Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកួត​ថ្លែង​សុន្ទរកថា​ភាសា​កូរ៉េ នឹង​ក្លាយទៅជា​គន្លឹះ​ដ៏​សំខាន់ ក្នុង​កិច្ចការ​ផ្លាស់ប្តូរ​វប្បធម៌

spot_img

​ភ្នំពេញ ​៖ ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​កម្មវិធី ប្រកួត​ថ្លែង​សុន្ទរកថា​ ភាសា​កូរ៉េ ជា​លក្ខណៈ​អន្តរជាតិ​លើក​ទី​២៣ ឆ្នាំ​២០១៨ នៅក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​សុក្រ ទី​១០ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ក្នុង​សាល​ពហុ​បំណង​(Multi-Purpose Hall) នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា កូរ៉េ (CKCC) ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

​លោកស្រី ក្វ​ន សូហ្យ​ន លេខា​ទី​២ នៃ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​ថា កម្មវិធី​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​ជា​បន្តបន្ទាប់​ជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ​១៩៩៦ ក្នុង​គោលបំណង​ដើម្បី​ជួយ​ជម្រុញ​ឲ្យ​ជនជាតិ​កូរ៉េ​ខាងជើង និង​ខាងត្បូង​សរុប​៧០​លាន​នាក់ និង​ប្រជាជន​កូរ៉េ​ដែល​កំពុង​រស់នៅ​បរទេស​សរុប​ប្រមាណ​ជា​៧,៥​លាន​នាក់ អាច​ប្រើប្រាស់​អក្សរ និង​និយាយ​ភាសា​កូរ៉េ​ឲ្យបាន​ត្រឹមត្រូវ​ច្បាស់លាស់​ល្អ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការរួបរួម​គ្នា​ដោយ​សន្តិភាព​របស់​ឧបទ្វីប​កូរ៉េ ព្រមទាំង​ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​នូវ​វប្បធម៌​ប្រទេស​កូរ៉េ និង​ភាព​អស្ចារ្យ​នៃ​អក្សរ​កូរ៉េ​។​

​កម្មវិធី​ក្នុងឆ្នាំនេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​កិច្ចសហការ​រួម​គ្នា​រវាង ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​, Korea Speech·Eloquence Association និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ព្រមទាំង​ទទួល​ការឧបត្ថម្ភ​គាំទ្រ​អំពី​ក្រសួងទេសចរណ៍​-​វប្បធម៌ និង​កីឡា​, ក្រសួង​អប់រំ​, ក្រសួងការបរទេស និង​ក្រសួង​បង្រួបបង្រួម​ជាតិ​កូរ៉េ​(Ministry of Unification)​។​

​នា​ដើម​ឆមាស​ទី​១ ក្នុង​ឆ្នាំនេះ ស្ថានទូត​កូរ៉េ បាន​ប្រារព្ធ​កម្មវិធី​ប្រកួត​សម្រាប់​ជ្រើសរើស​បេក្ខជន​-​បេ​ក្ខ​នារី​ឆ្នើម តំណាង​ប្រចាំ​តំបន់​-​ប្រទេស​ផ្សេងៗ ហើយ​ក្នុង​កម្មវិធី​ក្នុងថ្ងៃនេះ មាន​ការចូលរួម​ពី​បេក្ខជន​-​បេ​ក្ខ​នារី​សរុប​ចំនួន​៦៧​នាក់ ដែល​ក្នុង​ចំណោម​នោះ​មាន​បេក្ខជន​-​បេ​ក្ខ​នារី ជា​ជនជាតិ​បរទេស​ចំនួន​៣០​រូប មកពី ប្រទេស​វៀតណាម ម៉ាឡេស៊ី ម៉ុង​ហ្គ៊ោ​លី សិង្ហ​បុរី ជប៉ុន កម្ពុជា ចិន អូស្ត្រាលី ហុងកុង ឥណ្ឌា ថៃ ហ្វីលីពីន ឡាវ កៀហ្ស៊ី​ស៊ី​ស្ថាន និង​ឥណ្ឌូណេស៊ី ជាដើម រួម​ទាំង​បេក្ខជន​-​បេ​ក្ខ​នារី​ជនជាតិ​កូរ៉េ ដែល​កំពុង​រស់នៅ​បរទេស​ចំនួន​១២​រូប និង​បេក្ខជន​-​បេ​ក្ខ​នារី​ជនជាតិ​កូរ៉េ​ចំនួន​២៥​រូប តំណាង​ឲ្យ​ខេត្ត​ក្រុង​នានា​ក្នុង​ប្រទេស​កូរ៉េ​។

