Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​កងរាជអាវុធហត្ថ​៖ រថយន្ត​ដឹក​សត្វព្រៃ​ខុសច្បាប់ បើក​ទម្លាក់​ចូល​ទឹក​ស្រះ​

spot_img

បន្ទាយមានជ័យ​ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត រួម​កិច្ចសហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ បាន​ចុះ​ប្រតិបត្តិការ​ស្ទាក់​ចាប់​រថ​យន្ត ដឹក​សត្វព្រៃ​ខុស​ច្បាប់ នៅ​ចំណុច​ភូមិ​ចក្រី ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ នៅ​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង​១០ និង ៤០​នាទី​។​រថយន្ត​ដឹក​សត្វព្រៃ​ខុសច្បាប់ បាន​គេច​ចេញពី​ការឃាត់​របស់​កម្លាំង​ក​ង​រាជ​អាវុធហត្ថ បើក​ទម្លាក់​ចូល​ទឹក​ស្រះ និង​ជនល្មើស​ព្យាយាម​រត់គេច​យក​រួចខ្លួន តែ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ឃាត់ខ្លួន​បាន​យក​មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់ ។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់​ថា ៖ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​កម្លាំង​រដ្ឋបាល​ព្រៃឈើ ដែល​ឈរជើង​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ស្នើសុំ​កិច្ចសហការ​ពី​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ លើ​ករណី​ដឹកជញ្ជូន​សត្វព្រៃ​ខុសច្បាប់ លោក​បាន​រាយការណ៍​ជូន​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សុំ​គោល​ការអនុវត្តន៍​បន្ត និង​ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។ លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ដាក់បទបញ្ជា​អោយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ចុះ​សហប្រតិបត្តិការ​ភ្លាមៗ ។​

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បាន​បន្តថា ៖ បន្ទាប់​ពី​ទទួលបាន​បទបញ្ជា កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ម៉ែន ស៊ី​ដែន មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បានធ្វើ​ប្រតិបត្តិការ​ស្ទាក់​ចាប់​រថ​យន្ត​ម៉ាក Highlander ពណ៌​ទឹកប្រាក់ ស៊េរី ២០០៤ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-9183 ដឹក​សត្វព្រៃ​ខុស​ច្បាប់​ចេញពី​ប្រទេស​ថៃ មកកាន់​ទឹកដី​កម្ពុជា ឆ្ពោះទៅ​ខេត្ត​សៀមរាប នៅ​ចំណុច​មុខ​វិទ្យាល័យ​និមិត្ត ស្ថិតក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត។  ប៉ុន្តែ​ជនសង្ស័យ​បាន​បើករថយន្ត​បំបុក រថយន្ត​ស៊ែ​រ៉ែ​ន​របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត និង​បើក​គេច​រហូតមកដល់​ចំណុច​សាលា​ក្រហម ស្ថិតក្នុង​ភូមិ​សាលា​ក្រហម ឃុំ​សំរោង ស្រុក​អូរជ្រៅ ហើយ​ជនសង្ស័យ​បាន​សម្ងំ​លាក់ខ្លួន និង​ធ្វើ​ការផ្លាស់ប្តូរ​ស្លាក​លេខ​រថយន្ត ពី​ស្លាក​លេខ​ចាស់ មក​លេខ ភ្នំពេញ 2V-9941 រួច​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ខេត្តសៀមរាប ។

ពេល​នោះ​រថយន្ត​ស៊ែ​រ៉ែ​ន​របស់​មូលដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ធ្វើ​ការដេញ​តាម​ពីក្រោយ និង​ស្នើសុំ​កិច្ច​សហប្រតិបត្តិការ​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ ។ រហូតដល់​ម៉ោង​១៤ និង ០០​នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ បាន​ធ្វើការ​ស្ទាក់​ចាប់រ​ថយ​ន្ត​ជនសង្ស័យ​ខាង​លើ​បាន​នៅ​ចំណុច​ភូមិ​ចក្រី ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ពេល​នោះ​ជនសង្ស័យ​មិន​ព្រម​ឈប់​នោះ​ទេ គឺ​ជនសង្ស័យ​បាន​បើករថយន្ត​ទម្លាក់​ទឹកស្រះ​ដោយ​ខ្លួនឯង ហើយ​ជនសង្ស័យ​បាន​លោត​ចេញពី​រថយន្ត​ហើយ​រត់​គេច តែ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន ០២​នាក់ ១-​ឈ្មោះ ប៊ាន ផារៈ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប ២-​ឈ្មោះ យ៉ាន់ យ៉េន ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា និង​ដកហូត​វត្ថុតាង​រួមមាន ៖ -​រថយន្ត​មួយ​គ្រឿង​ម៉ាក Highlander ពណ៌​ទឹកប្រាក់ ស៊េរី​២០០៤ ពាក់​ស្លាក​លេខ ភ្នំពេញ 2V-9941 -​សត្វ​អន្សង​ចំនួន ១៧ ក្បាល​ស្មើនឹង ៦៩ គីឡូក្រាម (​ងាប់​) -​សត្វ​កន្ធាយ​ចំនួន ១០ ក្បាល​ស្មើនឹង ៤០ គីឡូក្រាម -​សត្វ​អណ្តើក​សកល​ចំនួន ២៧ ក្បាល​ស្មើនឹង ១៧០ គីឡូក្រាម -​សត្វ​អណ្តើក​ស្រែ​ចំនួន ១៧០ ក្បាល​ស្មើនឹង ១៥៥ គីឡូក្រាម -​ស្លាក​លេខ​រថយន្ត​ចំនួន ០៨ សន្លឹក បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្តទៅ​តុលាការ ចំណែក​វត្ថុតាង​សត្វព្រៃ​ត្រូវបាន​ប្រគល់ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្រុង​សិរីសោភ័ណ​យកទៅ​រក្សាទុក ៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×