Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​លែងៗ​យក​តែ​លុយ អ្នក​ចាប់​មុខ​ដដែល អ្នកលក់​មុខ​ដដែល ករណី​បង្ក្រាប​បទល្មើស​ជួញដូរ​សត្វព្រៃ នៅ​ខេត្ត​មណ្ឌលគិរី​

spot_img

​មណ្ឌលគិរី​ ៖ បទល្មើស​នៃ​ការជួញដូរ​សត្វព្រៃ នៅក្នុង​ខេត្ត​មណ្ឌលគិរី នៅតែ​បន្ក​កើតមាន​ជា​រៀងរាល់ថ្ងៃ បើទោះបីជា​កម្លាំង​សមត្ថ​កិច្វ និង​មន្ត្រី​ជំនាញ ព្រមទាំង​អង្គការ​អភិរក្ស​សត្វព្រៃ បាន​សហការ​គ្នា​ចុះ​បង្ក្រាប​ជា​ជារឿយៗ​ក្តី ធ្វើឲ្យ​មហាជន​ជាច្រើន នាំគ្នា​ងឿងឆ្ងល់​ថា ហេតុ​អ្វី​បទល្មើស​នេះ​នៅតែ​មាន​? ហើយ​ម្យ៉ាងទៀត អ្នកលក់​សាច់​សត្វព្រៃ​មុខ​ដដែលៗ​។​ ​ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​នោះ គឺ​ជនល្មើស​ដែល​កម្លាំងចម្រុះ​ចុះ​ចាប់​ឃាត់ខ្លួន​បាន​នោះ បែរជា​ត្រូវបាន​គេ​ដោះលែង​វិញ ដោយ​គ្រាន់តែ​ពិន័យ​ជា​ទឹកប្រាក់​តែប៉ុណ្ណោះ​។​

​ជាក់ស្តែង កាលពី​ថ្ងៃ​ទី​៨​សីហា ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​សត្វព្រៃ​ចល័ត​នៃ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ WILDLIIFEALLIANCE រួមជាមួយ​និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ បាន​ចុះ​ចាប់​ទីតាំង​ជួញដូរ​សត្វព្រៃ​ចំនួន​២​កន្លែង នៅ​កណ្តាល​ក្រុង​សែន​មនោ​រម្យ ដោយ​ដកហូត​បាន​សាច់​សត្វព្រៃ​ជាច្រើន​ប្រភេទ មាន​ទំងន់​សរុប​៧៦,៧​គីឡូក្រាម និង​ឃាត់ខ្លួន​អ្នក​លួច​ជួញដូរ​សាច់សត្វ​ទាំងនោះ បាន​ចំនួន​២​នាក់​។​

​យោងតាម​របាយការណ៍​សមត្ថកិច្ច ដែល​ចុះ​បង្ក្រាប​បទល្មើស​ខាងលើនេះ បានអោយដឹងថា ទី​តាំងទី​១​ស្ថិត​នៅក្នុង​ផ្សារ​គុម្ព​ឫស្សី ម្ចាស់​ឈ្មោះ សោម គឹម សាង ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មាន​ទីលំនៅ​ក្នុងភូមិ កណ្តាល សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ជា​មុខសញ្ញា​ចាស់ ដែល​សមត្ថកិច្ច​ធ្លាប់បាន​ចុះ​ចាប់​ម្តង​រួចមកហើយ កាលពី​៥​ខែ​មុន និង​ទី​តាំងទី​២ គឺ​ចាប់​នៅក្នុង​ផ្ទះ​របស់​ឈ្មោះ សាំង វុទ្ធី ភេទ​ប្រុស ស្ថិតនៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ​។​

​មន្ត្រី​ជំនាញ​បានឲ្យដឹងថា សត្វព្រៃ​ដែល​ចាប់​រួមមាន កាំ​ប្រម៉ា ៧.២០​គី​ឡូ សាច់ជ្រូក​ព្រៃ​ជាង​៤០​គី​ឡូ ក្តាន់​ញ៉ែង ៥​ក្បាល​ស្មើនឹង​៧,៥០ គីឡូក្រាម សាច់​ឈ្លូស​១៦​គីឡូក្រាម ក្រពះ​ប្រ​ម៉ាចំនួន​២ សាច់​សត្វព្រៃ​ទាំងអស់​នេះ ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី យក​ទៅ​ដុត​កម្ទេច​ចោល​។​

​លោក ជ័យ សុខា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ ប្រាប់ឲ្យដឹង​ថា “​ជនល្មើស​ទាំង​២​នាក់ មិន​ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង ព្រោះ​បទល្មើស​នេះ​ជា​ប្រភេទ​សត្វព្រៃ​ធម្មតា មិន​ចាត់​ចូល​ជា​ប្រភេទ​សត្វព្រៃ​កម្រ ដូច្នេះ ត្រឹមតែ​ពិន័យ​អន្តរកាល​ប៉ុណ្ណោះ​”​។​

​ជនល្មើស​ទាំង​២​នាក់​ដែល​កម្លាំង​ចម្រុះ​ចាប់​ឃាត់ខ្លួន​បាន​នោះ បែរជា​ត្រូវបាន​គេ​ដោះលែង​វិញ ដោយ​គ្រាន់តែ​ពិន័យ​ជា​ទឹកប្រាក់ សរុប​ចំនួន​៧.៥៤៤.០០០​រៀល​ប៉ុណ្ណោះ​។ ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​ជំនាញ​បែបនេះ ទើប​ជា​មូលហេតុ ធ្វើ​ឲ្យ​បទល្មើស​ជួញដូរ​សត្វព្រៃ នៅតែមាន ព្រោះ​វិធានការ​ផាកពិន័យ គ្មាន​ប្រសិទ្ធភាព​លើ​ក្រុម​ឈ្មួញ​នោះទេ ជាក់ស្តែង​ដូចជា ស្ត្រី​ឈ្មោះ សោម គឹមសាង ធ្នាប់​ត្រូវ​សមត្ថកិច្ច​ចាប់បាន និង​ពិន័យ​ជា​ប្រាក់ និង​ព្រមាន​ម្តង​រួចមកហើយ នៅតែ​បន្ត​លួច​រកស៊ី​ជួញដូរ​សត្វព្រៃ​នេះ​ដដែល រហូត​ដល់​ចាប់​បាន​ជា​លើក​ទី​២ នៅ​តែ​ត្រូវ​ដោះលែង​ទៀត ដូច្នេះ​បានន័យថា ចាប់​លែងៗ ត្រឹមតែ​ផាកពិន័យ​ប៉ុណ្ណោះ​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×