នៃ​ប្រវត្តិសាស្ដ្រ​រហូតដល់​ឆ្នាំ​១៩៧០

spot_img

អរិយធម៌​ខ្មែរ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អរិយធម៌​និទាន​តៗ​គ្នា ដែលជា​អំណោយទាន​ខាង​ការនិយាយ​ច្រើនជាង​ការសរសេរ (Ponchaud ១៩៨៩ ទំ​.១៥៨)​។ ដោយសារតែ​ឯកសារ​កត់ត្រា​អំពី​ការកើនឡើង​នៃ​សហគមន៍​ចិន​នៅ​កម្ពុជា​មិនសូវមាន​នោះ រឿងនិទាន​ទាំងឡាយ​ស្ដីអំពី​ជីវិត​នៃ​ការធ្វើដំណើរ​ដំបូង​របស់​ជនជាតិ​ចិន​បាន​នៅ​សេសសល់​(​ឬ​រស់រានមានជីវិត​)​នៅក្នុង​វប្បធម៌ ប្រពៃណី​និទាន​ផ្ទាល់មាត់​តៗ​គ្នា​ដ៏​សម្បូរបែប​នៅក្នុង​ប្រ​ទស​កម្ពុជា ដូចជា​ឈ្មោះ​ប្រវត្តិ ឬ​ឈ្មោះ​ទីកន្លែង​នានា និង​នៅក្នុង​រឿងព្រេង​របស់​ខ្មែរ​។ ទេវ​កថា​មួយ​របស់​ខ្មែរ​បាន​ពិពណ៌នា​អំពី​ថា​តើ​«​ព្រះថោង​នាងនាគ​» ធ្វើ​យ៉ាងដូចម្ដេច​ដើម្បី​ទាក់ទាញ​ជនជាតិ​ឥណ្ឌា ជនជាតិ​ចិន និង​ជនបរទេស​ជាច្រើន​ទៀត​ឱ្យមក​រកស៊ី​ជាមួយ​ប្រទេស​កម្ពុជា តាមរយៈ​ប្រាជ្ញា​ដ៏​ឈ្លាសវៃ​ក្នុងការ​គ្រប់គ្រង​ដែនដី និង​ដែនទឹក​ក្នុង​សតវត្ស​ទី​១ នៃ​គ្រិស្ដសករាជ (Pun ឆ្នាំ​១៩៩៤ ទំ​.​ទី​២២) ។ នៅពេលដែល​ប្រទេស​កម្ពុជា​បាន​ផ្ដល់នូវ​ការចាប់ផ្ដើម​ជាថ្មី​មួយ​ដល់​ជនជាតិ​ចិន​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ហើយ​នោះ​ការ​ឈ្វេងយល់​អំពី​ឫសគល់​(​ឬ​ដើមកំណើត​)​នៃ​ជនជាតិ​នេះ​មិនមែនជា​ការងាយស្រួល​ឡើយ​។ នៅពេល​មួយ​នោះ មានការ​រុះរើ​លំនៅ​របស់​ជនជាតិ​ចិន​ដែល​ទើបតែ​មកដល់ ហើយក៏​មាន​កើត​នូវ​ឈ្មោះ​ភូមិ​មួយ​ថា «​ភូមិ​ចិន​យំ​» ក្នុង​ឃុំ​ក្រាំងចេក ខេត្តកំពង់ស្ពឺ នោះ​គឺជា​ឈ្មោះ​ដែល​គេ​ដាក់ឱ្យ​បន្ទាប់ពី​ជនជាតិ​ចិន​មកដល់​ប្រទេស​កម្ពុជា ហើយ​បាន​យំសោក​នៅពេលដែល ពួកគេ​ស្វែងរក​ទីកន្លែង​ស្នាក់នៅ​ទាំង​ស្រពេចស្រពិល​។ រឿងព្រេង​និទាន​នេះ​បាន​ប្រាប់ថា