Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​ប្រតិភូ​ធុរជន​ចិន​ខេត្ត​ហ៊ូ​ណាន វិនិយោគ​លើ​ការអភិវឌ្ឍ​ខ្សែសង្វាក់​តម្លៃ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានស្នើ​ប្រតិភូ​ធុរជន​ខេត្ត​ហ៊ូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​​ពិចារណា​វិនិយោគ​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម នៅក្នុង​ខេត្ត​បាត់ដំបង ដែល​សម្បូរ​ទៅដោយ​ភោគ​ផលដំណាំ​ដែល​មាន​សក្តានុពល​​សម្រាប់​បម្រើ​ទីផ្សារ​ក្នុងប្រទេស និង​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន​។​

​លោក​រដ្ឋមន្ត្រី បាន​លើក​សំណើ​នេះ​ឡើង នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក យ៉ាង គ័​រពីង (Yang Guoping) ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​​នៃ​ក្រុមហ៊ុន Global Ecological Co., Ltd. របស់​ខេត្ត​ហ៊ូ​ណាន ដែល​បាន​ដឹកនាំ​សហការី​​មក​សិក្សា​អំពី​លទ្ធភាព​ពង្រីក​រោងចក្រ​ម៉ាស៊ីនកិនស្រូវ នៅក្នុង​ខេត្ត​បាត់ដំបង និង​ស្វែងយល់​អំពី​សក្តានុពល​វិនិយោគ​​នៅក្នុង​ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ​។​

​នៅក្នុង​ឱកាស​នោះ លោក​ប៉ាន សូរ​ស័ក្តិ បាន​ជម្រាបជូន លោក យ៉ាង គ័​រពីង អំពី​កត្តា​ប្រឈម​នៃ​វិស័យ​ស្រូវ​អង្ករ​ ​និង​ដំណាំ​សក្តានុពល​ផ្សេងៗ ដូចជា ស្វាយ មៀន ពោត និង​ដំឡូង​មី ព្រមទាំង​អត្ថប្រយោជន៍​នៃ​ការសាងសង់​ឡ​សម្ងួត​បន្ថែម​ ​ដើម្បី​រក្សា​ទុក​កសិផល​នៅក្នុង​រយៈពេល​យូរ សំដៅ​បម្រើ​ការអភិវឌ្ឍ​ខ្សែសង្វាក់​តម្លៃ និង​ការផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស​ ​ដូចជា​ខេត្ត​សៀមរាប និង​ខេត្ត​ហ៊ូ​ណាន ប្រទេស​ចិន​ជាដើម​។​

​លើសពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​សក្តានុពល​ខេត្ត​ព្រះសីហនុ ដែល​ជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា​ ​និង​ជា​ខេត្ត​ដែល​មាន​កំពង់ផែ​ទឹក​ជ្រៅ និង​កំពង់ផែ​ពហុ​បំណង ព្រមទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​រោងចក្រ​តូច​ធំ​ជាង ១០០​ក្រុមហ៊ុន សម្រាប់​បម្រើ​វិស័យ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​។ បន្ថែម​លើ​នេះ ឯកឧត្តម​ ​ប៉ាន សូរ​ស័ក្តិ ក៏​បាន​ជម្រាបជូន លោក យ៉ាង គ័​រពីង និង​សហការី អំពី​វឌ្ឍនភាព​ថ្មីៗ​នៃ​វិស័យ​គមនាគមន៍ នៅក្នុង​ប្រទេស​កម្ពុជា​​ផងដែរ​។​

​ជា​ការឆ្លើយតប លោក យ៉ាង គ័​រពីង បាន​ថ្លែងអំណរគុណ​ដល់ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ដែល​បាន​ចែករំលែក​នូវ​ព័ត៌មាន​ ​និង​​ទស្សន​:​ល្អៗ ទាក់ទិន​វិស័យ​ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និង​ទេសចរណ៍ នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​កត្តា​ប្រឈម​ ​និង​កាលានុវត្តភាព​វិនិយោគ លើ​ដំណាំ​សក្តានុពល​ផ្សេងៗ​របស់​កម្ពុជា​។​

​លោក យ៉ាង គ័​រពីង ក៏​បាន​សន្យា​នឹង​នាំ​យក​ព័ត៌មាន​ទាំងអស់នេះ ទៅ​ជម្រាប​ជូន លោក​អភិបាលខេត្ត​ហ៊ូ​ណាន​ ​ដែល​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នៅក្នុង​ខែ​វិច្ឆិកា​ខាងមុខ ព្រមទាំង​ផ្សព្វផ្សាយ​បន្ត​ជូន​សមាគម​ធុរជន​ ​និង​វិនិយោគិន នៅក្នុង​ខេត្ត​ហ៊ូ​ណាន ដើម្បី​ចូល​មក​បណ្តាក់ទុន​កាន់តែ​ច្រើន​នៅ​កម្ពុជា សំដៅ​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាជន​ ​និង​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​៕ ​ដោយ ​៖​ កូឡាប​

spot_img
×