Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត អាណត្តិទី៦ មានតែគណបក្សចំនួន៣ ដាក់ពាក្យបណ្តឹង២៥២៥ , ពាក្យបណ្តឹងរបស់គណបក្សLDP ២៥២០

spot_img

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញប្រកាសព័ត៌មាន អំពីចំនួនពាក្យបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ក្នុងការបោះឆ្នោតជាតិជ្រើស តំណាងរាស្រ្តអាណត្តិទី៦ ឆ្នាំ២០១៨។បើតាមគ.ជ.ប គិតត្រឹមថ្ងៃទី១ខែសីហា ឆ្នាំ២០១៨ ពាក្យបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត មានចំនួន​ ២៥២៥​បណ្តឹង ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា៣បណ្តឹង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមាន ២៥២០ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានមាន​២​បណ្តឹង​។ ក្នុងចំណោមបណ្តឹងទាំងនោះ មានបណ្តឹងសុំឱ្យផ្តន្ទាទោសចំនួន៣៤បណ្តឹង និងបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត២៤៩១បណ្តឹង។ ជាលទ្ធផល គឃ.សប បានចេញសេចក្តីសម្រេច បដិសេធចំនួន១៨៦៩បណ្តឹង ផ្សះផ្សាសះជាចំនួន២០បណ្តឹង ផ្សះផ្សាមិនសះជាចំនួន១បណ្តឹង លិខិតជូនដំណឹងចំនួន១បណ្តឹង ចារបដិសេធចំនួន៩២បណ្តឹង ដើមបណ្តឹងសុំដកពាក្យបណ្តឹងចំនួន២៦​បណ្តឹង និងកំពុងដោះស្រាយចំនួន៥១៦បណ្តឹង។

ក្នុងចំណោមមណ្ឌលបោះឆ្នោតទាំង២៥រាជធានីខេត្ត មានមណ្ឌលចំនួន២ ដែលមិនមានពាក្យបណ្តឹង គឺមណ្ឌលខេត្តព្រះសីហនុ និងមណ្ឌលខេត្តព្រះវិហារ។

លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី១​ ខែសីហា ឆ្នាំ២០១៨នេះ បានអះអាងថា ទោះបីជាមានបណ្តឹងដល់ទៅជាង២០០០ ដែលប្តឹងមកគ.ជ.ប ក៏មិនធ្វើឲ្យប៉ះពាល់ដល់ការប្រកាសលទ្ធផលបោះឆ្នោត បណ្តោះអាសន្ន និងផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨​ នោះដែរ។ បណ្តឹងទាំងអស់ដែលបានដាក់មកគ.ជ.ប មានចំនួន ២៥២៥បណ្តឹង។ ជាមួយគ្នានេះ គណបក្សដែលដាក់ពាក្យបណ្តឹងរួមមាន៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សប្រជាជនកម្ពុជា, និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្តឹងរហូតដល់២៥២០បណ្តឹង ហើយគណបក្សប្រជាជនកម្ពុជា​ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានត្រឹមតែ ៥បណ្តឹងតែប៉ុណ្ណោះ។ លោកបន្ថែមថា ទោះបីជាមានបណ្តឹងច្រើនយ៉ាងនេះក៏ដោយ​ គ.ជ.ប នៅតែអាចប្រកាសលទ្ធផលបណ្តោះអាសន្ន និងផ្លូវការនៃការបោះឆ្នោត បានទាន់ពេលវេលាដែរ៕ ដោយ ៖ កូឡាប

spot_img
×