ភូមិ​នោះ​គឺជា​ទីកន្លែង​ដំបូង​នៃ​ការ មកដល់​របស់​ជនជាតិ​ចិន​ហុកកៀន ជាច្រើន​សតវត្ស​កន្លងមកហើយ​។ ភូមិ​សំពៅ​ពួ ន​ស្ថិតនៅក្នុង​ឃុំ​កោះទាវ ក្នុងស្រុក​កោះធំ ខេត្ដ​កណ្ដាល ត្រូវបាន​គេ​ស្គាល់​នៅក្នុង​រឿងនិទាន​របស់​ភូមិ​នោះ​ថា (​កាលពី​អតីត​) ជា​កំពង់ផែ​ដែល​ជនជាតិ​ចិន​ធ្វើ​ជំនួញ​ជាមួយនឹង​នគរ​ហ្វូណន របស់​អាណាចក្រ​ខ្មែរ​។ ប្រវត្តិសាស្ដ្រ​និយាយ​តៗ​គ្នា​នោះបាន ប្រាប់ឱ្យដឹង​អំពី​ថា តើ​ការធ្វើដំណើរ​ជាច្រើន​របស់​ជនជាតិ​ចិន​មក​ភូមិ​សំពៅ​ពួន នា​សតវត្ស​ទី​១ សតវត្ស​ទី​៦ សតវត្ស​ទី​១៣ សតវត្ស​ទី​១៨ និង​សតវត្ស​ទី​២០ បាន​យ៉ាងដូចម្ដេច​។ រឿងព្រេង​និទាន​ដូចគ្នានេះដែរ ត្រូវបាន​គេ​ចេះ​ចាំ​ដោយ​ជនជាតិ​ចិន​កាត់​ខ្មែរ​នៅក្នុង​ខេត្ដ​កំពត ដែល​អះអាងថា ឃុំ​ទូក​មាស មានឈ្មោះ​នេះ​ពី​ជន​ជាតិចិន ដែល​បានធ្វើ​ដំណើរ​តាម​សំពៅ​មក​ស្រុក​នេះ​ជាច្រើន​សតវត្ស​មកហើយ បន្ទាប់ពី​បាន​រើ​ទំនិញ​ចេញពី​ទូក​អស់ ទូក​នោះ​ក៏បាន​នាំ យក​មាស​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​(៣)​។ រឿង​ទាំងនេះ​បានបង្ហាញ​ឱ្យឃើញ​អំពី​ការទទួលស្គាល់​ជនជាតិ​ចិន​ជាទូទៅ​ថា ពួកគេ​មាន​លក្ខណៈពិសេស​នៅក្នុង​ជីវិត​នៃ​វប្បធម៌ សេដ្ឋកិច្ច​និង​ប្រ​វ​តិ្ដ​សាស្ដ្រ​កម្ពុជា​។​

ការធ្វើដំណើរ​៖ ចិន​យំ​និង​ទូក​មាស​

​មាន​ឯកសារ​កត់ត្រា​ខ្លះៗ​ប៉ុណ្ណោះ​ដែល​នៅ​សេសសល់​ទាក់ទង​ទៅនឹង​រឿងព្រេង​និទាន ស្ដីអំពី​ការធ្វើដំណើរ​តាម​ទូក​ទាំងឡាយ នោះ​។ នៅក្នុង​ចំណោម​ឯកសារ​ដំបូងៗ​ស្ដីអំពី​ជន​អន្ដោ​ប្រវេ​ស​ទាំងឡាយ គឺជា​ឯកសារ​ដែល​និយាយ​អំពី​អ្នកធ្វើដំណើរ​តាម សំពៅ​របស់​ជនជាតិ​ចិន ដែល​គេច​ចេញពី​ភាពក្រីក្រ​ក្នុង​ជីវិត​នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ចិន