Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វគ្គ​បណ្តុះបណ្តាល​បដិសណ្ឋារកិច្ច​សម្រាប់​ខេត្ត​កំពត ដើម្បី​កសាង​ធនធានមនុស្ស ក្នុង​វិស័យ​ទេសចរណ៍ សម្រាប់​គោលដៅ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​

spot_img

​កំពត​ ៖ នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ខេត្ត​កំពត អង្គការ Swisscontact សហការ​ជាមួយ​ក្រសួង​ទេសចរណ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល បដិសណ្ឋារកិច្ច​សម្រាប់​ខេត្ត​កំពត (HoKa)​។ ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ដោយ​លោក ប៉ាក់ សុខុម រដ្ឋា​លេខាធិការ​ក្រសួង​ទេសចរណ៍ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​។​

​លោក Rajiv Pradhan នាយក​ប្រចាំ​ប្រទេស​អង្គការ Swisscontact បាន​ថ្លែងថា អង្គការ Swisscontact តាមរយៈ​កម្មវិធី MIGIP កំពុង​អនុវត្ត​គម្រោង​បណ្តុះបណ្តាល បដិសណ្ឋារកិច្ច​សម្រាប់​ខេត្ត​កំពត ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​ជំនាញ​ទេសចរណ៍ នៅ​គោលដៅ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​។ ផលិតផល​បណ្តុះបណ្តាល​គម្រោង HoKa ត្រូវ​បាន​ចងក្រង​ឡើង​ដោយ​អង្គការ Swisscontact សហការ​ជាមួយ​គណៈកម្មាធិការ​អ្នកជំនាញ​ទេសចរណ៍ (NCTP) នៃ​ក្រសួង​ទេសចរណ៍​។​

ក្រោម​ការគាំទ្រ​របស់​គម្រោង HoKa យើង​រំពឹងថា​អ្នក​បម្រើ​សេវាកម្ម​អាហារ​និង​ភេសជ្ជៈ​ចំនួន ៤០​នាក់​មកពី​អាជីវកម្ម​ទេសចរណ៍​ចំនួន​២០​កន្លែង នឹង​ត្រូវបាន​បណ្តុះបណ្តាល​ដោយ​គ្រូ​បង្គោល​ថ្នាក់​ជាតិ​ចំនួន​៨​នាក់ ធ្វើការ​ក្នុង​វិស័យ​ឯកជន ហើយ​ដែល​មាន​ការទទួលស្គាល់​ពី​ក្រសួង​ទេសចរណ៍​។ ក្រោយ​វគ្គ​បណ្តុះបណ្តាល សិក្ខាកាម​ដែល​ធ្វើការ​វាយតម្លៃ​ជាប់​នឹង​ទទួលបាន​វិញ្ញាបនបត្រ បញ្ជាក់​ពី​សមត្ថភាព​ដែល​ផ្តល់ជូន ដោយ​គណៈកម្មាធិការ​ជាតិ​អ្នកជំនាញ​ទេសចរណ៍​។​

