Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​សារព័ត៌មាន ជាង៤០នាក់ ស្នើដល់ព្រះរាជអាជ្ញា និង​ចៅក្រម ទម្លាក់ការចោទប្រកាន់ លើអតីត​អ្នកយក​ព័ត៌មាន​វិទ្យុអាស៊ីសេរីពីរនាក់

spot_img

ភ្នំពេញ៖ ករណីអតីត​អ្នកយក​ព័ត៌មាន​វិទ្យុអាស៊ីសេរី គឺលោក អ៊ួន ឈិន និង​លោក យាង សុជាមេត្តា ដែល​ត្រូវ​សមត្ថកិច្ចបាន​ឃាត់​​ខ្លួននិងតុលាការឃុំខ្លួននៅពន្ធនាគារព្រៃសនោះ ត្រូវបាន​​អ្នក​សារព័ត៌មាន ជាង៤០នាក់ ចេញលិខិតមួយច្បាប់ រួមជាមួយនឹងស្នាមមេដៃពណ៌ក្រហម បានស្នើយ៉ាងទទូចដល់ព្រះរាជអាជ្ញា និង​ចៅក្រមស៊ើប​សួរទម្លាក់​បទ​ចោទប្រកាន់​ហើយដោះលែងពួកគេទាំងពីរនាក់ ឲ្យមានសេរីភាពវិញ។​

លិខិត​ចំហ​ ស្នាមមេដៃ និង​ឈ្មោះ​អ្នក​សារព័ត៌មាន ជាង៤០នាក់ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា “យើង​ខ្ញុំ​ជាអ្នកសារព័ត៌មាន​​​កម្ពុជា​ សូម​ស្នើ​ព្រះរាជអាជ្ញា និង​ចៅក្រមស៊ើប​សួរ​នៃ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពិចារណាទម្លាក់​បទ​ចោទប្រកាន់​លើ​អតីត​អ្នកយក​ព័ត៌មាន​វិទ្យុអាស៊ីសេរី(RFA) លោក អ៊ួន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជាមេត្តា ដែល​ត្រូវ​បាន​ឃាត់​​ខ្លួន​កាល​ពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ នៅ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា​ ឆ្នាំ២០១៧ តំណាង​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ ​ពី​”បទ​ប្រគល់​ឲ្យ​រដ្ឋបរទេស ​នូវ​ព័ត៌មាន​ជាអាទិ៍​ ដែល​បង្ក​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ការការពារជាតិ តាមបញ្ញត្តិ មាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ”។

ក្នុងលិខិតដដែល បានបញ្ជាក់ស្នើសុំបន្ថែមថា “យើង​ខ្ញុំ​ដែល​បាន​ផ្តិតស្នាមមេដៃ ​នៅ​ក្នុងលិខិត​ចំហមួយ​នេះ​ មាន​ការ​ព្រួយ​បារម្ភយ៉ាង​ខ្លាំង​​ចំពោះ​ការ​​ចោទ​ប្រកាន់ ​​ដ៏ធ្ងន់ធ្ងរ ទៅ​លើ​អតីត​អ្នកយក​ព័ត៌មាន វិទ្យុ​អាស៊ីសេរី​ទាំងពីរ។​ នៅ​ក្នុង​សង្គមប្រជាធិបតេយ្យ សារព័ត៌មាន​បាន​ដើរ​តួនាទីយ៉ាង​សំខាន់ ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ ពិត​ប្រាកដ ​ជូន​ដល់​ប្រជាពលរដ្ឋ។ អ្នកសារព័ត៌មាន ​មាន​តួនាទី ​ក្នុង​ការ​រាយការណ៍​អ្វី​ដែល​ជាការពិត ​ជូន​ដល់​សាធារណជន។ យើង​ខ្ញុំ​យល់​ថា ការ​ចោទ​ប្រកាន់​​ទាក់ទង ​នឹង​ការ​ផ្តល់​ព័ត៌មាន ​ដែល​នាំ​​អន្តរាយ ​ដល់​ការការ​ពារជាតិ ជា​ការ​ចោទប្រកាន់​មួយ ​​ដ៏ធ្ងន់ធ្ងរ។ ការ​ចោទ​ប្រកាន់ លើអតីតអ្នកយកព័ត៌មាន ទាំងពីររូបនេះ កំពុងតែបង្កភាព ​ភាព​ភ័យខ្លាច​ ដល់អ្នកសារព័ត៌មាន ដែលកំពុងបំពេញវិជ្ជាជីវៈ និងធ្វើឲ្យ​សេរីភាព​សារព័ត៌មាន ​នៅ​កម្ពុជាធ្លាក់ចុះ”។

ក្រុមអ្នកសារព័ត៌មាន បានលើកឡើងថា សេរីភាព​សារព័ត៌មាន ​ត្រូវ​បាន​ធានា ដោយរដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​បាន​ចែង​ថា​ ប្រជាពលរដ្ឋ​ខ្មែរ មានសេរីភាព ខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ សេរីភាព​ នៃ​សារព័ត៌មាន ​ក៏​មាន​ចែង​ក្នុង​ច្បាប់ ​ស្តីពី ​របប​សារព័ត៌មានឆ្នាំ​១៩៩៥​ ផងដែរ។ ការ​ចុះ​ផ្សាយ​ នូវ​ការ​កែ​តម្រូវ ត្រូវ​បាន​ចែង ​ក្នុង​មាត្រា​១០ ​នៃ​ច្បាប់ ស្តី​អំពី​ របប​សារព័ត៌មាន ត្រង់​ចំណុច​ថា បើ​តុលាការ​រកឃើញ​ថា ការ​ផ្សាយ​ណា​ មាន​លក្ខណៈ​ខុស ​ពីការពិត ​តាមបណ្តឹង​ របស់​ដើម​​បណ្តឹង​រដ្ឋប្បវេណី តុលាការ ​អាច​បង្គាប់​ឲ្យ​សារព័ត៌មាន​នោះ ​ចុះផ្សាយ​នូវ​ការកែ​តម្រូវ​ ឬ​និង​ការ​សង​ជំងឺចិត្ត។​ យើង​ខ្ញុំក៏​​យល់ឃើញ​ថា អ្នកសារព័ត៌មាន​កម្ពុជា ​បាន​អនុវត្ត​តាម​​មាត្រា​៥​ នៃ​ច្បាប់​សារព័ត៌មាន ​ដែល​​ចែង​ថា សារព័ត៌មាន​ មានសិទ្ធិ​ទទួល​ព័ត៌មាន​ ដែលស្ថិត​ក្នុង​ការគ្រប់គ្រង ​របស់​រាជ​រដ្ឋាភិបាល លើកលែង​តែព័ត៌មាន​ណា ​ដែល​បណ្តាល​ឲ្យ​មាន​អន្តរាយ ​ដល់​សន្តិសុខ​ជាតិ អន្តរាយ​​ដល់​ទំនាក់ទំនង ​ជាមួយ​ប្រទេសដទៃ។ អាស្រ័យហេតុនេះ សូមតុលាការ​ មេត្តា​ពិចារណា ទម្លាក់​បទ​​ចោទប្រកាន់​នេះ ដោយក្តីអនុគ្រោះ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×