Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់​ច្រាំង​ទន្លេ ដាច់​ផ្លូវ នៅ​សង្កាត់​ព្រែក​តាសេក អភិបាល​រាជធានី ឱ្យ​ស្ថាបនា​ឡើងវិញ​

spot_img

​​ភ្នំពេញ ​៖ បាក់​ច្រាំង​ទន្លេ នៅ​ក្រុម​ទី​២ ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ បណ្តាលឲ្យ​ខូចខាង​យ៉ាង​ធ្ងន់ធ្ងរ បង្ក​ប៉ះពាល់​ដល់​ផ្លូវ​មួយ​ខ្សែ មិនអាច​ធ្វើដំណើរ​បាន​។ ពាក់ព័ន្ធ​ករណី​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ជាបន្ទាន់ ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​ដែន ត្រូវធ្វើ​ការស្ថាបនា​ឡើងវិញ ជា​បន្ទាន់​នៅ​កំណាត់​ផ្លូវ​មួយ​ខ្សែ ដែល​ទទួលរង​ការខូចខាត ដោយ​បាក់​ផ្តាច់​ដោយសារ​ទឹកជំនន់​ទន្លេសាប​នា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ ចុះទៅពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង នៃ​ការបាក់​ច្រាំង​ទន្លេ​នេះ​។​

​លោក ឃួ​ង ស្រេង ក្នុងឱកាស​នោះ បាន​សម្តែង​ការសោកស្តាយ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ជុំវិញ​គ្រោះធម្មជាតិ ដែល​បណ្តាលឱ្យ​បាក់​ផ្តាច់​ផ្លូវ​ខាងលើនេះ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី​ជា​ការឆ្លើយតប លោក​អភិបាល​រាជធានី បាន​សន្យាថា នឹង​ស្ថាបនា​ផ្លូវ​ដែល​បាក់​នេះ​ឱ្យបាន​ឆាប់ ដើម្បី​ប្រើប្រាស់​ជា​បណ្តោះអាសន្ន ។ ជុំវិញ​ការងារ​នេះ លោក​អភិបាល​បាន​ជំរុញ​ឱ្យ​មន្ទីរ​ពាក់ព័ន្ធ ពិសេស​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ នឹង​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ពិនិត្យ​និង​សិក្សា​ឱ្យបាន​ហ្មត់ចត់ មុន​នឹង​ចាក់​ថ្ម​ធ្វើ​គ្រឹះ​ចាក់ដី​បំពេញ​ច្រាំង​បាក់​នេះ​ឡើងវិញ​។​

​លោក​បាន​បញ្ជាក់ថា ការស្ថាបនា​លប់​ច្រាំងទន្លេ​ដែល​បាក់​នេះ ធ្វើឡើង​ជា​បណ្តោះអាសន្ន សំខាន់​ទប់​កុំ​ឱ្យ​បាក់​បន្ត និង​មួយវិញទៀត គឺ​អាច​ឱ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ បាន​ជា​បណ្តោះអាសន្ន ព្រោះ​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នេះ ប្រាស្រ័យ​តែ​ផ្លូវ​មួយ​នេះ​ទេ​។ នៅ​រដូវ​ទឹក​ស្រក​ខាងមុខនេះ លោក​នឹង​ឱ្យ​មន្ត្រី​ជំនាញ ចុះ​មក​សិក្សា​បច្ចេកទេស​ឱ្យបាន​ហ្មត់ចត់ ហើយ​យើង​នឹង​អាច​បុក​ស៊ីវ​ផា​យ ដើម្បី​ធ្វើឱ្យ​ផ្លូវ​នេះ​រឹងមាំ​ជាប់លាប់​តែម្តង​។​

​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន បាន​និយាយថា ច្រាំងទន្លេ និង​ផ្លូវ​នេះ តែង​បាក់​ជា​រៀងរាល់ឆ្នាំ គ្រាន់តែ​បាក់​តិចតួច ហើយ​អាជ្ញាធរ​មូលដ្ឋាន តែងតែ​ធ្វើ​ការជួសជុល​ជា​បន្តបន្ទាប់ ប៉ុន្តែ​ឆ្នាំ​នេះ​បាក់​ខ្លាំង អាជ្ញាធរ​មូលដ្ឋាន មិន​មាន​លទ្ធភាព​ជួសជុល ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើ​ការជួសជុល​ឱ្យ​ទាំងស្រុង​តែ​ម្តង ។ តំណាង​ប្រជាពលរដ្ឋ​រូបនេះ បាន​អរគុណ​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​មក​ជួយ​ជួសជុល​ច្រាំងទន្លេ និង​ស្ថាបនា​ផ្លូវ​នេះ ដើម្បី​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ បាន​ធ្វើដំណើរ​ចរាចរណ៍​បាន​ស្រួល​៕ ដោយ ​៖​ កូឡាប​

spot_img
×