ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ ស្រុកកំពង់សីលា បានឲ្យដឹងថា កាលពីម៉ោងជាង ៧យប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៤៨-១៤៩ ភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
គ្រោះថ្នាក់នេះកើតឡើង រវាងរថយន្ត ២គ្រឿង និងម៉ូតូ ១គ្រឿង មានទិសដៅបញ្ច្រាស់ទិសគ្នា។
យោងតាមរបាយការណ៍បឋមពីកងរាជអាវុធហត្ថស្នាក់សន្តិសុខ ៤០២ ផ្លូវជាតិលេខ៤ និងនគរបាលមូលដ្ឋានស្រុកកំពង់សីលា បញ្ជាក់ថា ដំបូងភាគីរថយន្តម៉ាក ហាយឡេនឌ័រ មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ បានបុកប៉ះអ្នកបើកបរម៉ូតូ មានទិសដៅបញ្ច្រាស់គ្នា រួចរថយន្តបើករត់ទៅមុខបន្ត ហើយភ្លាមនោះ ក៏មានរថយន្ត ម៉ាកតូយ៉ូតា មេកុង អុិចហ្រ៊េ្វស ដែលមានទិសដៅស្របគ្នានឹងម៉ូតូ មកដល់បានបុកកិនទៅលើបុរសអ្នកបើកម៉ូតូ ដែលខ្ទាតចេញពីម៉ូតូ ស្លាប់ភ្លាមៗនៅក្រោមរថយន្ត។
ជនរងគ្រោះភាគីអ្នកបើកបរម៉ូតូសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1F-1868 ដែលស្លាប់នោះ ឈ្មោះ ទិន សុខជា ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិ ត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
ភាគីរថយន្តម៉ាកហាយឡេនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2P-2033 ដែលបើករត់ នគរបាលតាមឃាត់បានទាំងរថយន្តនិងអ្នកបើកបរជាជនជាតិចិន នៅចំណុចឃុំបិតត្រាំង ក្នុងស្រុកព្រៃនប់ និងបាននាំយកទៅកាន់នគរបាលចរាចរណ៍ ខេត្តព្រះសីហនុ ដើម្បីដោះស្រាយបន្ត។
ភាគីរថយន្តម៉ាកតូយ៉ូតា មេកុងអុិចហ្រ៊េ្វស ពាក់ស្លាកលេខ ភ្នំពេញ 2AB-3073 អ្នកបើកបរ បានរត់គេចបាត់ក្រោយពេលកើតហេតុ៕ ដោយ ៖ ដែនសីមា