Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេស បន្ដ​ជួយ​គាំទ្រ​ដល់​ប្រតិបត្តិ​ករ​ដោះមីន នៅ​កម្ពុជា រហូតដល់​ឆ្នាំ​២០២០

spot_img

​ភ្នំពេញ ​៖ អាជ្ញាធរ​មីន បាន​ផ្សព្វផ្សាយ​លើ​ផេក​ហ្វេស​ប៊ុ​កថា លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ទទួល​ជួប លោកស្រី Elizabeth McGarva ទីប្រឹក្សា​ជាន់ខ្ពស់​គម្រោង DFID ចក្រភព​អង់គ្លេស ដើម្បី​ពិភាក្សា​ការងារ​មួយចំនួន​ពាក់ព័ន្ធ នឹង​ការផ្តល់​ថវិកា​ជំនួយ​នៅ​ថ្ងៃ​ចន្ទ ទី​៦ ខែ​សីហា ឆ្នាំ​២០១៨ នៅ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​មីន ។​

​លោកស្រី Elizabeth បានបញ្ជាក់​ថា គម្រោង​នឹង​បន្ត​គាំទ្រ​ដល់​ប្រតិបត្តិ​ក​រ NPA HALO និង MAG រហូតដល់​ឆ្នាំ​២០២០ លើ​ការ​បោសសម្អាត​ផ្ទៃដី​គ្រោះថ្នាក់ ការអប់រំ​យល់ដឹង​ពី​មីន ការលើកកម្ពស់​ប្រព័ន្ធ​ព័ត៌មាន​វិស័យ​មីន និង​ការបង្កើន​សមត្ថភាព​។​

​លោកស្រី Elizabeth បានបញ្ជាក់​ថា គម្រោង​នឹង​អប់រំ​ផ្សព្វផ្សាយ​យល់ដឹង​អំពី​មីន និង​ការផ្តល់​នូវ​ការអប់រំ​បណ្តុះបណ្តាល ដើម្បី​បង្កើន​សមត្ថភាព​ដល់ អង្គភាព​ពាក់ព័ន្ធ​នឹង​វិស័យ​សកម្មភាព​មីន ជាពិសេស​ការកសាង​សមត្ថភាព​បុគ្គលិក​បម្រើ​ការ​ក្នុង​ការិយាល័យ​គ្រប់គ្រង​ទិន្ន័យ នៃ​អង្គភាព​អាជ្ញាធរ​មីន​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​គណៈប្រតិភូ ដែល​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការបន្ត​ជួយ​ដោះស្រាយ​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ សល់​ពី​សង្គ្រាម​នៅ​កម្ពុជា និង​ស្នើសុំ​ឲ្យ​គម្រោង​DFID បន្ត​ជំនួយ​រហូតដល់​ឆ្នាំ​២០២៥ ដែល​ស្រប​តាម​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​។​

​បើ​តាម​លោក​ទេសរដ្ឋមន្ដ្រី , រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្តេជ្ញាចិត្ត​ក្នុង​ការដោះស្រាយ​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម ដែល​បាន​ធ្វើឲ្យប៉ះពាល់ ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​យ៉ាង​ខ្លាំង​នៅ​កម្ពុជា និង​ការងារ​​ធំៗ​មួយចំនួន ដែល​អាជ្ញាធរ​មីន​កំពុង​តែ​ធ្វើ ដូចជា​ការបង្កើត​យុទ្ធ​សាស្ត្រ​គ្មាន​មីន​នៅ​កម្ពុជា ការបង្កើត​គណៈកម្មកា​រ​សម្រាប់​ពិនិត្យ​មើល​ការអនុវត្ត ផែនការ​យុទ្ធសាស្ត្រ​ជាតិ​វិស័យ​សកម្មភាព​មីន​២០១៨-២០២៥​។​

​ចំណែក​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ទីបញ្ជាការដ្ឋាន​ស៊ីម៉ាក់​ភ្នំពេញ លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Elizabeth McGarva ទីប្រឹក្សា​ជាន់ខ្ពស់​គម្រោង នៃ​ក្រសួង​ជំនួយ​អភិវឌ្ឍន៍​អន្តរជាតិ របស់​ចក្រភព​អង់គ្លេស លើ​កិច្ច​ប្រតិ​ប​តិ្ត​ការនិង​សហកា​របោស​សំអាត​មីន​មនុស្សធម៌​នៅ​កម្ពុជា​។​

​លោកស្រី Elizabeth បានបញ្ជាក់​ថា គម្រោង​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស សម្រេច​ផ្តល់​កិច្ចសន្យា​ផ្តល់​ជំនួយ ដល់​អង្គការ​ដោះមីន NPA HALO MAG និង​GICHD សម្រាប់​ធ្វើ​សកម្មភាព​ដោះ​មីន​មនុស្សធម៌ នៅ​កម្ពុជា​រយៈពេល​២​ឆ្នាំ គឺ​២០១៨-​មិនា ២០២០៕ ​ដោយ​ ៖ ​កូឡាប​

   

spot_img
×