Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ុយអែត ៖ ចោរកម្ម​ដ៏​អស្ចារ្យ លួច​ម្កុដ​ស្តេច ទាំង​កណ្តាល​ថ្ងៃ​

spot_img

​ប៉ូលិស​ស៊ុយអែត បាន​កេណ្ឌ​ប្រមូល​កងកម្លាំង​ទាំងមូល ទាំង​លើគោក ទឹក និង​អាកាស ដើម្បី​រុករក​បុរស​២​នាក់ ថ្លើមធំ​ហ៊ាន​លួច​យក​ម្កុដ​ដ៏​មាន​តម្លៃ​របស់​មហាក្សត្រ​ពី​ព្រះវិហារ​មួយ ។​

​គ្រឿងអលង្ការ ដែល​ត្រូវ​លួច​ធ្លាប់​ដាក់តាំង​ក្នុង​ទូរ​កញ្ចក់ ។​

​តាម RT ករណី​លួច​ដ៏​កម្រ​នេះ កើតឡើង​នៅ​ថ្ងៃទី ៣១ ខែកក្កដា គ្រា​ដែល​ជន​ទុច្ចរិក ២​រូប​បាន​ឈ្លប​ចូល​ព្រះវិហារ​មួយ នៅ​ភាគខាងត្បូង​ស៊ុយអែត ហើយ​លួច​យក​គ្រឿងអលង្ការ​ដ៏​មាន​តម្លៃ​របស់​មហាក្សត្រ ។​

​តាម​ការ​ទម្លាយ​ចេញ​នោះ​របស់​មាន​តម្លៃ​ដែល​ត្រូវ​លួច​រួមមាន ៖ ម្កុដ​២​របស់​សមាជិក ២​អង្គ នៃ​គ្រួសារ​រាជវង្ស​ស៊ុយអែត សតវត្សរ៍​ទី ១៧ គឺ​ស្តេច Karl (charles) IX និង​រាជ​នី Kristina (Christina) រួម​ជាមួយ​ដុំ​ត្បូង​មូល ភ្ជាប់​ជាមួយ​ឈើ​ឆ្កាង -​និមិត្តរូប​នៃ​អំណាច​រាជានិយម ។ វត្ថុ​ទាំងនេះ ធ្លាប់​ត្រូវបាន​ទុក​ក្នុង​ទូរ​ដែក​កញ្ចក់​មួយ ចាក់សោរ​ជាប់ ។​

​ប៉ូលិស​ស៊ុយអែត សង្កត់ធ្ងន់​ថា គ្រឿងអលង្ការ​ត្រូវបាន​លួច​នេះ​ជា “​បុរាណវត្ថុ​ពុំ​អាច​កាត់ថ្លៃ​បាន​របស់​ជាតិ​” ហេតុ​នេះ​ពុំ​អាច​និយាយថា វា​មាន​តម្លៃ​ប៉ុណ្ណា​នោះទេ ។​

​ក្រោយ​ពេល​លួច​យក​បាន​ទាំង​កណ្តាល​ថ្ងៃ មាន​មនុស្ស​ច្រើន​កុះករ​ចោរ​ទាំង​២​រូបនេះ បាន​ឡើង​ជិះទូក​ម៉ាស៊ីន​តូច​មួយ ចាកចេញ​ទៅ ។​

​ជន​ទុច្ចរិ​កទាំង​២ កំពុង​គេចខ្លួន ខណៈ​ប៉ូលិស​កំពុង​ប្រមាញ់​យ៉ាង​ស្រួចស្រាវ ។​

​រាជ​នី Kristina សោយរាជ្យ​នៅ​ស៊ុយអែត ពី​ឆ្នាំ 1632-1654 ហើយ Karl IX សោយរាជ្យ​ពី​ឆ្នាំ ១៦០៤-១៦១១ ធ្លាប់​ត្រូវ​បាន​បញ្ចុះ​ព្រះ​សព​ជាមួយ​ម្កុដ​ខាងលើ ។​

​ប៉ុន្តែ​គ្រឿង​លំអរ​ទាំងនោះ ត្រូវបាន​នាំយក​មក​ដាក់​តាំង មិន​យូរ​ប៉ុន្មាន​ក្រោយមក​នៅ​ឯ​ព្រះវិហារ ។​

​អាជ្ញាធរ​គិតថា ជន​ទុច្ចរិ​កទាំង​២​រូបនេះ បាន​ចាកចោល​ទុក​យន្ត​ឡើង​ជិះ​រថយន្ត ធ្វើដំណើរ​ទៅ​ភាគ​ខាងលិច ឬ​ខាងកើត​រដ្ឋធានី Stockholm ។​

​ផ្នូរ​ស្តេច Karl នៅ​ព្រះវិហារ​ខាងលើ និង​ស្តេច Karl ។​

​សាក្សី Tom Rowsell អ្នក​ដែល​មាន​គំរោង នឹង​រៀប​អាពាហ៍ពិពាហ៍ នៅ​ព្រះវិហារ​នេះ នា​ចុង​សប្តាហ៍​ឲ្យដឹងថា ៖ “​មិត្តភក្តិ​ខ្ញុំ​ម្នាក់​បាន​ឃើញ​ចោរ​ទាំង​២ រត់​ប្រាស​អាយុ ។ ទូក​របស់​ពួកគេ​ពណ៌​ស ហើយ​មាន​ម៉ាស៊ីន​ភ្ជាប់​ខាងក្រោយ ។​

​ពួកគេ​បាន​លោត​ឡើង​ទូក​យ៉ាង​ប្រញាប់ប្រញាល់ ។ ភ្លាមៗ​នោះ​យើងខ្ញុំ​បាន​ទូរស័ព្ទ​ប្រាប់​ប៉ូលិស​ពី​ការកើតមាន​ចោរកម្ម​នៅ​ព្រះវិហារ ។​

​សំឡឹង​មើល​របៀបរបប​ពួកគេ យើងខ្ញុំ​ដឹង​ថា ពិត​ជា​ចោរ ។ ព្រោះ​នៅ​ទីនេះ​ជា​ប្រជុំជន​មួយ​ស្ងប់ស្ងាត់ សុខសាន្ត​” ។​

​តាម Daily Mail នេះ​ពុំមែន​ជា​លើក​ទី​១​ទេ ដែល​អលង្ការ​របស់​ម​ហា​ក្សត្រ​ស៊ុយអែត​បាន​ត្រូវ​គេ​លួច​នោះ ។​

​កាលពី​ឆ្នាំ ២០១២ យុវជន​វ័យ ១៩​ឆ្នាំ​ម្នាក់ សារភាពថា បាន​លួច​គ្រឿងអលង្ការ​តម្លៃ ១០២.០០០ ផោន​អង់គ្លេស​ពី​ដំណាក់​របស់​ម្ចាស់​ក្សត្រី Christina នៅ​ជិត​រាជវាំង​របស់​មហាក្សត្រ ។​

​យុវជន​នេះ រង​ការចោទប្រកាន់​ថា បាន​លក់​គ្រឿងអលង្ការ​ខាងលើ​ឲ្យ​ពួក​ជួញ​គ្រឿងញៀន​២​រូប ហើយ​បាន​គប់​ម្កុដ​មួយ​ចុះ​ទៅ​ក្នុង​ទន្លេ​ក្បែរ​សរសរ​ស្ពាន នា​ទីក្រុង Stockholm ៕ បូ​ព៌ា​

spot_img
×