នៅ​ឆ្នាំ​២០១៨ គម្រោង HoKa ធ្វើការ​បណ្តុះបណ្តាល​ចំនួន​២​វគ្គ ហើយ​វគ្គ​និមួយៗ​មាន​រយៈពេល​៦​សប្តាហ៍​។ វគ្គ​ទី​១​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា រហូតដល់ ថ្ងៃទី​១៩ ខែ​កញ្ញា ហើយ​វគ្គ​ទី​២​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​
HoKa គឺ​ជា​កម្មវិធី​បណ្តុះបណ្តាល​ខាងក្នុង (In-House Training)​ដំបូង​គេ ដែល​ផ្តោត​លើ​អ្នក​ធ្វើ​ការងារ​ដែល​មិនសូវ​មាន​ជំនាញ​នៅ​តាម​សណ្ឋាគារ និង​ភោជនីយដ្ឋាន ដើម្បី​អោយ​ពួកគេ​អាច​ប្រើប្រាស់​ជំនាញ​បច្ចេកទេស​ដែល​បាន​សិក្សា​នៅ​កន្លែង​ការងារ​របស់​ពួកគេ​។ ការបណ្តុះបណ្តាល​គម្រោង​HoKa ត្រូវបាន​ធ្វើឡើង​អោយស្រប​ទៅ​តាម​ក្រប​ខ័ណ្ឌ​គុ​វឌ្ឍិ​ជាតិ និង​អាស៊ាន​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទទួល​ស្គាល់​គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន (MRA-TP) ការបណ្តុះបណ្តាល​HoKa មាន​១២​មេរៀន​ដែល​រៀបចំឡើង​ដោយ​ផ្តោត​លើ​អ្នក​បម្រើ​សេវាកម្ម​អាហារ​និង​ភេសជ្ជៈ​នៅ​ខេត្ត​កំពត​។ មេរៀន​ដែល​ត្រូវ​រៀន​រួមមាន​១) ការងារ​ខ្ញុំ​ជា​អ្នក​បម្រើ​សេវាកម្ម ២) ការទំនាក់ទំនង​ក្នុង​បដិសណ្ឋារកិច្ច ៣)​សេវាកម្ម​ប្រណីត ៤)​សម្ភារ​បិ​រក្ខា​ភោជនីយដ្ឋាន ៥)​ចំណេះដឹង​អំពី​បញ្ជី​មុខម្ហូប ៦)​ចំណេះដឹង​អំពី​ភេសជ្ជៈ ៧)​ជំនាញ​លក់ ៨)​ជំនាញ​សេវាកម្ម ៩)​សេវាកម្ម​ភេសជ្ជៈ ១០)​លំដាប់លំដោយ​ក្នុង​ការផ្តល់​សេវាកម្ម​នៅក្នុង​ភោជនីយដ្ឋាន ១១) នីតិវិធី​ក្នុង​ភោជនីយដ្ឋាន ១២)​អនាម័យ សន្តិសុខ និង​សុវត្ថិភាព​ក្នុង​ភោជនីយដ្ឋាន​។​

​លោក ប៉ាក់ សុខុម រដ្ឋា​លេខាធិការ​ក្រសួង​ទេសចរណ៍ បាន​ថ្លែងថា បច្ចុប្បន្ន​វិស័យ​ទេសចរណ៍​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា ជា​មាន​បៃតង និង​ជា​ការនាំចេញ​នៅនឹងកន្លែង ដោយ​បាន​រួមចំណែក​ចូលរួម​អភិវឌ្ឍ សេដ្ឋកិច្ច និង​សង្គម តាមរយៈ​ការបង្កើត ប្រាក់ចំណូល​ជូន​ជាតិ បង្កើត​ការងារ ជំរុញ​ការវិនិយោគ និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ ។ លើសពីនេះ​ទៀត ទេសចរណ៍​ក៏​បាន​ចូលរួម​ចំណែក​លើក​កម្បស់​ថែរក្សា និង​អភិរក្ស​សម្បត្តិ​វប្បធម៌ និង​ធម្មជាតិ​របស់​ប្រទេស​ចូលរួម​កាត់បន្ថយ ការកើនឡើង​នៃ​កំដៅ​ភពផែនដី ព្រមទាំង​ទ្រទ្រង់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​លោក​បាន​បន្ថែមថា វគ្គ​បណ្តុះបណ្តាល​បដិសណ្ឋារកិច្ច​សម្រាប់​ខេត្ត​កំពត នឹង​ផ្តល់​នូវ​ចំណេះដឹង ជំនាញ និង​ឥរិយាបថ​ខ្ពស់ ដល់​យុវជន យុវនារី​កម្ពុជា ដើម្បី​អាច​ចូលរួម​អភិវឌ្ឍ​សមត្ថភាព ឲ្យ​កាន់តែ​ប្រសើរ​ឡើង ជា​ពិសេស​ជំរុញ​ការផ្តល់​សេវាកម្ម​ប្រកបដោយ ភាពកក់ក្តៅ​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ និង​ចូលរួម​លើកកម្ពស់​ខេត្តកំពត ជា​ខេត្ត​គោលដៅ​ទេសចរណ៍​សម្រាប់​បច្ចុប្បន្ន និង​អនាគត​។ ពាក់ព័ន្ធ​ទៅនឹង​កិច្ច​សហការ​ក្នុង​ភាព​ជា​ដៃគូរ​រដ្ឋ​និង​ឯកជន គណៈកម្មាធិការ​អ្នកជំនាញ​ទេសចរណ៍ នៃ​ក្រសួង​ទេសចរណ៍ បាន​ខិតខំ​ប្រឹងប្រែង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ និង​ដៃគូរ​អភិវឌ្ឍ ដើម្បី​ចូលរួម​ពង្រឹង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​៕ ​ដោយ​ ៖​ កូឡាប​

spot_img
×