ដើម្បី​ស្វែងរក​នូវ​ការរស់នៅ សុខ​ស្រួល​នៅ​កម្ពុជា​។ នៅ​ឆ្នាំ​១២៩៦-១២៩៧ លោក ជីវ តាក្វាន់ បានសរសេរថា ៖«​អ្នកធ្វើដំណើរ​តាម​សំពៅ​ជនជាតិ​ចិន តែងតែ​ភៀសខ្លួន​មក​តំបន់​ទាំងនេះ​។ អ្នក​ទាំងនោះ​មិនបាន​បង្កើត​សហគមន៍​សម្រាប់​រស់នៅ​ឱ្យបាន​ត្រឹមត្រូវ​ដោយ​ខ្លួន​ឡើយ ប៉ុន្ដែ​ផ្ទុយទៅវិញ ពួកគេ​បាន​ចូលទៅ​រស់នៅ​ក្នុងសង្គម​កម្ពុជា ជាពិសេស​កន្លែង​ណា​ដែល​ងាយស្រួល​ក្នុង​ការរក​ផលប្រយោជន៍ ដូចជា​ចំណីអាហារ ស្ដ្រី ទីស្នាក់អាស្រ័យ គ្រឿងសង្ហារិម និង​ជំនួញ​» (Xia Ding ឆ្នាំ​១៩៨១ ទំ​.១៨១ វៀល​មត់​ត៌​១៩៦៦) ។ ប៉ុន្ដែ​ការធ្វើដំណើរ​ផ្សងព្រេង​មករក​ផលប្រយោជន៍​ទាំងនេះ ជន​អន្ដោ​ប្រវេ​ស​លើកដំបូង​គ្រោះថ្នាក់ រហូតដល់​បាត់បង់​អាយុជីវិត​ផង​ក៏មាន​។ ក្នុងការ​ជ្រើសរើស​មក​រស់នៅក្នុង​ប្រទេស​កម្ពុ​ជា ជន​អន្ដោ​ប្រវេ​ស​លើកដំបូង​ទាំងនេះ​បា​នស​ម្រ​ច​ចិ​ត្ដ បោះបង់ចោល​ប្រទេស​ចិន ពីព្រោះ​តាម​ជំនឿ​នៃ​ទំនៀមទម្លាប់​និង​ច្បាប់​របស់​ប្រទេស​ចិន​នៅ​សម័យបុរាណ សកម្មភាព​នៃ​ការ បោះបង់ចោល​ទឹកដី​ដូនតា​បែបនេះ គឺជា​សកម្មភាព​ដែល​មានទោស​តិចតួច​បំផុត ប៉ុន្ដែ​អាចដាក់​ទណ្ឌកម្ម​ដល់​អាយុជីវិត គំនិត​បែបនេះ​មិន​ត្រូវបាន​កែលម្អ​ដោយ​វប្បធម៌​តែមួយ​មុខ​នោះឡើយ​។ នៅក្នុង​សម័យកាល​នៃ​ការដួលរលំ​រាជវង្ស សុង ក្នុង​ឆ្នាំ​១២៧៦ គេ​ឃើញ​មានដំណើរ​នៃ​ជនភៀសខ្លួន​ខាង​ផ្នែក​នយោបាយ​របស់​ជនជាតិ​ចិន​ជា​លើកដំបូង​។ ដោយសារ​មិន​ព្រម ចំណុះ​នឹង​អ្នកដឹកនាំ​ថ្មី​ទាំងឡាយ​នៃ​ជនជាតិ​ម៉ុង​ហ្គោល អ្នក​ស្មោះស្ម័គ្រ​ជាមួយនឹង​រាជវង្ស​សុង ជាច្រើន​បាន​ភៀសខ្លួន​មកកាន់ តំបន់​ឥណ្ឌូចិន ហើយ​នៅទីនេះ​ពួកគេ​បាន​ព្យាយាម​បង្កើត​កងកម្លាំង​ទ័ព​ដើម្បី​វាយ​ដណ្ដើមយក​ទឹកដី​របស់​ចិន​មកវិញ (Yen Ching-hwang ១៩៨៥ ទំ​.