Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី នឹង​បង្កើត​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ហើយ​ពេលនេះ​គ្មាន​គណបក្ស​នយោបាយ ណាមួយ អះអាង​ពី​ការទទួល​អាសនៈ​ប៉ុន្មាន​នោះទេ​

spot_img

​ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា តាម​ការគ្រោងទុក​រដ្ឋ​សភា​អាណត្តិ​ថ្មី នឹង​បើក​សម័យប្រជុំ​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ហើយ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​បង្កើត​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​។ សម្តេច​តេជោ បាន​បង្ហាញ​នូវ​មោទនភាព ចំពោះ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ប្រមាណ ៨២% ដែល​បាន​ទៅ បោះឆ្នោត​ចូលរួម​ដំណើការ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ទៅ​បោះ ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងច្រើន​លើស​​លប់ កាលពី​ថ្ងៃ​ទី ២៩ កក្កដា ឆ្នាំ​២០១៨ កន្លងមកនេះ​។ ការបោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ដើម្បី​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ​ព្រោះ​សន្តិភាព​សម្រាប់ យើងទាំងអស់គ្នា ហើយ​ទាំងអស់​គ្នា​សម្រាប់​សន្តិភាព​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ថា​៖ ប្រជាពលរដ្ឋ​បាន​ទៅ​បោះឆ្នោត គឺ​បាន​បង្ហាញ​ពី​ការចូលរួម​ក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ពិត​នៅ​កម្ពុជា​។ បងប្អូន​ប្រជាពលរដ្ឋ​បាន​ចូលរួម​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា មាន​តំលៃ​ស្មើ​នឹង​ការចូលរួម​ថែរក្សា​សន្តិភាព និង​ការ​អ​ភ​វិ​ឌ្ឍ​។ នៅក្នុង​ឱកាស​នេះ​ផងដែរ សម្តេច​តេជោ ហ៊ុន សែន បាន​អរគុណ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និង​ស្ថាប័ន ពាក់ព័ន្ធ​នានា ដែល​បាន​ចូលរួម​រក្សា​សុខ​សុវត្ថិភាព និង​ជួយ​សម្រួល ដល់​គណបក្ស​នានា​ក្នុងអំឡុងពេល បោះឆ្នោត​។​

​ថ្លែង​ពី​លើ​វេទិកា​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ជាង​១​ម៉ឺន​នៅ​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០១៨​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ជាការ​គ្រោងទុក​នៃ​កិច្ចដំណើរការ​ថ្ងៃទី​១៩ នឹង​ត្រូវ​បើក​ប្រជុំ​សភា​លើក​ដំបូង​នៅ​ព្រឹក​ថ្ងៃទី​១៩ ហើយ​ល្ងាច​ថ្ងៃ​១៩ ខែ​កញ្ញា នឹង​ត្រូវ​ចូល​ស្បថ​នៅ​សភា ចូលកាន់​តំណែង ។ ព្រឹក​ថ្ងៃ​ទី​២០ នឹង​បង្កើត​រាជរដ្ឋាភិបាល ល្ងាច​ថ្ងៃ​ទី​២០ ខែ​កញ្ញា នឹង​ត្រូវ​ចូល​ស្បថ​កាន់​តំណែង ហើយ​ថ្ងៃ​ទី​២១ ខែ​កញ្ញា នឹង​ត្រូវ​ប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្មី​លើកដំបូង ។ នេះ​គ្រាន់តែ​បញ្ជាក់​ប្រាប់​ដល់​ប្រជាពលរដ្ឋ អំពី​កិច្ចដំណើរការ​នៃ​ការបោះឆ្នោត​អាណត្តិ​ទី​៦​នេះ​។​

​ក្នុងឱកាស​នោះ​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ឲ្យមាន​ការពន្យារពេ​ល រហូតដល់​ទៅ​ជាង​មួយខែ ក្នុង​ការបង្កើត​រដ្ឋសភា​ថ្មី ក៏ដូចជា​រាជរដ្ឋាភិបាល​ថ្មី ក្រោយពេល​លទ្ធផល​បោះឆ្នោត ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​។ បើ​តាម​សម្តេច​តេជោ ហ៊ុន សែន ដូចជា​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ជប៉ុន ក្រោយពេល​លទ្ធផល​បោះឆ្នោត​ប្រកាស​ភ្លាម គឺ​គេ​បង្កើត​រដ្ឋាភិបាល​ភ្លាមៗ​តែម្តង តែ​សម្រាប់​កម្ពុជា ត្រូវ​ទុក​ពេល​ឲ្យមាន​ការប្តឹងតវ៉ា​ពី​គណបក្ស​នយោបាយ​នានា ក៏ដូចជា​ទុកពេល​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដោះស្រាយ​បញ្ចប់​នូវ​វិវាទ​នានា​ជា​មុន​សិន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បន្តថា “​អី​ឡូ​វ​នេះ​ការបោះឆ្នោត​កំពុង​តែ ស្ថិត​ក្នុង​ការដោះស្រាយរ​បស់ គ​.​ជ​.​ប បន្ទាប់​ពី គ​.​ជ​.​ប ដោះស្រាយ​បញ្ហា​រួចហើយ ប្រសិនបើ​មាន​បញ្ហា​ដោះស្រាយ​មិន​បាន នឹង​ត្រូវ​ប្តឹង​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ប្រសិនបើ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដោះស្រាយ​រួច​ហើយ​ទើប​បង្វិល​បញ្ហា​នេះ​ឲ្យ គ​.​ជ​.​ប រៀបចំ​ពិនិត្យ និង​ប្រកាស​លទ្ធផល​ផ្លូវការ ហើយ​បែងចែក​អាសនៈ និង​ប្រកាស​បេក្ខជន​ជាប់ឆ្នោត​ផងដែរ​។ សម្រាប់​កម្ពុជា ត្រូវ​ពន្យារ​រហូតដល់​ខែ​កញ្ញា ព្រោះ​ទុក​លទ្ធភាព ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដោះស្រាយ​នូវ​បញ្ហា​លើ​ពាក្យបណ្តឹង​មួយ​ចំនួន របស់​គណបក្ស​នយោបាយ​”​។​

សម្តេច​តេជោ បាន​បន្ថែមថា នៅពេល​នេះ​គ្មាន​គណបក្ស​នយោបាយ​ណាមួយ ដែល​ត្រូវ​អះអាង​ថា​ខ្លួន នឹង​ត្រូវ​បាន​កៅអី​ប៉ុណ្ណេះ កៅអី​ប៉ុណ្ណោះ​ទេ ព្រោះ​ឥឡូវនេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដោះស្រាយ​របស់​គ​.​ជ​.​ប​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×