Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិមាន​ឈ្នះ​-​ឈ្នះ នឹង​សម្ពោធ ចំ​នឹង​ថ្ងៃ​រាជរដ្ឋាភិបាល​ប្រារព្ធ​ខួប​២០​ឆ្នាំ នៃ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​

spot_img

​ភ្នំពេញ ​៖ វិមាន​ឈ្នះ ឈ្នះ ដែល​ជា​និម្មិត​រូប​នៃ​សុខ​សន្តិភាព​កម្ពុជា គ្រោង​នឹង​សម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ ចំ​នឹង​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ប្រារព្ធ​ពិធី​ខួប​២០​ឆ្នាំ នៃ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ (​ឆ្នាំ​១៩៩៨-​ឆ្នាំ​២០១៨)​។​

​រហូតមកដល់​ពេលនេះ វិមាន​ឈ្នះ ឈ្នះ បាន​សាងសង់​ផ្នែក​តួ​បាន​ចំនួន​ជាង ៨០​ភាគរយ​ហើយ ហើយ​គ្រោង​នឹង​សម្ពោធ​ជា​ផ្លូវការ នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​នាយ​ឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស និង​ជា​អនុប្រធាន​គណៈកម្មការ​សាងសង់ វិមាន​ឈ្នះ ឈ្នះ បានបញ្ជាក់​ថា កិច្ចប្រជុំ​ការងារ​សាងសង់​វិមាន​ឈ្នះ ឈ្នះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ ឈ្នះ នា​ព្រឹក​ថ្ងៃទី​៧ សីហា ២០១៨​។​

​សម្តេច​ពិជ័យ​សេនា បាន​ជំរុញ​ឲ្យ​ក្រុម​ការងារ​សាងសង់ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ខិតខំ​ធ្វើយ៉ាងណា​ស្វែងរក​ឯកសារ​ពាក់ព័ន្ធ​បន្ថែមទៀត ដើម្បី​យកមក​ដាក់​តាំង​បង្ហាញ នៅក្នុង​វិមាន​ក្នុង​គោលបំណង​ទុក​ឲ្យ​ក្មេងៗ ជំនាន់​ក្រោយ​សិក្សា​ស្រាវជ្រាវ អំពី​ប្រវត្តិ​សាស្ត្រ​​ពិត​របស់​កម្ពុជា​។​

​សូម​រំលឹក​ថា ស្តូប​វិមាន​ឈ្នះ ឈ្នះ​នេះ បាន​ចាប់ផ្តើម​សាងសង់​ឡើង​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​ទំហំ​ដី​៨​ហិច​តា ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​ការសាងសង់​វិមាន​ឈ្នះ ឈ្នះ នេះ គឺ​ដើម្បី​រំលឹក​ដល់​គុណូបការៈ របស់​បុព្វបុរស​ខ្មែរ​គ្រប់​សម័យ កាល​ដែល​បាន​លះបង់​ជីវិត ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​។ ម្យ៉ាងទៀត វិមាន​នេះ ក៏​ជា​និម្មិត​រូប​នៃ​សុខសន្តិភាព​ដែល​កម្ពុជា ទទួលបាន​ក្រោយពី​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ ជាច្រើន​ទសវត្សរ៍​កន្លងមក​។ ជាងនេះទៀត វិមាន​នេះ​នឹង​ក្លាយជា​កេរ​មរតក សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ផងដែរ​។

​រូបចម្លាក់​សម្រាប់​ដាក់​តាំង​នៅក្នុង​វិមាន​នេះ គឺ​បាន​ឆ្លាក់​រួចរាល់​ហើយ ដែល​នៅ​តាម​ជញ្ជាំង​ជាន់​ផ្ទាល់​ដី ជុំវិញ​បរិវេណ​វិមាន​ឈ្នះ​-​ឈ្នះ ដែល​រូបចម្លាក់​នេះ ទាក់ទង​ទៅនឹង​ប្រវត្តិ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ របស់​សម​មិត្ត ហ៊ុន សែន និង​សម​មិត្ត​មួយចំនួនទៀត ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​សង្គ្រោះ​ជាតិ​កម្ពុជា​។ រូបចម្លាក់​ជាច្រើន​ទៀត ដែល​នឹង​ត្រូវ​ឆ្លាក់​ដាក់​នៅ​លើ​វិមាន​ឈ្នះ​-​ឈ្នះ មានដូចជា រូបចម្លាក់​ហង្ស រូប​គ្រុឌ និង រូប​ដំរី​ក្បាល​បី បន្ទាប់ពី​រូប​នាគ និង​រូប​តោ​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×