Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​និង​ឥណ្ឌា ពង្រឹង​កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែ​ល្អប្រសើរ លើ​គម្រោង Digital

spot_img

​ភ្នំពេញ ​៖ តាមរយៈ​ជំនួប​ពិភាក្សា​ការងារ ប្រទេស​កម្ពុជា​និង​ឥណ្ឌា បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែ​ល្អប្រសើរ លើ​គម្រោង Digital Village ដែល​នឹង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​សម្រាប់​ជនបទ​។​

​ព្រឹក​ថ្ងៃ​ចន្ទ ទី​៦ ខែ​សីហា ឆ្នាំ​២០១៨ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជួបពិភាក្សា​ការងារ​នៅ​ទីស្ដីការ​ក្រសួង​។​

​ក្នុង​កិច្ចពិភាក្សា​ការងារ​នេះ លោក​រដ្ឋមន្ត្រី បានលើកឡើង អំពី​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ​​ទៅលើ​វិស័យ​​ប្រៃសណីយ៍ ទូរគមនាគមន៍ និង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​។ តាមរយៈ​ជំនួប​ពិភាក្សា​ការងារ​នេះ​ ​ប្រទេស​ទាំង​ពីរ នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែ​ល្អប្រសើរ ជាពិសេស​លើ​គម្រោង Digital Village ​ដែល​នឹង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​គម​នាគមន៍ និង​ព័ត៌មាន​សម្រាប់​ជនបទ​ ​ដែល​ក្នុង​នោះ​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ឥណ្ឌា បាន​ចាត់​ក្រុមហ៊ុន Telecommunications of Consultants India Limited (TCIL) ជា​តំណាង​ក្នុង​ការទទួល​រ៉ាប់រង​លើ ការអនុវត្ត​គម្រោង​សាកល្បង​ខាងលើ​នៅ​កម្ពុជា​។​

​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា បាន​ថ្លែងថា ក្រុមហ៊ុន TCIL បាន​បញ្ជូន​ក្រុម​ការងារ ដែល​មាន​មន្ត្រីជាន់ខ្ពស់ និង​អ្នកជំនាញ​បច្ចេកទេស មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៤ និង​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨​។​

​ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ ក្រុមការងារ​របស់​ក្រុមហ៊ុន TCIL ក៏​បាន​ជួបពិភាក្សា ជាមួយ​ថ្នាក់ដឹកនាំ​តំណាង​ក្រសួង​​ដែល​ដឹកនាំ​ដោយ លោក សុខ ពុទ្ធិ​វុ​ធ អនុរដ្ឋលេខាធិការ នា​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​ប្រៃសណីយ៍​​និង​ទូរគមនាគមន៍​។​

​លោក ត្រាំ អ៊ីវតឹក បានបញ្ជាក់​ថា តាមរយៈ​កិច្ចពិភាក្សា​នោះ ភាគី​ឥណ្ឌា បាន​សម្រេច​ជ្រើសរើស​យក ស្រុក​ទ្រាំង ខេត្តតាកែវ​ ​ជា​កន្លែង​សាកល្បង​ដំបូង ក្នុង​ការអនុវត្ត​គម្រោង ភូមិ​ឌីជីថល (Digital Village)៕ ​ដោយ ​៖​ កូឡាប​

spot_img
×