ខេត្តកោះកុង៖ ប្រជាពលរដ្ឋ ដែលប្រកបរបរធ្វើនេសាទ ឬហៅថា កម្មករចុះទូកនេសាទសមុទ្រ បានឲ្យដឹងថា ពួកគាត់មានគ្នារាប់រយនាក់ ឬមានចំនួនជិត១ពាន់នាក់ បានឈប់ពីធ្វើការងារជាកម្មករនេសាទសមុទ្រ ដោយសារបញ្ហាអាកាសធាតុ មិនអាចចេញទូកទៅនេសាទ នៅលើលំហសមុទ្របានទេ ព្រោះរាល់ថ្ងៃនេះ មានភ្លៀង ខ្យល់ព្យុះ និងរលកសមុទ្រធំៗ។
កម្មករនេសាទ បានឲ្យដឹងទៀតថា ពួកគាត់បានចាក់ចេញ ពីជីវិតកម្មករទូកនេសាទ ព្រោះពេលនេះទូកនេសាទជាច្រើនគ្រឿង នៅខេត្តកោះកុង បានចូលចតតាមកំពង់ផែនានា អស់រយៈពេលជាង២ខែកន្លងមកហើយ ដោយសារមានភ្លៀងធ្លាក់ច្រើន មានខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រធំៗ នៅលើលំហសមុទ្រ។
ទាក់ទិនបញ្ហានេះដែរ អ្នកគ្រប់គ្រងកំពង់ផែបាក់ខ្លង ខេត្តកោះកុង បានទទួលស្គាល់ថា ដើមខែសីហា ឆ្នាំ២០១៨នេះ មានកម្មករនេសាទរាប់រយនាក់ បានបង្ខំចិត្តចាកចេញពីការងារធ្វើកម្មករចុះទូកនេសាទ ដោយសារតែនៅលើលំហសមុទ្រខេត្តកោះកុង មានទឹកភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ។ លោកថា ក្នុងមួយរយៈពេលចុងក្រោយនេះ ទូកនេសាទភាគច្រើន មិនអាចចេញទូកទៅនេសាទនៅលើលំហសមុទ្របានទេ។
បញ្ហានេះដែរ មន្ត្រីជលផលខេត្តកោះកុង បានកត់សម្គាល់ថា អាកាសធាតុនៅឆ្នាំ២០១៨នេះ ពិតជាមានភ្លៀង និងខ្យល់ច្រើនជាងឆ្នាំមុន។ ហើយថា រាល់ថ្ងៃនេះ អាកាសធាតុនាខេត្តកោះកុង នៅតែបន្តមានភ្លៀង ខ្យល់បោកបក់ និងរលកសមុទ្រធំៗជាបន្តបន្ទាប់ មិនទាន់ថយចុះទេ។
មន្ត្រីដដែលបានកត់សម្គាល់ថា រដូវវស្សាឆ្នាំនេះ អាចខុសប្លែកពីឆ្នាំមុនៗ ព្រោះតាមធម្មតា ទឹកភ្លៀង ខ្យល់ និងរលកសមុទ្រ ត្រឹមពាក់កណ្តាលខែកញ្ញាជារៀងរាល់ឆ្នាំ រលកសមុទ្រ នឹងវិលមករកសភាពស្ងប់ស្ងៀម។ ប៉ុន្តែសម្រាប់ឆ្នាំ២០១៨នេះ មិនហា៑នសន្និដ្ឋានថា ស្ថានភាពអាកាសធាតុ រលកសមុទ្រ និងខ្យល់ព្យុះជាដើមបែបណានោះទេ ដោយត្រូវរង់ចាំតាមដានជាមុនសិន៕ ដែន សីមា