Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមចោរ​៥​នាក់ ដែល​វាយ​ប្លន់​ប្រជាពលរដ្ឋ ត្រូវ​តុលាការ​ឃុំខ្លួន​ដាក់ពន្ធនាគារ

spot_img

​ភ្នំពេញ​៖ ក្រុមចោរ​វ័យក្មេង​៥​នាក់ ក្នុងចំណោម​ប្រព្រឹត្ត​បទល្មើស​៣​ករណី ដែល​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​ប្លន់ ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​លោក សាន សុផាត ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​សម្រេច​ឃុំខ្លួន ជា​បណ្តោះអាសន្ន នៅ​រសៀល​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨​នេះ​។​

ក្រុមចោរ​ទាំង​៥​នោះ ត្រូវបាន​លោក ខៀវ ផល្លា ជា​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស ប្លន់​។​

​របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច​បាន​បញ្ជាក់ថា ក្រុមចោរ​ទាំង​៥​នាក់​៖ ទី​១ ឈ្មោះ សុធា សុ​ផានិត ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចោរ ស្នាក់​នៅផ្ទះ​លេខ​៥៥៦​ង ផ្លូវលំ ភូមិ​ស្លែង​រលើង សង្កាត់​កា​កាប ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ទី​២ ឈ្មោះ អ៊ិ​ច ចក្រី ហៅ ហ្វ័​រ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចោរ ស្នាក់​នៅផ្ទះ​លេខ​៩B ផ្លូវ​បេតុង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ទី​៣​ឈ្មោះ ឆាវ សំអិត ហៅ រាជ ភេទ ប្រុស អាយុ ២១​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​បោះពុម្ព និង​ចោរ​ក្រៅ​ម៉ោង ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ទី​៤ ឈ្មោះ ណុ​ច តុលា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ​សេរី​មង្គល ថ្នាក់​ទី​១០ និង​ចោរ​ក្រៅ​ម៉ោង រស់នៅ​ភូមិ​ឬ​ស្សី​ជ្រោយ ឃុំ​ព្រែក​ដំបង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ និង​ទី​៥ ឈ្មោះ កែវ ភា​រុណ ហៅ ប៊ី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​បោះពុម្ព និង​ចោរ​ក្រៅ​ម៉ោង ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​គួររំលឹកថា សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ក្រុមចោរប្លន់ ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​វ័យក្មេង​ទាំង​៥​នាក់ ខាងលើ​កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​បទល្មើស​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្លន់​) ចំនួន​៣​ករណី​៖ ករណី​ទី​១៖ លួច​ពី​ស្ថាន​ទម្ងន់ទោស ដោយ​ឆក់​កាបូបស្ពាយ នៅ​ចំណុច​គល់ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ខាងលិច ផ្លូវ សហព័ន្ធ​រុស្សី ក្រុម​៣ ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨​។​

ករណី​ទី​២៖ លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ឆក់​កាបូបស្ពាយ នៅ​ចំណុច​មុខផ្ទះ​លេខ​១៦៦​អឺ​០ ផ្លូវ​លេខ ១៨២ ភូមិ​០៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨​។ ករណី​ទី​៣៖ លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ប្រើ​អំពើហិង្សា (​វាយយក​ម៉ូតូ​) នៅ​ចំណុច​ច​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់​SCG ផ្លូវ​ហាណូយ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​។​

​ក្រោយពេល​ឃាត់ខ្លួន​ក្រុមចោរ​ទាំង​៥​នាក់​ខាងលើ សមត្ថកិច្ច ដកហូត​បាន​វត្ថុតាង​រួមមាន​៖ ដាវ​សាំ​ម៉ូ​រ៉ៃ ស្រោ​ព័ណ៌​ស ប្រវែង ០១​ម៉ែត្រ ចំនួន ០១ ដើម ស្លាក​លេខ​ម៉ូតូ សៀមរាប 1F-7927 ចំនួន ០១ បន្ទះ សម្ភារៈប្រើប្រាស់​គ្រឿងញៀន (​ដប ចំនួន ០១,​ដែកកេះ ចំនួន ០៣ ,​ក្រដាស់​អាលុយមីញ៉ូម មួយចំនួន ) ស៊ីម​កាត Metfone ចំនួន ៥៣ ស៊ីម និង​ម៉ូតូ​ម៉ាក ZUSUKI ព័ណ៌​ខ្មៅ លាយ​ក្រហម សេរី​ឆ្នាំ​២០១៤ ឡើង​សេរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ​1AS-4917៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×