​បេក្ខជន​-​បេ​ក្ខ​នារី​ដែល​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​នេះ ធ្វើការ​ថ្លែង​សុន្ទរកថា ស្តី​អំពី​បំណងប្រាថ្នា ដើម្បី​ឲ្យមាន​ការរួបរួ​ម​គ្នា នៅ​ឧបទ្វីប​កូរ៉េ និង​ការប្រើប្រាស់​ភាសា​កូរ៉េ ក្នុងការ​ធ្វើ​ការប្រាស្រ័យ​ទាក់ទង នៅក្នុង​សកលលោក ហើយ​បេក្ខជន​-​បេ​ក្ខ​នារី ដែល​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ នឹង​ទទួលបាន​ពានរង្វាន់ ប្រធានាធិបតី សាធារណរដ្ឋ​កូរ៉េ និង​រង្វាន់​បន្ថែមទៀត ប្រមាណ​ជា ២​លាន​វ៉ុន​។​

​លោក​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អូ ណាក់​យ៉ុង (Oh Nak-young) បាន​មានប្រសាសន៍ថា ឆ្នាំនេះ​គឺជា​ខួប​ទី​២១ នៃ​ការបង្កើតឡើងវិញ នូវ​ទំនាក់ទំនង​ការទូត រវាង​សាធារណរដ្ឋ​កូរ៉េ និង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល​កន្លងមក​នេះ ប្រទេស​យើង​ទាំងពីរ បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ​ដូចជា នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌ ជាដើម ហើយ​ទៅ​ថ្ងៃ​អនាគត ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ នឹង​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ក្រោម​មូលដ្ឋានគ្រឹះ នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ជម្រុញ គោលនយោបាយ​ទិសដៅ​តំបន់​ខាងត្បូង​ថ្មី​។​

​លោក​បាន​ថ្លែងថា ការជួបគ្នា​រវាង​ប្រជាជន និង​ប្រជាជន គឺជា​ចំណុច​សំខាន់​នៃ​ការអភិវឌ្ឍន៍​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ គិត​ជា​មធ្យម​ប្រចាំឆ្នាំ មាន​ភ្ញៀវ​ទេសចរណ៍​កូរ៉េ និង​កម្ពុជា​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ឆ្លងទៅ​ប្រទេស​កម្ពុជា និង​កូរ៉េ​ក្នុង​មួយ​ឆ្នាំ​ប្រមាណ​ជា​៥០​ម៉ឺន​នាក់ ហើយ​ប្រជាជន​កម្ពុជា​ក៏បាន នឹង​កំពុងតែ​ផ្តល់​ចំណាប់​អារម្មណ៍​ស្តី​អំពីវ​ប្បធ​ម៌ និង​ភាសា​កូរ៉េ​កាន់តែខ្លាំង​ឡើង​ជា​លំដាប់​។ នៅក្នុង​ប្រទេស​កម្ពុជា មាន​សកល​វិទ្យាល័យ​ចំនួន​៥ ដោយ​រួមទាំង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផង​ដែរ បាន​បើកដេ​ប៉ាតឺ​ម៉ង់​ភា​សាកូរ៉េ ហើយ​ជា​រៀងរាល់ឆ្នាំ​មាន​ប្រជាជន​កម្ពុជា​ប្រមាណ​ជា ៥​ម៉ឺន​នាក់​បាន​ចូលរួម​ប្រលង​ធ្វើតេស្ត​សមត្ថភាព​ភាសា​កូរ៉េ​TOPIK ដែល​នេះ​បង្ហាញ​ឲ្យឃើញ​ថា​ប្រជាជ​ន​កម្ពុជា​មាន​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ស្តី​អំពី​ភាសា​កូរ៉េ​។

​មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ​ទេ ចំណាប់​អារម្មណ៍​ចំពោះ​ការពង្រីក​វប្បធម៌​និង​ភាសា​កូរ៉េ គឺជា​រលក​យ៉ាង​ទូលំទូលាយ​ពាសពេញ​លើ​សកលលោក​។ ប្រសិនបើ​យុវជន​ទូទាំង​ពិភពលោក និង​យុវជន​កូរ៉េ​កាន់តែ​យោគយល់​គ្នា​ទៅវិញទៅមក តាមរយៈ​ភាសា​នោះ ខ្ញុំ​ជឿជាក់​ថា វា​នឹង​ជួយ​ឲ្យ​ប្រទេស​នានា​លើ​សកលលោក កាន់តែ​មាន​ភាពជិតស្និទ្ធ​រវាង​គ្នា​នឹង​គ្នា ហើយ​វា​ក៏​នឹង​ចូលរួម​ចំណែក​ក្នុង​ការពង្រីក​សន្តិភាព​ពិភពលោក​ផង​ដែរ​។​

​លោក​បាន​បញ្ជាក់ថា “​ខ្ញុំ​សង្ឃឹមថា កម្មវិធី​ដែល​ត្រូវបាន​ប្រារព្ធ​ឡើង នៅក្នុង​ប្រទេស​កម្ពុជា​នា​ថ្ងៃនេះ នឹង​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ភាសា​កូរ៉េ ឲ្យបាន​កាន់តែ​ទូលំទូលាយ​ទៅ​ទូ​ទាំង​សកលលោក ព្រមទាំង​ក្លាយទៅជា​ជំនួយ ក្នុង​ការអភិវឌ្ឍ​វប្បធម៌​ផងដែរ ហើយ​សង្ឃឹម​ថា​កម្មវិធី​នេះ នឹង​ក្លាយទៅជា​គន្លឹះ​ដ៏​សំខាន់ ក្នុង​កិច្ចការ​ផ្លាស់ប្តូរ​វប្បធម៌ រវាង​សាធារណរដ្ឋ​កូរ៉េ ជាមួយនឹង​ប្រទេស​កម្ពុជា ក៏​ដូចជា​ប្រទេស​​នានា ផ្សេង​ទៀត​នៅក្នុង​សកលលោក​”​។​

​លោក​បណ្ឌិត ជេ​ត ជាលី សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិ​ន្ទ​ភ្នំពេញ បាន​មានប្រសាសន៍ថា ដេ​ប៉ាតេ​ម៉ង់​ភា​សាកូរ៉េ និង​ការសិក្សា​អំពី​កូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ គឺជា​ផ្នែក​មួយ​ក្នុងចំណោម ផ្នែក​ដេល​មាន​សន្ទុះ​រីកចម្រើន​គួរឲ្យកត់សម្គាល់​។ លោក​បាន​ថ្លែងថា “​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ពួកគេ​ទាំងអស់គ្នា ពិតជា​មាន​ចំណេះដឹង​ជ្រៅជ្រះ​ច្បាល់លាស់ ពី​ភាសា​កូរ៉េ​ហួស​ពី​ការប៉ាន់ស្មាន​របស់​យើង ហើយ​កត្តា​នេះ​នឹង​នាំឲ្យ​យើង​ទាំងអស់គ្នា ពិបាក​ធ្វើ​ការសម្រេចចិត្ត​ថា​បេក្ខជន​ណា ជា​អ្នក​ល្អ​ជាងគេ​”​ ៕ ដោយ​ ៖​ កូឡាប​

  

spot_img
×