​ទី​៦) ។​ការតស៊ូ​របស់​ពួកគេ​បាន​ងើប​ឡើងជា​រូបរាង​នៅក្នុង​អំឡុង​៣០០​ឆ្នាំ​ក្រោយមក គឺ​នៅពេលដែល​ពួក ម៉ាន់​ជូ បាន​ចូល​ឈ្លានពាន និង​ផ្ដួលរំលំ​រាជវង្ស មីង (​ខ្មែរ​និយម​ហៅ​រាជវង្ស ម៉េង សោយរាជ​នៅ​រវាង​ឆ្នាំ ១៣៦៨ និង​ឆ្នាំ​១៦៤៤) ហើយ​ពួក​ស្មោះស្ម័គ្រ​ជាមួយនឹង​រាជវង្ស​មីង ជាច្រើន​បាន​ភៀសខ្លួន​ទៅ​តំបន់​ភាគខាងត្បូង​។ ឯកសារ​ដែល​បាន​កត់ត្រា​នៅក្នុង​រាជវង្ស​មីង បាន​បញ្ជាក់ថា នៅពេលនោះ​មាន​ជនជាតិ​ចិន​បានមក​តាំង​លំនៅ​នៅ​ប្រទេស​កម្ពុជា​រួចជាស្រេច ហើយ​ក្នុង​ទ្រង់ទ្រាយ​ជាទី​ក្រុង​ធ្វើ​អំពី​ឈើ នៅ​តំបន់​លង្វែក (Xia Ding, ទំ​.​ទី​១៨១)​។​អ្នកដឹកនាំ​ចលនា​តស៊ូ​របស់​រាជវង្ស​មីង ឈ្មោះ ហ្ស៊ី​ង ឆេង​គុង (Zheng Cheng-kung) (​ដែល​នៅ​ភូមិភាគ​ខាងលិច​គេ​ស្គាល់​ឈ្មោះថា កូ ហ្ស៊ី​ង​ហ្គា​-koxinga) ត្រូវបាន​គេ​ដឹងថា បានទទួល​ការឧបត្ថម្ភ​ពី​ជន​ជាតិចិន នៅ​បរទេស ដូចជា​នៅ​ប្រទេស​វៀតណាម កម្ពុជា និង​ប្រ​ទស​សៀម ក្នុងការ​ប្រឆាំង​តប​ទល់​ជាមួយនឹង​ការគ្រប់គ្រង​របស់​ពួក ម៉ាន់​ជូ (Yen Ching-hwang, ឆ្នាំ​១៩៨៥ ទំ​.១៩ Crozier, ឆ្នាំ​១៩៧៧ ទំ​. ទី​១១-១៧)​។ នៅក្នុង​ឆ្នាំ​១៦៧៩ មេទ័ព​របស់​ចិន​កន្ដាំង​ម្នាក់​បាន​បោះបង់​នូវ​ការតស៊ូ​ប្រឆាំង​ជាមួយនឹង​ពួក​ម៉ាន់​ជូ ហើយក៏​បាន​បោះជំរំ​កងទ័ព​របស់ខ្លួន​នៅ​តំបន់ មួយ​មាន​ឈ្មោះថា មី​ថូ (Mytho) ដែល​នៅពេលនោះ​វា​ជា​តំបន់​មួយ​ស្ថិតនៅ​ភាគខាងត្បូង​ឆៀង​ខាងកើត​ប្រទេស​កម្ពុជា (​វៀល​មត់​ត៌ ឆ្នាំ​១៩៦៧ ទំ​. ទី​៦)​។ ៤​ឆ្នាំ​ក្រោយមក លោក កូ ហ្ស៊ី​ង​ហ្គា បានធ្វើ​ដំណើរ​មកកាន់​តំបន់ ហ្វូ​ម៉ូ​សា (Formosa) ហើយ​ទាហាន​ដែល​ដើរ​តាម​គាត់​មួយចំនួនធំ​ក៏បាន​រស់នៅ​ជា​ជនភៀសខ្លួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ នៅក្នុង​ចំណោម​អ្នក ស្មោះស្ម័គ្រ​ជាមួយនឹង​រាជវង្ស មីង មួយចំនួនធំ​សុទ្ធតែជា​មន្ដ្រី​ដែលមាន​ចំណេះដឹង​ខ្ពង់ខ្ពស់​។ ដោយសារតែ​ពួកគេ​បានទទួល ការអប់រំ​តាម​លទ្ធិ ខុង ជឺ​និយម ពួកគេ​មាន​ទំនោរ​ទៅរក​ការថែរក្សា​ប្រពៃណី​ចិន​ជាង​ពួក​ធ្វើដំណើរ​តាម​សំពៅ និង​អ្នកជំនួញ​ទាំងឡាយ ជាពិសេស​នៅក្នុង​ពេលដែល​ប្រទេស​ចិន​បាន​ធ្លាក់ចូល​ទៅក្នុង​កណ្ដាប់ដៃ​របស់​ពួក​ឈ្លានពាន «​ដែលមាន​ចិ​ត្ដ​ឃោរឃៅ​» (Yen Ching-hwang, ឆ្នាំ​១៩៧៦ ទំ​. ទី​២-៣) ។​ការធ្វើដំណើរ​អន្ដោប្រវេសន៍​ជាច្រើន​នៅ​គ្រា​ដំបូង​ទាំងនេះ បានធ្វើ​ឱ្យមាន​ការកកើត​សហគមន៍​ចិន​នៅ​កម្ពុជា (​វៀល មត់​ត៌ ឆ្នាំ​១៩៦៦)​។ ប៉ុន្មាន​ទសវត្សរ៍​ក្រោយមក​សហគមន៍​នេះ​បាន​រីក​កាន់តែ​ធំ​ឡើងៗ ដោយ​រួមបញ្ចូល​ទាំង​ពួក​ភៀសខ្លួន​ពី​សង្គ្រាម គ្រោះ​ទុរ្ភិក្ស​និង​គ្រោះរាំងស្ងួត​ដែល​បាន​រាតត្បាត​ប្រទេស​ចិន ជាពិសេស​ខេត្ត​មួយចំនួនធំ​នៅតាម​ឆ្នេរសមុទ្រ​ចិន និង​ជនជាតិ​ចិន​ដែល​គេច​ពី​ទណ្ឌកម្ម​នៃ​ការយក​ពន្ធអាករ​ដ៏​ធ្ងន់ធ្ងរ និង​ការប្រកាន់​ជាតិ​សាសន៍​នៅក្នុង​ប្រទេស​វៀតណាម នា​សតវត្ស​ទី​១៩​។​

​ទន្ទឹមនឹង​ការទទួលស្គាល់​តម្លៃ​វប្បធម៌ និង​សេដ្ឋកិច្ច​របស់​ក្រុម​ជនជាតិភាគតិច​ផ្សេងៗ​គ្នា ព្រះមហាក្សត្រ​ដែល​សោយរាជ ជា​បន្ដបន្ទាប់​នៅ​កម្ពុជា​បាន​រក្សា​នូវ​គោលនយោបាយ​«​បើកចំហ​» ដែល​បានផ្ដល់​សិទ្ធិ​ជ្រកកោន​ដល់​ជនភៀសខ្លួន​ចិន តាំងពី​សតវត្ស​ទី​១៣ រហូតដល់​សតវត្ស​ទី​១៩ ។​ដោយហេតុថា មិនបាន​ឈ្វេងយល់​ពី​គំនិត​ជាតិនិយម​ដ៏​មាន​ពិសពុល​របស់ ជនជាតិភាគតិច​ដែល​បាន​លេចឡើង​យ៉ាងច្បាស់​ក្នុង​របប​ដឹកនាំ​ជាច្រើន​នា​សតវត្ស​ទី​២០ ព្រះមហាក្សត្រ​កម្ពុជា ដូចជា​ព្រះបាទ​អង្គឌួង បានតែងតាំង​ជនជាតិ​ចិន ជនជាតិ​ចិន​កាត់​ខ្មែរ ជនជាតិ​វៀតណាម និង​ជនជាតិ​ចាម ឱ្យធ្វើជា​ចៅហ្វាយ​ខេត្ដ (​ឬ​ឧកញ៉ា​) ជា​រង្វាន់​ចំពោះ​ភាព​ស្មោះស្ម័គ្រ​ក្នុងការ​គាំទ្រ​ការឡើង​សោយរាជ្យ​បល្ល័ង្ក​របស់ខ្លួន (Le Clere ឆ្នាំ​១៩០៧ ទំ​. ទី​៨៣៧) ។ នៅពេល​ដែលមាន​ការទទួល​ស្គាល់​ជា​សហគមន៍​សេដ្ឋកិច្ច​ដោយឡែក​មួយ​ស្ថិតនៅក្រោម​ការបង់ពន្ធ​អាករ​ពិសេស និង​ទទួលបាន​នូវ​អភ័យឯកសិទ្ធិ​ពី​ការជួល​របស់​ព្រះមហាក្សត្រ ឱ្យមាន​ការជួញដូរ​អា​ភៀន និង​ការលេង​ល្បែង ជន​ជាតិចិន​ទាំងឡាយ​ត្រូវបាន​គេ​ចាត់ទុកថា ជា​ផ្នែក​រួមមួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ច្បាប់​កាន់កាប់​ដីធ្លី​ដែល​បានប្រកាស ឱ្យប្រើ​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៦៣ បាន​បង្កើតឱ្យមាន​ការ​គ្រប់គ្រង​របស់​ព្រះមហាក្សត្រ​ខ្មែរ​ទៅលើ​ជនជាតិ​ចិន ជនជាតិ​វៀតណាម ជនជាតិ​ជ្វា​-​ម៉ា​ឡេ និង​ជនជាតិ​ជប៉ុន តាមរយៈ​ការគ្រប់គ្រង​ម្នាក់​(​ចៅ​ទា​) ហើយ​អនុញ្ញាតឱ្យ​បរទេស​ធ្វើជា​ចៅហ្វាយ​ខេត្ដ ប្រសិនបើ​ពួកគេ​បានកើត​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ចេះ​និយាយ​ភាសា​ខ្មែរ​បានល្អ (​វៀល មត់​ត៌ ឆ្នាំ​១៩៦៧ ទំ​. ទី​៦៥)​។ នៅពេលដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​ជនជាតិ​បារាំង​ម្នាក់ ឈ្មោះ ប៊ួ លឺ​វូ (C. E. Boullevaux) បាន​សួរ​ទៅ​ចៅ​ទា (​មេ​គ្រប់គ្រង​)​ជនជាតិ​ចិន​ម្នា​ក់ថា តើ​គាត់​ជ្រើសរើស​ខាង​ណា ប្រសិនបើ​រូបគាត់​ត្រូវបាន​គេ​ឱ្យ​សម្រេច​ចិ​ត្ដ​ជ្រើសរើស​រវាង​មិ​ត្ដបា​រាំង​និង​ព្រះមហាក្សត្រ​ខ្មែរ ជនជាតិ​ចិន​នោះបាន​ឆ្លើយថា ខ្លួន​ជ្រើស​រើសយក​ព្រះមហាក្សត្រ​របស់ខ្លួន ហើយ​សុខចិត្ត​ពលី​ចំពោះ​ព្រះរាជា​ប្រសិនបើ​ចាំបាច់​។ ទោះបី​ជនជាតិ​ចិន​ដែល​បាន​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ជួនកាល​ត្រូវបាន​គេ​លើកទឹកចិត្ត​ឱ្យ​សមស្រប ទៅតាម​ជំនឿ​វប្បធម៌​ខ្មែរ ដូចជា​ម៉ូត​សក់​ក៏ដោយ (Le Clere ឆ្នាំ​១៩០៧ ទំ​. ទី​៨៣៨) ពួកគេ​មាន​សេរីភាព​ក្នុងការ​ស្លៀក​សម្លៀក បំពាក់​និង​គោរពបូជា​សាសនា (​ព្រះ​) តាមបែប​ចិន​បានដែរ ដែល​ទាំងនេះ​វា​បានបង្ហាញ​តាមរយៈ​ល្ខោន​ចិន (​ហ៊ី​) (Bouillevaux, ឆ្នាំ​១៨៧៤​។​

​លោក វៀល មត់​ត៌ បានចាត់ទុក​គោលនយោបាយ​នេះ​ថា ជា​របៀប​មួយ​នៃ​«​ការដាក់​ជាតិ​សាសន៍​ផ្សេងៗ​ឱ្យ​ចេះ​រស់នៅ​ជាមួយគ្នា​» (​វៀល មត់​ត៌ ឆ្នាំ​១៩៦៤ ទំ​. ទី​១០៩) ។​ទោះជា​យ៉ាងនេះ​ក៏ដោយ គោលនយោបាយ​នៃ​«​ការដាក់​ជាតិ​សាសន៍​ផ្សេងៗ​ឱ្យ​ចេះ​រស់នៅ​ជាមួយគ្នា​»​នេះ មិនបាន​បញ្ជាក់ ឱ្យឃើញ​ច្បាស់​ពី​ដំណើរ​ការដែល​ជនជាតិ​ចិន​បាន​ក្លាយទៅជា​ផ្នែក​មួយ​នៅក្នុង​ជីវិត​នៃ​វប្បធម៌​និង​នយោបាយ​របស់​ប្រទេស កម្ពុជា​ឡើយ​។ ផ្ទុយទៅវិញ ដំណើរ​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការអត់ឱន​ខាង​ជំនឿ​វប្បធម៌ និង​ការយោគយល់​គ្នា​ទៅវិញទៅមក​ប៉ុណ្ណោះ ដែល​នៅ​ចំណុច​នេះ​វា​ផ្ទុយទៅនឹង​ការអះអាង​របស់លោក​វៀ​ល មត់​ត៌ ដែលថា​ជនជាតិ​ចិន​ត្រូវតែ​ក្លាយខ្លួន​ទៅជា​ជនជាតិខ្មែរ​សិន មុនពេល​ពួកគេ​ទទួល​តំណែង​ការងារ​ដែល​បានតែងតាំង​ដោយ ព្រះមហាក្សត្រ ដូចជា​តំណែង​ជា​អ្នកប្រមូលពន្ធ​លើ​អ្នកស្រែ​ចម្ការ ឬ​ចៅហ្វាយ​ខេត្ដ​ជាដើម​។ តាមពិត ជនជាតិ​ចិន​អាច​រក្សាបាន នូវ​អត្តសញ្ញាណ​វប្បធម៌​របស់ខ្លួន​ដោយឡែក​មួយ ដោយ​មិនមាន​ការគំរាមកំហែង​អ្វី​ឡើយ សរុបសេចក្ដី​មក ភាព​ស្មោះស្ម័គ្រ​ខាង​ផ្នែក​នយោបាយ​និង​អត្ដ​សញ្ញាណ​វប្បធម៌​មិនអាច​ច្រឡំ​គ្នា​បានឡើយ នៅពេលដែល​កត្ដា​ទាំងពីរ​នេះ​បាន​លេចឡើង​យ៉ាងច្បាស់​នៅក្នុង​ស្មារតី​ជាតិនិយម​នា​សតវត្ស​ទី​២០៕

​អ្នកស្រី ផេ​ន្នី អេ​ដ្វឺ​ដ្ស​

spot_img
×